តម្លៃ​ដី​ក្នុងស្រុក​កណ្តាលស្ទឹង​នៅតែ​រក្សាបាន​លំនឹង​មិន​ស្រុតចុះ​ដោយសារវិបត្តិ​កូ​វីដ​នោះទេ

0

ដោយៈ​រ៉ា​ណេ​ត

ភ្នំពេញៈ មានការ​លើកឡើង​ជាច្រើន ដែល​និយាយថា​ទីផ្សារ​អចលនទ្រព្យ​នៅតាម​តំបន់​មួយចំនួន កំពុង​ទទួលរង​នូវ​ផលប៉ះពាល់ និង​មានការ​ធ្លាក់ចុះ​នោះ សម្រាប់តែ​ទីផ្សារ​ដីធ្លី​ក្នុងស្រុក​កណ្តាលស្ទឹង​ត្រូវបានប្រតិបត្តិ​ករ និង​ភ្នាក់ងារ​លក់​មួយចំនួន​អះអាងថា​នៅតែ​បន្ត​រក្សា​តម្លៃ​ដដែល ពោលគឺ​មិន​ស្រុតចុះ​ដោយសារតែ​វិបត្តិ​ជំងឺ​កូ​វីដ​នោះទេ។

លោក​សុខ ឌី​ណា ជា​ឈ្មួញ​រកស៊ី​ក្នុង​វិស័យ​ដីធ្លី ដែល​ផ្តោត​សំខាន់​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល​មាន​លើកឡើងថា ដីធ្លី​ដែលមាន​ទីតាំង​ល្អ ទោះជា​មិន​ស្ថិតនៅ​ក្បែរ​គម្រោង​សាងសង់​ព្រលានយន្តហោះ ប៉ុន្តែ​នៅ​ជិត​គម្រោង​អភិវឌ្ឍ​ន៍ប ណ្តុំ​លំនៅដ្ឋាន​កម្រិត​មធ្យម ស្ថិតនៅ​ក្នុងស្រុក​កណ្តាល​ស្ទឹង គឺ​នៅតែ​មានតម្លៃ​ថ្លៃ និង​មិន​ធ្លាក់​ថ្លៃ​ដូច​មនុស្ស​មួយចំនួន​និយាយ​នោះទេ។

លោក​បន្តថា “អ្នក​និយាយ​អាច​គ្រាន់តែ​ឮ​តាម​គេ ឬ​អាចជា​ឈ្មួញ​និយាយ​ទម្លាក់​ថ្លៃ​តែប៉ុណ្ណោះ ប៉ុន្តែ​ជាក់ស្ដែង​ភាគច្រើន​ដី នៅក្នុង​ស្រុក​កណ្តាលស្ទឹង នៅតែ​រក្សា​តម្លៃ​ដដែល មិន​ថា​ចំពោះ​ដី​នៅក្បែរ​គម្រោង​ព្រលានយន្តហោះ ដី​នៅ​តំបន់​ផ្លូវជាតិ​លេខ២ ឬ​ក្បែរ​ក្រវាត់ក្រុង​ទី៣នោះទេ” ។  លោក​បញ្ជាក់ថា “បើ​និយាយថា ការទិញ​លក់​ដីធ្លី​ធ្លាក់ចុះ​ក្នុង​រយៈកាល​កន្លងទៅនេះ​គឺ​ត្រឹមត្រូវ ប៉ុន្តែ​បើ​និយាយថា​តម្លៃ​ដី​ធ្លាក់ចុះ មិន​គឺ​មិនត្រូវ​នោះទេ” ។

ជាក់ស្ដែង​សូម្បីតែ​ដី​លិច​ទឹក​មួយចំនួន ស្ថិតនៅក្នុង​ឃុំ​គោក​ត្រប់ ស្រុក​កណ្តាលស្ទឹង ក៏មាន​តម្លៃ​មិន​ក្រោ៥០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ដែរ ហើយ​ដី​នៅក្នុង​ភូមិ​ដែលមាន​ប្រជាជន​រស់នៅ​ផ្លូវដី​នៅឡើយ ក៏មាន​តម្លៃ​មិន​ក្រោយ១០០ដុល្លារ​ក្នុង​មួយ​ការ៉េ ។ លើសពីនេះ ប្រសើ​ន​បើ​ដី​ដែល​ស្ថិតនៅ​តំបន់ ដែលមាន​មនុស្ស​រស់នៅ​ច្រើន អាច​ប្រកប​អាជីវកម្ម ឬ​គៀក​ទៅនឹង​ផ្លូវជាតិ​លេខ២ ឬ​រង្វង់​មូល​គួរ​ស្រូវ​គឺ​កាន់តែ​ថ្លៃ​អាច​ចាប់ពី២០០ដុល្លារ​រហូតដល់​ជាង៣០០ដុល្លារ​ក៏មាន​ផងដែរ។

