ដោយៈ ម៉ាណេត
ភ្នំពេញៈ គម្រោងសណ្ឋាគារ Hilton Phnom Penh ដែលមាន២៨០បន្ទប់ និងនៅចំកណ្តាលរាជធានីភ្នំពេញ គ្រោងនឹងដាក់ដំណើរនៅឆ្នាំ២០២២ នេះ។ នេះបើយោងតាមការចុះផ្សាយគេហទំព័រ Hospitalitynet កាលពីថ្មីៗនេះ។
ក្រុមហ៊ុនបដិសណ្ឋារកិច្ច Hilton របស់អាមេរិក ដែលជាក្រុមហ៊ុនបដិសណ្ឋារកិច្ចដ៏ល្បីឈ្មោះមួយនៅលើពិភពលោក និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្រុមហ៊ុន GFC Company Limited បានប្រកាសចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាមួយគ្នា ក្នុងការបើកដំណើរការសណ្ឋាគារថ្មីមួយនេះ នៅចំកណ្តាលរាជធានីភ្នំពេញ។
សណ្ឋាគារនេះ ស្ថិតនៅចម្ងាយតែ៩គីឡូម៉ែត្រ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពោលនៅជិតទីតាំងល្បីៗមួយចំនួនរបស់រាជធានី ដូចជា ផ្សារកណ្តាល ផ្សារថ្មី និងអគារ Vattanac Capital Tower ជាដើម។
សណ្ឋាគារ Hilton Phnom Penh នឹងចូលរួមលើកស្ទួយវិស័យបដិសណ្ឋារកិច្ចកម្ពុជា និងបណ្តុំទៅដោយភោជនីយដ្ឋាន ហាងកាហ្វេ បារ និងកន្លែងទទួលភ្ញៀវ ដើម្បីបំពេញតាមចំណង់ចំណូលចិត្តរបស់អតិថិជន។ ក្រៅពីនេះ ក៏មានកន្លែងប្រជុំ និងកន្លែងរៀបចំព្រឹត្តិការណ៍នានា ដែលមានទីតាំង១៥០០ម៉ែត្រក្រឡា រួមទាំងបន្ទប់មានទំហំ៨៧៥ម៉ែត្រក្រឡា។
សណ្ឋាគារនេះ ក៏នឹងមានកន្លែងជួបជុំពិភាក្សាលើជំនួញ មជ្ឈមណ្ឌលហាត់ប្រាណ និងអាងហែលទឹកផងដែរ។
សណ្ឋាគារ Hilton គឺជានិមិត្តសញ្ញាដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក ដែលបំរើដល់វិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ច នៅទូទាំងពិភពលោក៕