ទីក្រុង​រណប​ចំនួន៨នៅ​ក្រុងភ្នំពេញ​ណាខ្លះ​បាន​ប្តូរ​ឈ្មោះ និង​កំពុងមាន​ល្បឿនអភិវឌ្ឍន៍​ដូចម្តេច?

0

ដោយៈ​ស៊ីវ ម៉េង

ភ្នំពេញៈ រាជធានី​ភ្នំពេញ​មាន​ទីក្រុង​រណប​ច្រើន ប៉ុន្តែ​យើង​សូម​លើក​យកតែ​ទីក្រុង​ចំនួន៧ប៉ុណ្ណោះ យកមក​បង្ហាញ​ខណៈ​ទីក្រុង​ខ្លះ​បាន​ប្តូរ​ឈ្មោះ ប្តូរ​ម្ចាស់ ប៉ុន្តែ​សកម្មភាព​នៃ​ការអភិវឌ្ឍ​ទីក្រុង​ទាំងនោះ​កំពុង​ឆ្ពោះទៅមុខ និង​ខ្លះ​ជាប់គាំង។

តើ​គម្រោង​ទីក្រុង​រណបធំៗទាំង៨ ដែល​អនុម័ត​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​កំពុងដំណើរការ​ដូចម្តេច និង​ក្រុង​ណាខ្លះ​បាន​ប្តូរ​ឈ្មោះ?

ទី១ ទីក្រុង​រណប CAMKO

នេះ​ជា​ម្ចាស់​គម្រោង​ទីក្រុង​រណប​ទី១នៅ​ក្រុងភ្នំពេញ ស្ថិតនៅ​បឹង​ពោង​ង​ពាយ ជា​តំបន់​លិច​ទឹក ដែល​បាន​ចាក់​ខ្សាច់​បំពេញ ប៉ុន្តែ​រហូតមកទល់​ពេលនេះ​តំបន់​នេះ​បាន​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កណ្តាល​ក្រុង​ទៅវិញ។

CAMKO CITY ដែល​បាន​វិនិយោគ​ក្រុមហ៊ុន WORLD CITY របស់​ប្រទេស​កូរ៉េខាងត្បូង គ្រោង​វិនិយោគ​ប្រមាណ២ពាន់​លាន​ដុល្លារ​អាមេរិក មាន​ផ្ទៃក្រឡា​សាងសង់១១៩ហិកតា ស្ថិតនៅក្នុង​តំបន់​អភិវឌ្ឍន៍ បឹង​ពោងពាយ ខណ្ឌឫស្សីកែវ ខាងជើង​រាជធានី​ភ្នំពេញ។

ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ​រហូតមកទល់​ពេលនេះ​ទីក្រុង CAMKO CITY បាន​ជាប់គាំង ដោយសារ​ជម្លោះ។

ទី២ ទីក្រុង Grand International City

វា​ជា​គំរោង​ទីក្រុង​រណប​ដំបូង​គេ ដែល​បាន​ប្តូរ​ម្ចាស់ បន្ទាប់ពី​លោក​ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Cambodia YNP និង​ដៃគូ​វិនិយោគ​ជនជាតិ​ឥណ្ឌូនេស៊ី បាន​លក់​ជូន​ក្រុមហ៊ុន​ជីប ម៉ុង​គ្រុប។

តម្លៃ​គម្រោង​ចុះបញ្ជី​ទុនវិនិយោគ​ដំបូង៦០០លាន​ដុល្លារ​អាមេរិក និង​មាន​ផ្ទៃក្រឡា​សាងសង់២៦០ហិកតា ស្ថិតនៅ​សង្កាត់​ឃ្មួញ ខណ្ឌឫស្សីកែវ ខាងជើង​រាជធានី​ភ្នំពេញ។

រហូតមកដល់​ពេលនេះ ទីក្រុង​រណប​ហ្គ្រេ​ន​ភ្នំពេញ បាន​អភិវឌ្ឍ​សាងសង់​ជាច្រើន​ដូចជា លំនៅដ្ឋាន វីឡា ផ្ទះល្វែង សួន​ទឹក ទីលាន​វាយ​កូន​ហ្គោល ដែល​គម្រោងនីមួយៗ ចំណាយ​ទឹកប្រាក់​រាប់រយ​លាន​ដុល្លារ​អាមេរិក។