ជាមួយគ្នានេះ លោក​សុខ ឌី​ណា បាន​បញ្ជាក់ថា ភាគច្រើន​ម្ចាស់​ដី​នៅក្នុង​ស្រុក​កណ្តាលស្ទឹង​ជា​ម្ចាស់​ដើម​នៅក្នុង​មូលដ្ឋាន ហើយ​បើ​ឈ្មួញ​ដីធំៗច្រើនតែ​ជា​អ្នក​អភិវឌ្ឍន៍​គម្រោង​លំនៅដ្ឋាន​តែម្ដង ដូច្នេះ​ការជំរុញ​លក់​ក្នុងតម្លៃ​ទាប​ជាង​ទីផ្សារ មិនសូវមាន​នោះទេ។

លើកឡើង​ស្រដៀង​គ្នា​នេះ លោកស្រី​អាន សុធី​តា អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា ធ្លាប់បាន​មានប្រសាសន៍ប្រាប់​សក្ដានុពល​ដីធ្លី ក្នុងស្រុក​កណ្តាលស្ទឹង ជាពិសេស​តាម​បណ្តោយ​ផ្លូវជាតិ​លេខ២ កំពុង​បង្ហាញ​ពី​សក្តានុពល និង​អំណោយផល​ដល់​ការវិនិយោគ អភិវឌ្ឍន៍​សំរាប់​លំនៅដ្ឋាន ក៏ដូចជា​ការវិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម។

លោកស្រី​បន្តថា “ជាធម្មតា​នៅពេល​ដែលមាន គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​គឺ​តែង​អនុគ្រោះ​ដល់​ការវិនិយោគ និង​អភិវឌ្ឍន៍​របស់​វិស័យ​ឯកជន។ លោកស្រី​បន្តថា “ជាមួយគ្នានេះ សម្រាប់​គម្រោង​ស្ថាបនា និង​កែលម្អ​ផ្លូវជាតិ​លេខ២នៅពេលនេះ ក៏បាន​ជួយ​ធ្វើឱ្យ​វិសយ​អចលនទ្រព្យ នៅ​តំបន់​នេះ​មាន​ភាព​រីកចម្រើន​ផងដែរ ព្រោះ​នៅពេល​ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ល្អ​ស្អាត ងាយស្រួល​ធ្វើដំណើរ វា​នឹង​ជំរុញឱ្យមាន​មនុស្ស​ចូលទៅ​រស់នៅ ហើយ​ក៏មាន​រោងចក្រ សហគ្រាស​ចូលទៅ​ដែរ ព្រោះ​ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន” ។

ដោយឡែក​ពាក់ព័ន្ធ​ទៅនឹង​តម្លៃ​ដីធ្លី ត្រូវបាន​លោកស្រី​អាន សុធី​តា ប្រាប់ថា បើ​គិតពី​ផ្លូវបំបែក​ផ្លូវ៦០ម៉ែត្រ មក​ផ្លូវជាតិ​លេខ២ តម្លៃ​ដី​មានការ​កើនឡើង​ថ្លៃ​ពី១០០ ទៅ ៣០០ ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែ​ត្រក​ការ៉េ ហើយ​រហូតដល់​ផ្លូវ​បំបែកលេខ២០ ត្រង់​រង្វង់​មូល​គួរ​ស្រូវ គឺ​ឡើង​ទ្វេ​ង​ដង បើ​ធៀប​នឹង២ឆ្នាំមុន ហើយ​បន្តិចទៀត​អាច​នឹង​បន្ត​ឡោះ​ង​ថ្លៃ​ជាង​នេះ ព្រោះ​ជា​តំបន់​សាងសង់​លំនៅដ្ឋាន ជា​តំបន់​ជាយក្រុង​ងាយស្រួល​ក្នុង​ធ្វើដំណើរ​ចូល​ក្រុង និង​ងាយស្រួល​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ខ្នាត​តំបន់​ផងដែរ។

បើ​គិតពី​រង្វង់​មូល​គួរ​ស្រូវ ទៅ​ចូល​ស្រុក​កណ្តាលស្ទឹង តម្លៃ​ដី​នៅតាម​បណ្តោយ​ផ្លូវ​នេះ មិនមាន​ការ​រ​ឡើងថ្លៃ​ប៉ុន្មាន​ទេ អាច​ស្ថិតក្នុង​ចន្លោះ​ពី ៨០ ទៅ ១០០ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ែត្រការ៉េ។ យ៉ាងណាក៏ដោយ តម្លៃ​ដីធ្លី​វា​អាច​នឹង​ប្រែប្រួល​ទៅតាម​ប្រភេទ​ដី និង​ទីតាំង​ដែលមាន​សក្តានុពល៕

LEAVE A REPLY

Please enter your comment!
Please enter your name here