អ្នកជំនាញៈការLock Down ធ្វើឲ្យវិនិយោគិនអចលនទ្រព្យត្រូវស្នាក់នៅផ្ទះ?

0

          ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ចាប់តាំងពីមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍២០កុម្ភៈ២០២១មក សកម្មភាព នៃការវិនិយោគនានារួមទាំងអចលនទ្រព្យផងដែរនោះ បានថមថយធ្លាក់ចុះជាបន្តបន្ទាប់ ដោយសារតែរីករាលដាលកាន់តែធំ និងឈានដល់ការបិទទីក្រុងភ្នំពេញទាំងមូល និងផ្នែកខ្លះនៃខេត្តកណ្ដាល និងខេត្តព្រះសីហនុជាដើម។

អ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជា បានលើកឡើងថា នៅក្នុងអំឡុងពេលនៃការបិទខ្ទប់នេះ វិនិយោគិន និងអ្នកអភិវឌ្ឍន៍ផ្សេងទៀត មិនអាចធ្វើបានក្រៅតែពីការនៅផ្ទះ ដើម្បីទប់ស្កាត់វិបត្តិ និងចូលរួមជាមួយរដ្ឋាភិបាលក្នុងការបញ្ចប់វិបត្តិនៃ ហើយជួយឱ្យស្ថានភាពវិលទៅរកប្រក្រតីឡើងវិញ។

ប្រធានសមាគមអចលនទ្រព្យលោកសំ សុខនឿនបានឱ្យដឹងនាព្រឹកថ្ងៃទី២៦ មេសានេះថា ចាប់តាំងពីមានការបិទខ្ទប់ និងការរឹតបន្តឹងចំពោះការធ្វើដំណើរក្រោយមានការរីករាលដាលនៃជំងឺកូវីដ១៩ សកម្មភាពនៃការវិនិយោគ ក៏ដូចជាការចរចាដើម្បីបង្កើតគម្រោងវិនិយោគឺស្ទើរតែមិនមាននោះទេ ហើយវិនិយោគិនទាំងអស់ត្រូវនៅផ្ទះ ដើម្បីចូលរួមជាមួយរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩និងបញ្ចប់វាឱ្យបានឆាប់ ។

លោកបន្តថា សម្រាប់វិស័យអចលនទ្រព្យ ក្នុងឆ្នាំ២០២១នេះ អាចនិយាយបានថា ក៏មិនខុសនឹងឆ្នាំ២០២០កន្លងទៅដែរ គឺនឹងមិនមានសកម្មភាពកើនឡើងនោះទេ ហើយក៏មិនមានអ្វីដែលត្រូវចុះបន្តទៀតដែរ ព្រោះឆ្នាំ២២០ វាបានចុះរួចទៅហើយ ។ លោកបន្តថា “បើសិនជាជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា អាចបញ្ចប់នៅពេលឆាប់ៗនេះ យើងជឿជាក់ថាវិស័យអចលនទ្រព្យ អាចនឹងមានសន្ទុះងើបឡើងវិញនៅចុងឆ្នាំ២០២១នេះ ឬដើមឆ្នាំ២០២២ខាងមុខនេះ”។

បើតាមលោកឌិត ចណ្ណាប្រធានក្រុមហ៊ុនអចលនទ្រព្យឡាក់គីក៏បានឱ្យដឹងផងដែរថា អ្នកមានលុយគេមិនអាចបញ្ចេញលុយគេ នៅពេលនេះនោះទេ គឺគេនៅផ្ទះសិន ព្រោះគេលុយគេនៅតែជារបស់គេដដែល ដោយមិនមានការខាតបង់ទៅណាទេ។ ដូច្នេះសកម្ម​ភាពវិនិយោគនឹងមិនមាននោះទេ ទាំងការដើរស្វែងរកទិញដីសម្រាប់វិនិយោគ ឬការបង្កើតគម្រោងថ្មីៗ ដោយសារតែពួកគេមិនអាចចេញ ទៅមើលទីតាំងឬតំបន់ដែលត្រូវិនិយោគ ។

លោកបន្តថា កាលពីមិនទាន់មានការរីករាលដាលខ្លាំង វិនិយោគិនអាចជួបគ្នាតាមរយៈអនឡាញបាន ដោយបង្កើតនូវកិច្ចប្រជុំពិភាក្សាបាន និងអាចឆ្លៀតជួបគ្នាបានខ្លះៗ ដើម្បីជជែកពីគម្រោង តែក្រោយមានការរីករាលដាលខ្លាំង ហើយវិធានការក៏កាន់តែរឹតបន្តឹងពួកគេក៏លែងបានជួបគ្នានិងជជែក ព្រោះថាការជួបគ្នាតាមមធ្យោបាយនេះវាមិនដូចនឹងការជួបផ្ទាល់នោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here