ទី៣ ទីក្រុង​រណប​កោះ​ពេជ្រ

វា​ជាទី​ក្រុង​ដែលមាន​ការអភិវឌ្ឍ​លឿន​ជាងគេ និង​បច្ចុប្បន្ន​ក្លាយជា​បណ្តុំ​លំនៅដ្ឋាន​សម្រាប់​អភិជន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម អាគារ​សហកម្ម​សិ​ទ្ឋ​ជាដើម។

ក្រុមហ៊ុន​វិនិយោគ​គំរោង​នេះ គឺ​ក្រុមហ៊ុន OCIC ដែលមាន អ្នកឧកញ៉ា ពុង ឃាវ​សែ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល។

តម្លៃ​គម្រោង​ចុះបញ្ជី​ទុនវិនិយោគ១ពាន់​លាន​ដុល្លារ​អាមេរិក ផ្ទៃក្រឡា​សាងសង់​ជិត១០០ហិកតា ស្ថិតនៅតាម​បណ្តោយ​ទន្លេបាសាក់ សង្កាត់​ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ។

បើតាម​លោក​ទូច សំ​ណា ង​អគ្គនាយករង​ក្រុមហ៊ុន OCIC បាន​មានប្រសាសន៍​ឲ្យ​ដឹងថា បច្ចុប្បន្ន​ផ្ទៃដី​លើ​ទីក្រុង​កោះ​ពេជ្រ​ទាំងមូល ទើប​ប្រើប្រាស់​បាន​អស់៥០ភាគរយ​ប៉ុណ្ណោះ ខណៈ​សំណង់​អាគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជាច្រើន​ទៀត នឹង​សាងសង់​នៅលើ​ទីក្រុង​នេះ។

ទី៤ ទីក្រុង​រណប Phnom Penh City Center

ជា​អតីត​បឹង ដែលមាន​ទំហំ​ធំជាងគេ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ Phnom Penh City Center បាននិងកំពុង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​យ៉ាង​រស​រវើក ជាមួយនឹង​ផ្សារ​បែប​សហគមន៍ សាល​ពិ​ព៌​ណ​រថយន្ត អាគារ​ខុន​ដូ និង​លំនៅដ្ឋាន​លេចឡើង​យ៉ាង​ស្រស់បំព្រង ដែល​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​ក្នុង​កម្រិតស្តង់ដា​ជាង​មុន។

Phnom Penh City Center ជាក​ម្មសិ​ទ្ឋ​របស់លោក​ឧកញ៉ា ឡៅ ម៉េង​ឃិន ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ស៊ូ​កា​គូ​អ៊ី​ន តម្លៃ​គម្រោង​ចុះបញ្ជី​ទុនវិនិយោគ១៥០០លាន​ដុល្លារ​អាមេរិក ដែលមាន​ផ្ទៃក្រឡា​សាងសង់១១៤ហិកតា។


ទី៥ ទីក្រុង​រណប​ជ្រោយចង្វារ
ទីក្រុង​នៃ​អនាគត

ក្រុមហ៊ុន OCIC ជា​ក្រុមហ៊ុន​លំដាប់​យក្ស​ក្នុងស្រុក ដែល​បាននិងកំពុង​វិនិយោគ​ទីក្រុង​រណប​នេះ​ផងដែរ ដោយ​ទំហំ​ទុនវិនិយោគ​នឹង​កើន​ដល់៦០០០លាន​ដុល្លារ​អាមេរិក នាពេល​អនាគត។

អ្នក​អភិវឌ្ឍន៍​គម្រោង​នេះ ជា​អ្នកឧកញ៉ា ពុង ឃាវ​សែ នៃ​ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន​បណ្តាក់ទុន​វិនិយោគ​កម្ពុជា​ក្រៅប្រទេស។

គំរោង​នេះ​មាន​ទំហំ​ជាង១០០ហិកតា ស្ថិតនៅ​សង្កាត់​ទន្លេ​ជ្រោយចង្វារ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។

ទីក្រុង​រណប​នេះ កំពុងដំណើរការ​ទៅមុខ​យ៉ាង​រលូន ក្នុង​គម្រោង​ប្លង់​មេ និង​មានការ​សាងសង់​អគារ​ពាណិជ្ជកម្មធំៗ ផ្សារ​ទំនើប លំនៅដ្ឋានប្រណីតៗ អគារ​ស្នាក់នៅ​រួម និង កន្លែង​កំសាន្តផ្សេងៗទៀត។ តាម​ការប៉ាន់ស្មាន នឹង​ប​ពា្ច​ប់​គម្រោង​សាងសង់​ក្នុង​ឆ្នាំ២០២៦ ។

