តើវិស័យអចលនទ្រព្យនៅកម្ពុជាឈានដល់វដ្តថ្មីមួយយ៉ាងដូចម្តេច?

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ វិស័យអចលនទ្រព្យកម្ពុជា បានទទួលមេរៀនដ៏ល្អប្រសើរមួយកាលពីមួយទសវត្សរ៍មុន និងបានកំពុងវិវត្សរ៍ទៅរកសករាជមាសជាថ្មី ជាមួយនឹងធនធានមនុស្សក្នុង​វិស័យនេះកាន់តែត្រូវបានពង្រឹង និងគំរោងវិនិយោគនានាកាន់តែផ្តោតលើគុណភាព និងតម្រង់ទៅកាន់ទីផ្សារមួយដែលកាន់តែមានទំនុកចិត្ត។

អ្នកវិនិយោគនិងជំនាញអចលនទ្រព្យមួយរូប ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបុរីបានមានប្រសាសន៍ឲ្យដឹងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា វិស័យនេះនៅតែបង្ហាញសញ្ញារឹងមាំ​នៅឡើយ ដោយសារការលក់លំនៅដ្ឋានបានកើនឡើង និងតំលៃដីធ្លីនៅតំបន់់មួយចំនួនបានបន្តកើនឡើង។

លោកបន្តថា “វាមិនមានអ្វីគួរឲ្យព្រួយបារម្ភទេ នេះជាវដ្ដធម្មតាមួយរបស់វិស័យនេះ នៅពេលវាកើនឡើងដល់កំពូល វាតែងតែធ្លាក់ចុះមកវិញ”។ លោកបន្តថា “ប្រទេសណា ក៏ដូចជាប្រទេសណាដែរ តែងប្រឈមបទពិសោធន៍បែបនេះ ប៉ុន្តែប្រ​សិនជាយើងមើលរយៈពេលវែង វិស័យសំំណង់និងអចលនវត្ថុកម្ពុជានៅតែមានសក្តានុពល”។

អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បាន​ថ្លែងថា សញ្ញានៃការវិនិយោគឆ្នាំនេះ មិនសូវល្អប្រសើរ មិនមែនដោយសារការបោះឆ្នោត​នោះទេ ប៉ុន្តែវាដោយសារកត្តាទីផ្សារខ្លួនឯង ព្រោះប៉ុន្មានឆ្នាំមកនេះមានគំរោងវិនិយោគ​ច្រើន ដែលបាននិងកំពុងចាប់ផ្តើមដាក់ចូលទីផ្សារ។ ហេតុនេះវាត្រូវការពេលវេលា ដើម្បីឲ្យគំរោងទាំងនោះស្រូបយកតម្រូវការសិន ទើបអ្នកវិនយោគថ្មីៗអាចចាប់ផ្តើមគំរោងរបស់ពួកគេបន្តទៀត។

អ្នកនាងបន្តថា “ទីផ្សារនៅតែមានតម្រូវការ ពិសេសខុនដូបានបញ្ចប់ឬជិតបញ្ចប់ការសាងសង់ ព្រោះអ្នកវិនិយោគបច្ចុប្បន្ន ពួកគេមិនចង់ចំណាយលុយហើយរង់ចាំទេ ពួកគេចង់ទិញគំរោងដែលសាងសង់រួច និងជិតបញ្ចប់ការសាងសង់”។

លើកឡើងស្រដៀងគ្នានេះ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ាលី ហ៊ួរបានថ្លែងថា នៅពេលនិយាយពីការអភិវឌ្ឍន៍វិស័យលំនៅដ្ឋាន គេត្រូវមើលស្ថានភាពសេដ្ឋកិច្ច និងទីផ្សារជាក់ស្តែង ព្រោះពេលនេះតំលៃលំនៅដ្ឋាន និងខុនដូប្រណីតៗពិបាកលក់​ចេញ ប៉ុន្តែទីផ្សារលំនៅដ្ឋានសម្រាប់ប្រជាជន មានប្រាក់ចំណូលមធ្យមកម្រិតទាប និងប្រាក់ចំណូលទាបនៅតែមានតម្រូវការច្រើន ព្រោះមនុស្សក្នុងក្រុមនេះមានចំនួន​ច្រើននៅកម្ពុជា។

