ស្ថាបត្យកម្ម​ដ៏​កំពូល Burj Khalifa អគារ​កប់​ពពក​ខ្ពស់បំផុត​ក្នុង​លោក មាន​ប្រវត្តិ​បែបណា និង​គូរ​ប្លង់​ដោយ​ស្ថាបត្យករ​រូប​ណា?

0

ដោយៈ​ឧ​ត្ត​ម

ឌូ​បៃ:  ប្រិយមិត្ត​អ្នកអាន​មួយចំនួន​ប្រហែលជា បានដឹង​រួចមកហើយ​ថា អគារ​ដែល​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ពិភពលោក គឺ​នៅក្នុង​ទីក្រុង​ឌូ​បៃ នៃ​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត ជា​ប្រទេសមួយ ដែល​ស្ថិតក្នុង​តំបន់​មជ្ឈិមបូព៌ា (Middle East) ប៉ុន្តែ​ប្រហែលជា​មិន​បានដឹង​ច្បាស់​ពី​ប្រវត្តិ​របស់​វា​ឡើយ។ អញ្ចឹង​តោះ! មក​ស្គា​ល់ពី​ប្រវត្តិ​របស់​វា​ទាំងអស់គ្នា!។

អគារ Burj Khalifa  ដែលមាន​កម្ពស់​សរុប​រហូតដល់​ទៅ៨២៩,៨ម៉ែត្រ ដោយ​មិន​រាប់បញ្ចូល​អង់​តែ​ន ប៉ុន្តែ​រាប់បញ្ចូល​ទាំង​ចុង​កំពូល​កម្ពស់២៤៤ម៉ែត្រ​នេះ បាន​យកឈ្នះ​អគារ​ពាណិជ្ជកម្ម​ពិភពលោក​ក្រុង​តៃប៉ិ (Taipei World Financial Center) ដែល​គេ​ស្គាល់​ទូទៅ​ថា Taipei 101 ក្លាយជា​អគារ​ខ្ពស់បំផុត​ក្នុង​ពិភពលោក​នៅ​ឆ្នាំ២០០៩ ។

ដំណើរការ​សាងសង់​អគារ​នេះ បាន​ចំណាយ​អស់​ទុន​រហូតដល់​ទៅ១,៥ពាន់​លាន​ដុល្លារ​នេះ ដោយ​ការសាងសង់​បានចាប់ផ្ដើម​នៅ​ថ្ងៃទី៦ ខែមករា ឆ្នាំ២០០៤ ហើយ​បានបញ្ចប់​ជា​ស្ថាពរ​នៅ​ថ្ងៃទី១ ខែតុលា ឆ្នាំ២០០៩ ។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​នព ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ថ្ងៃទី៤ ខែមករា ឆ្នាំ២០១០ ជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍន៍​ថ្មី​មួយ​ឱ្យ​ឈ្មោះថា Downtown Dubai ។

ការសម្រេច​សាងសង់​អគារ​នេះ ធ្វើឡើង​ដោយ​ផ្អែកលើ​សេចក្ដីសម្រេច​របស់​រដ្ឋា​ភិ​បាល ក្នុង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ដើម្បី​កាត់បន្ថយ​ការពឹង​ផ្អែកលើ​វិស័យ​ប្រេង និង​ដើម្បី​ធ្វើឱ្យ​ក្រុង​ឌូ​បៃ មានឈ្មោះ​ល្បីល្បាញ​ពាសពេញ​ពិភពលោក។

តាមពិតទៅ អគារ​នេះ​មានឈ្មោះ​ដើម​ថា Burj Dubai ប៉ុន្តែ​ក្រោយមក​បាន​ប្ដូរ​ឈ្មោះ​មកជា​អគារ Burj Khalifa វិញ នៅ​មុនពេល​សម្ពោធ​ជា​ផ្លូវការ ដើម្បី​គោរព​ដល់ Khalifa bin Zayed Al Nahyan ដែលជា​ស្ដេចត្រាញ់ នៃ​ក្រុង​អា​ប៊ូ​ដា​ប៊ី (Abu Dhabi) និង​ជា​ប្រធានាធិបតី​នៃ​ប្រទេស​អារ៉ាប់​រួម​អ​មី​រ៉ា​ត។

អគារ​នេះ​ត្រូវបាន​ឌី​ហ្សា​ញ​ឡើង ដោយ​កំពូល​ស្ថាបត្យករ​ជនជាតិ​អាមេរិក លោក Adrian D. Smith មកពី​ក្រុមហ៊ុន​ស្ថាបត្យកម្ម នគរូបនីយកម្ម និង​វិស្វកម្ម​ពិភពលោក Skidmore, Owings & Merrill (SOM) ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក។

ក្រុមហ៊ុន​នេះ ធ្លាប់បាន​ឌី​ហ្សា​ញ​អគារល្បីៗជាច្រើន រួមមាន ទាំង​អគារ​កម្ពស់១០៨ជាន់​Willis Tower នៅ​ឈី​កា​ហ្គោ និង​អគារ​ពាណិជ្ជកម្ម​ពិភពលោក​ថ្មី នៅ​ញូវយ៉ក One World Trade Center ជាដើម។

ក្រុមហ៊ុន​ហូ​ឡង់ Hyder Consulting ត្រូវបាន​ជ្រើសរើស ឱ្យធ្វើជា​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​វិស្វកម្ម ចំណែកឯ​ក្រុមហ៊ុន​អារ៉ាប់​រួម​អេ​មី​រ៉ា​ត NORR Group Consultants International Limited ត្រូវបាន​ជ្រើសរើស​ឱ្យធ្វើជា​អ្នកគ្រប់គ្រង ផ្នែក​ស្ថាបត្យកម្ម​នៃ​គម្រោង​នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here