លោក​ទូច សំណាង អគ្គនាយករង​ក្រុមហ៊ុន OCIC ធ្លាប់បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ទីក្រុង​រណប​នេះ មាន​ទស្សនទាន​អភិវឌ្ឍន៍​ជាទី​ក្រុង​ឆ្លាត​វៃ ដោយ​ក្រុមហ៊ុន​បានរៀបចំ​នូ​វប្រ​ព័​ន្ឋ​បណ្តាញ​អគ្គិសនី បណ្តាញ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ក្រោម​ដី នឹងមាន​ការបែងចែក​រវាង​ទឹកភ្លៀង និង​ទឹក​ស្អូ​យ​ដាច់ពីគ្នា។

បច្ចុប្បន្ន​ស្ពាន​យោង​ដោយ​ខ្សែកាប​មួយ នឹង​សាងសង់​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ៥ ទៅកាន់​ទីក្រុង​រណប ដែល​កំពុង​រីកចម្រើន​នេះ។

លោក​ទូច សំណាង​បាន​ឲ្យ​ដឹងថា ការអភិវឌ្ឍ​ទីក្រុង​ជ្រោយចង្វារ នឹងធ្វើ​ឡើងជា​តំបន់​ពាណិជ្ជកម្ម លំនៅដ្ឋាន ដែលមាន​ភាពស្រដៀងគ្នា​នឹង​តំបន់​ពាណិជ្ជកម្ម​លើ​មហាវិថី​ព្រះមុនីវង្ស។

 ទី៦ ទីក្រុង​រណប​តេ​ជោ​មរកត

វា​ជាទី​ក្រុង​ថ្មី​មួយ ដែលមាន​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋធំៗជាច្រើន​ត​ភ្ជាប់ គឺ​ផ្លូវជាតិ​លេខ៥ និង​ផ្លូវជាតិ​លេខ៦អា ដែល​បច្ចុប្បន្ន​គំរោង​នេះ​បាននិងកំពុង​មាន​សន្ទុះ​រីកចម្រើនបណ្តើរៗ តាមរយៈ​ការសាងសង់​វិមាន​ឈ្នះ ឈ្នះ ការសាងសង់​ពហុកីឡាដ្ឋាន​មរតក​តេ​ជោ ការបញ្ចប់​នូវ​សួនសត្វ​សា​ហ្វា​រី វើ​ល​ដ៏ និង​សួន​ទឹក​ដ៏​ធំ ដែល​ជាប់​លំដាប់ថ្នាក់​ទី២ក្នុង​តំបន់​អាស៊ាន។

អ្នកឧកញ៉ា លី យ៉ុង​ផាត់ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ ក្រុមហ៊ុន LYP Group ជា​អ្នក​អភិវឌ្ឍន៍​គម្រោង​នេះ ដែល​តម្លៃ​គម្រោង​ចុះបញ្ជី​ទុន​ដំបូង មាន​ទំហំ១៥០០លាន​ដុល្លារ​អាមេរិក​ផ្ទៃក្រឡា​សាងសង់​ជាង១០០០ហិកតា ស្ថិតនៅ​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។

ទី៧ ទីក្រុង​រណប ING City

វា​ជាទី​ក្រុង​រណប​ដំបូង​គេ ដែល​បានប្រែក្លាយ​សក្តានុពល នៅ​ភាគខាងត្បូង​រាជធានី​ភ្នំពេញ ដែល​ទីក្រុង​រណប​នេះ​កំពុងមាន​ការរីកចម្រើន​យ៉ាង​លឿន ដោយ​បច្ចុប្បន្ន​មាន​បុរី​លំនៅដ្ឋាន​ជាច្រើន រួម​នឹង​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​ដូចជា AEON Mall3 ផ្សារ​ទំនើប​ជីប ម៉ុង ផ្សារ​ទំនើប Peng Huoth Diamond និង​គំរោង​លំនៅដ្ឋាន​សហកម្ម​សិ​ទ្ឋ​ជាច្រើន។

អ្នក​អភិវឌ្ឍន៍​គំរោង​នេះ គឺ​លោក​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន ING HOLDINGS។ តម្លៃ​គម្រោង​ចុះបញ្ជី​ទុនវិនិយោគ ២ពាន់​លាន​ដុល្លារ​អាមេរិក​ផ្ទៃក្រឡា​សាងសង់២៥៧២ហិកតា ស្ថិតនៅក្នុង​ខណ្ឌមានជ័យ ខណ្ឌដង្កោ។

