ដោយ វុត្ថា
ភ្នំពេញ៖ ដោយសារក្រុងភ្នំពេញរីកចម្រើនយ៉ាងឆាប់រហ័ស ពិសេសវត្តមានអាគារខ្ពស់កំពុងលូតទៅលើមេឃរាល់ថ្ងៃ បានធ្វើឲ្យក្រុមប្រឹក្សាពាណិជ្ជកម្មអឺរ៉ុប (Eurocham) ចាប់អារម្មណ៍ និងចាប់ផ្តើមរៀបចំសន្និសីទជាលើកដំបូងនៅកម្ពុជា នៅសប្តាហ៍ក្រោយនេះ។
EuroCham នឹងរៀបចំវេទិកាអគារខ្ពស់ជាលើកដំបូងនៅកម្ពុជា នាថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១៨ សប្តាហ៍ក្រោយនេះ នៅសណ្ឋាគារ Sofitel រាជធានីភ្នំពេញ ដោយសហការជាមួយក្រុមប្រឹក្សាអគារខ្ពស់ និងលំនៅដ្ឋានប្រជុំជន (CTBUS)។
វេទិការនេះ នឹងមានការចូលរួមពីអ្នកជំនា្ញអន្តរជាតិ ដែលមានការយល់ដឹងច្រើនលើផ្នែកសំណង់ស្ថាបត្យកម្ម និងវិស្វកម្ម។ នេះគឺជាឱកាសដ៏កម្រមួយ ដើម្បីទទួលបាននូវទិដ្ឋភាពស៊ីជម្រៅអំពីការរចនា និងការសាងសង់អាគារខ្ពស់ៗ និងផលប៉ះពាល់លើបរិយាកាសទីក្រុង។
ជាមួយគ្នានេះ ក៏មានសំណួរ និងចម្លើយ នៅក្នុងវគ្គនីមួយៗផងដែរ ដែលអាចផ្តល់វាឱកាសជាច្រើន សម្រាប់អ្នកចូលរួមក្នុងការចោទសួរ និងពិភាក្សាអំពីអនាគតនៃអគារខ្ពស់កប់ពពកនៅកម្ពុជា៕