ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្រោយការចេញសេចក្ដីសម្រេចថ្មីលេខ ៥៣ សសរ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ អ្នកប្រតិបត្តិករនៅក្នុងទីផ្សារដីធ្លី បានបង្ហាញពីក្ដីសាទរ និងមានជំនឿថាសកម្មភាពទីផ្សារទិញលក់ដីធ្លី អាចនឹងកម្រើកឡើងវិញ បន្ទាប់ពីបានស្ងប់ស្ងាត់មួយរយៈពេលកន្លងទៅនេះ បើទោះជារាជធានីភ្នំពេញ និងក្រុងតាខ្មៅនៅមិនទាន់អាចបើកចរាចរណ៍ក៏ដោយ។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន DEYTHMEY Real Estate លោកវិន ឈុនហ៊ាតបានមានប្រសាសន៍ ប្រាប់តាមទូរស័ព្ទនៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ថា តាម រយៈសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យមានការធ្វើចរាចរណ៍ឆ្លងខេត្ត ក៏ដូចជាការអនុញ្ញាតឱ្យដំណើរការ តំបន់រមណីយដ្ឋាននៅទូទាំងប្រទេសនេះ គឺជារឿងល្អសម្រាប់អ្នកប្រកបមុខរបរអាជីវកម្មផ្សេងគ្រប់វិស័យ ដែលក្នុងនោះក៏ជាសញ្ញាវិជ្ជមានសម្រាប់ទីផ្សារដីធ្លីផងដែរ។
លោកបានបន្តថា “ខ្ញុំគិតថា ការសម្រេចថ្មីរបស់រដ្ឋាភិបាលនៅពេលនេះ គឺជាការជួយសម្រួលដល់ដំណើរការអាជីវកម្ម ស្ទើរគ្រប់វិស័យរាប់ទាំងទាំងអស់របស់បងប្អូនប្រជាពលរដ្ឋ ហើយសម្រាប់អ្នករកស៊ី នៅក្នុងវិស័យអចលនទ្រព្យ ក៏អាចមានសកម្មភាពផងដែរ” ។ លោកបន្តថា “នៅក្នុងដំណាក់កាលនេះ ការទិញលក់ដីធ្លីមិនអាចកើតមានភ្លាមៗនោះទេ ប៉ុន្តែយ៉ាងហោចណាស់ ក៏បានអនុញ្ញាតឱ្យអ្នករកស៊ីក្នុងវិស័យនេះ ជាពិសេសផ្នែកដីធ្លី នៅតាមតំបន់ជុំវិញរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ដូចជាខេត្តកំពត កែប មណ្ឌលគីរី សៀមរាប ជាដើម អាចដើរមើលទីតាំងគោលដៅវិនិយោគរបស់ខ្លួន” ។
ជាមួយគ្នានេះ ប្រធានសមាគមអចលនទ្រព្យសកល លោកសំ សុខនឿន បានមានប្រសាសន៍នៅល្ងាចថ្ងៃជាមួយគ្នានេះថា តាមរយៈសេចក្ដីរបស់រាជរដ្ឋាភិបាលលេខ៥៣ សសរ នេះ គឺពិតជាមានសារសំខាន់ ជាពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋ រកស៊ីក្នុងវិស័យផ្សេងៗ ប៉ុន្តែសម្រាប់ទីផ្សារអចលនទ្រព្យ ហាក់នៅមិនទាន់អាចមានសកម្មភាពឡើងវិញសកម្មភាពបាននោះទេ ដរាបណារាជធានីភ្នំពេញ នៅតែជាភូមិសាស្ត្រដែលត្រូវបិទខ្ទប់។
លោកបញ្ជាក់ថា “មិនថាចំពោះអ្នករកស៊ីតូចធំ អ្នកវិនិយោគ ឬជាអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យនោះទេ ភាគច្រើនគឺស្ថិតនៅក្នុងរាជធានីភ្នំពេញ ដូច្នេះនៅពេលដែលរាជធានីភ្នំពេញនៅតែបន្តបិទខ្ទប់ ពួកគាត់ក៏នៅតែមិនទាន់ អាចមានសកម្មភាពធំដុំនៅឡើយ ក្រៅពីបន្តកិច្ចទំនាក់ទំនងតាមរយៈអនឡាញ” ។
លោកបន្តថា ការបិទខ្ទប់តំបន់ និងភូមិសាស្ត្រចំនួន២ រួមមានរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល បានប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យជាខ្លាំង ជាក់ស្ដែងការវិនិយោគ និងអភិវឌ្ឍន៍គម្រោងធំៗ ស្ថិតនៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ហើយសាយភាយបន្ត ទៅតាមបណ្តាតំបន់ដែលស្ថិតនៅជិត។ ដូច្នេះក្នុងដំណាក់កាលនេះ ទីផ្សារអចលនទ្រព្យ ហាក់នៅមិនទាន់មានភាពល្អប្រសើរឡើងវិញនៅឡើយនោះទេ។
លោកបន្តថា ទីផ្សារអចលនទ្រព្យអាចមានភាពល្អប្រសើរឡើងវិញបាន ទាល់តែវិបត្តិជំងឺកូវីដត្រូវបានបញ្ចប់ ដូច្នេះមានតែការចូលរួមរបស់បងប្អូន ប្រជាពលរដ្ឋទាំងអស់ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសេចក្ដីសុខ សុវត្ថិភាព សង្គមជាតិ និងជួយសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាប្រទេសជាតិឱ្យមានភាពល្អប្រសើរឡើងវិញ៕