លោកបន្តថា “អ្វីសំខាន់ដែលយើងគួរនិយាយផងដែរនោះ គឺទីតាំងរបស់គំរោង ព្រោះបើគំរោងណាមួយស្ថិតនៅចំទីតាំងល្អ គំរោងនោះនឹងទទួលបានជោគ​ជ័យ”។

ស្រដៀងនឹងអ្វីដែលលោកឧកញ៉ាលី ហ៊ួរលើកឡើងដែរ លោកឧកញ៉ាសៀ​ រិទ្ឋីដែលបាននិងកំពុងវិនិយោគគំរោង The Bridge, The PeAk និងគំរោង KOWLOON BAY តំលៃរាប់រយលានដុល្លារបានថ្លែងថា គំរោងរបស់លោកមិនមាន​បញ្ហាអ្វីឡើយ ព្រោះគំរោងរបស់លោកផ្តោតសំខាន់លើទីផ្សារក្នុងស្រុក មិនផ្តោតលើទីផ្សារក្រៅប្រទេសខ្លាំងនោះទេ។

លោកបន្តថា “គំរោងរបស់ខ្ញុំនិមួយៗផ្តោតលើទីតាំង ទីតាំង និងទីតាំង ព្រោះទីតាំងមានសារៈសំខាន់ណាស់ ដើម្បីឲ្យអ្នករស់នៅមានភាពងាយស្រួល ហើយយើ​ងនឹងបន្ថែមភាពងាយស្រួល ដល់អតិថិជនមកទិញគំរោងរបស់យើង តាមរយៈការផ្តល់សេវាកម្មដែលជាមូលដ្ឋាននៃការរស់នៅ និងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់”។លោកបន្តថា “អាចមានគំរោងដទៃទៀតមានបញ្ហាក្នុងការលក់ ក្នុងដំណាក់កាលនេះ ប៉ុន្តែគំរោងរបស់ខ្ញុំមិនមានបញ្ហានោះទេ ព្រោះបើខ្ញុំព្រួយបារម្ភពីបញ្ហានេះ ខ្ញុំមិន​បន្តវិនិយោគទេ”។

ទោះជាមើលឃើញពីសកម្មភាពថមថយល្បឿននៃការទិញលក់ និងមិនសូវមានគំរោងថ្មីៗប្រកាសក៏ដោយ ក៏ទុនវិនិយោគនៅក្នុងវិស័យនេះនៅឆ្នាំនេះ បានធ្លាក់ចុះយ៉ាងគំហុក ខណៈឆ្នាំមុនទុនវិនិយោគក្នុងវិស័យនេះ មានទំហំទឹកប្រាក់ជាង៦៤០០លានដុល្លា​រអាមេរិក។

លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា ទីផ្សារអចលនទ្រព្យកម្ពុជាកាន់តែមានការវិវត្តន៍ និងទាមទារទំនុកចិត្តកាន់តែខ្ពស់ ព្រោះថានៅពេលនេះ ប្រសិនជាម្ចាស់គំរោងណាមួយសាងសង់ចប់ ឬមាន​ទឹកប្រាក់គ្រប់គ្រាន់ ដើម្បីបញ្ចប់គំរោងរបស់ខ្លួន គម្រោងរបស់ពួកគេនឹងទទួល​បានជោគជ័យ ផ្ទុយទៅវិញគំរោងដែលមិនទាន់សាងសង់ ហើយប្រកាសលក់ និងចាំយកប្រាក់ពីអតិថិជនមកសាងសង់ មិនទទួលបានជោគជ័យនោះទេ។

លោកបន្តថា “ពេលនេះកម្ពុជាត្រូវការអ្នកវិនិយោគពិតប្រាកដ ជាអ្នកវិនិយោ​គដែលមានទឹកប្រាក់គ្រប់គ្រាន់ ដើម្បីបញ្ចប់គំរោងរបស់ពួកគេ ហើយពួកគេនឹង​ជោគជ័យនៅពេលពួកគេសាងសង់ចប់”។លោកបន្តថា “ទោះលក់បានយឺតក៏ដោយ ក៏ពួកគេមិនប្រឈមបញ្ហាជាប់គាំងកណ្តាលទីនោះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here