ដោយៈ គង់ សូរិយា
ភ្នំពេញៈ ជាមួយនឹងបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យអចលនទ្រព្យ អ្នកជំនាញអចលនទ្រព្យមួយរូប បានបង្ហាញនូវអ្នកវិនិយោគអចលនទ្រព្យ៥ប្រភេទ ដែលក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យត្រូវដឹង និងសិក្សាស្វែងយល់។
អគ្គនាយកក្រុមហ៊ុន Century21 Dream Property លោកគាម សៀកឡុង បានសរសរលើបណ្តាញ ទំនាក់ទំនងសង្គមរបស់លោកកាលពីថ្ងៃទី២៧ មេសាកន្លងមកថា ប្រភេទអ្នកទិញអចលនទ្រព្យ ដែលលោកបានបង្ហាញចំនួន៥ប្រភេទដូចជា
១ អ្នកទិញទុកចំណេញ
អចលនទ្រព្យលក់បន្ទាន់ តម្លៃក្រោមទីផ្សារចន្លោះពី១៥% ទៅ៣០% ដែលមានតម្លៃសរុបត្រូវនឹងទឹកប្រាក់ ដែលគាត់មានលទ្ធភាព និងទីតាំងដែលគាត់ចង់បាន។ គាត់អាចមានលុយសុទ្ធ ឬមានលទ្ធភាពទទួលបានប្រាក់កម្ចីពីធនាគារ ហើយត្រូវការពេលវេលាសមរម្យមួយ ដើម្បីលក់វិញយកចំណេញ។
ជាប្រភេទអ្នកទិញ ឬអ្នកវិនិយោគប្រើម៉ាស៊ីនគិតលេខ ឬខួរក្បាល វិភាគពីចំណេញខាត មុននឹងសម្រេចចិត្ត។ ដូចនេះយើងត្រូវតែមានទិន្នន័យ និងព័ត៌មានវិភាគគ្រប់គ្រាន់ និងលំអិត ដើម្បីជួយគាត់សម្រេចចិត្តឱ្យបានលឿន។
២ អ្នកទិញលក់ៗរយៈពេលខ្លី
ស្រដៀងខាងលើដែរ តែអ្នកទិញប្រភេទនេះ គឺទិញលក់ៗភ្លាម ដោយប្រើរយៈពេលខ្លី ពេលខ្លះទើបកក់ប្រាក់ ឬ ធ្វើកិច្ចសន្យាទិញលក់រួច គាត់ក៏ដាក់លក់វិញភ្លាម។ ពេលខ្លះគាត់កែច្នៃ ជួសជុស សំអាត ចាក់ដី ធ្វើរបងព្រំ រួចក៏ដាក់វិញ ហើយពេលខ្លះក៏លក់វិញដោយមិនកែឆ្នៃអ្វីនោះដែរ។
៣ អ្នកទិញសម្រាប់រស់នៅឬប្រើប្រាស់
គោលបំណងរបស់គាត់គឺដើម្បីរស់នៅ ឬប្រើប្រាស់អចលនវត្ថុនោះតែម្តង ឧទាហរណ៍ គាត់ទិញផ្ទះសម្រាប់រស់នៅ។ អ្នកទិញប្រភេទនេះគឺប្រើបេះដូង ឬអារម្មណ៍ស្រលាញ់ចូលចិត្ត ទោះបីជាតម្លៃទីផ្សារ ឬពេលខ្លះលើសទីផ្សារបន្តិចបន្តួចក៏គាត់នៅតែទិញ តែពួកគាត់ជាអ្នកសម្រេចចិត្តយឺតយ៉ាវ ជាពិសេសសម្រាប់អ្នកទិញផ្ទះលើកដំបូង ត្រូវការប្រឹក្សាយោបល់ពីមនុស្សជុំវិញខ្លួនជាច្រើន។
ពេលណាក៍ទិញបានដែរឱ្យតែគាត់មានលុយ តម្លៃមិនមានជាកត្តាតែមួយគត់ក្នុងការសម្រេចចិត្តនោះទេ សំខាន់ឱ្យតែគាត់ស្រលាញ់ ហើយគាត់ក៏មិនមែនជាអ្នកឆក់ឱកាសនោះដែរ។
៤ អ្នកទិញទុកជួល
ទាំងប្រភេទអចលនទ្រព្យលំនៅដ្ឋាន ពាណិជ្ជកម្ម និងឃ្លាំងនានា។ គាត់ទិញក្នុងគោលបំណងសំខាន់ គឺដើម្បីជួលបានចំណូលប្រចាំខែ មានលំហូរសាច់ប្រាក់ជាប្រចាំ និង អចលនទ្រព្យឡើងថ្លៃពេលលក់ទៅវិញ។
៥ អ្នកទិញដើម្បីអភិវឌ្ឍ
ជាប្រភេទអ្នកទិញឬអ្នកវិនិយោគ ដែលត្រូវការលក្ខខ័ណ្ឌបង់ប្រាក់រយៈពេលវែង សុំសិទ្ធិអភិវឌ្ឍហើយមានសិទ្ធិលក់បណ្តើរ៕