គំរោង​ទីក្រុង​រណប​ធំជាងគេ​នេះ អភិវឌ្ឍន៍​ឡើងលើ​តំបន់ ដែល​ស្ថិតក្នុង​បឹង​ធម្មជាតិ​ចំនួន​ពីរ គឺ​បឹងទំពុន និង​បឹង​ជើងឯក ក្នុង​រាជធានី​ភ្នំពេញ។

ក្រុមហ៊ុន​បាន​សាងសង់​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ក្រវាត់​ទីក្រុង​រណប​នេះ ដូចជា ផ្លូវ៦០ម៉ែត្រ​ឬ​មហា​វិធី​សម្តេច​តេ​ជោ​ហ៊ុន សែន មហាវិថី​សម្តេច​ហ៊ុន នាង និង​មហាវិថីធំៗជាច្រើន​ទៀត។

អ្នកជំនាញ​អន្តរជាតិ​បាន​លើកឡើងថា ពួកគេ​មាន​សុទិដ្ឋិនិយម​ថា តំបន់​នេះ​នឹង​ក្លាយ​ជាម​ជ្ឈ​ម​ណ្ធ​ល​ពាណិជ្ជកម្ម​ធំជាងគេ និង​រស​រវើក​ជាងគេ​នាពេល​អនាគត​ដោយសារ​វា​ជា​តំបន់​ថ្មី ដែល​ផ្តល់​ភាពងាយស្រួល​ក្នុងការ​រៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​នានា។


ទី៨ ទីក្រុង​រណប​កោះនរា

ទីក្រុង​រណប​នេះ ក៏​បាននិងកំពុង​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន OCIC ផងដែរ ដែល​បច្ចុប្បន្ន​ទីក្រុង​នេះ មិនទាន់​លេចចេញ​ជា​រូបរាង​ច្បាស់​នៅឡើយ​ទេ ដោយសារ​ក្រុមហ៊ុន​កំពុង​រៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ តាមរយៈ​ការចាក់​ថ្ម ចាក់​ខ្សាច់​បំពេញ ដែល​គ្រាន់តែ​ការចំណាយ​ប្រា​ក់លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ទាំងនេះ ចំណាយ​ប្រាក់​អស់​ប្រមាណ២០០០លាន​ដុល្លារ​អាមេរិក។

បច្ចុប្បន្ន​ស្ពាន​ដ៏​ស្រស់ស្អាត​មួយ ត​ភ្ជាប់​រវាង​ទីក្រុង​កោះ​ពេជ្រ និង​ទីក្រុង​កោះនរា​បាននិងកំពុង​សាងសង់​យ៉ាងសកម្ម ខណៈ​ការរៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ទីក្រុង​ទាំងមូល​នឹង​បញ្ចប់​នៅ​ឆ្នាំ២០២៣ខាងមុខនេះ។

បើតាម​លោក​ទូច សំណាង អគ្គនាយករង​ក្រុមហ៊ុន OCIC បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ទីក្រុង​រណប ដែលមាន​ផ្ទៃដី១២៥ហិកតា​នេះ មាន​ទស្សនទាន​អភិវឌ្ឍន៍​ស្រដៀង​គ្នា​នឹង​ទីក្រុង​កោះ​ពេជ្រ។

លោក​បន្តថា “បច្ចុប្បន្ន​ម្ចាស់​ដី​មួយចំនួន ដែល​ស្ថិតនៅ​ក្បាលកោះ​ទល់មុខ​នឹង​ទីក្រុង​កោះ​ពេជ្រ អាច​សាងសង់​គម្រោង​របស់​ពួកគេ​បានបណ្តើរៗហើយ ដោយសារ​ការចាក់ដី​បំពេញបាន​បញ្ចប់” ។ លោក​បន្តថា “នៅ​ខែមិថុនា​ខាងមុខនេះ ក្រុមហ៊ុន​នឹង​ប្រកាស​គំរោង​ធំ​មួយ ដែល​នឹង​សាងសង់​លើ​ទីក្រុង​នេះ ប៉ុន្តែ​ទោះជា​យ៉ាងណា​លោក​មិនទាន់​បង្ហើប​ឲ្យ​ដឹង​ពី​គម្រោង​នេះ​នៅឡើយ​ទេ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here