អាគារការិយាល័យធំមួយ នឹងបើកដំណើរការនៅខែកញ្ញាខាងមុខនេះ

0

ដោយគង់ សូរិយា

ភ្នំពេញ៖ ស្របពេលទីផ្សារការិយាល័យមានភាពល្អប្រសើរ អាគារការិយាល័យធំមួយទៀតឈ្មោះ East Commercial Center នឹងបើកដំណើរការនៅដំណាច់ត្រីមាសទី៣ឆ្នាំនេះ។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាងអាន សុធីតាបាន​មានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៧ មិថុនានេះថា គំរោង Eastland បានរួមបញ្ចូលអាគារការិយាល័យ និងខុនដូ ដែលនឹងបើកដំណើរការនៅខែកញ្ញាខាងមុខនេះ។ ក្រុមហ៊ុន CBRE Cambodia បានក្លាយជាភ្នាក់ងារជួលផ្តាច់មុខសម្រាប់គំរោងនេះ និងកំពុងដាក់ជួលការិយាល័យនេះ។អ្នកនាងបន្តថា អាគារការិយាល័យនេះមានទំហំ១៥,០០០ម៉ែត្រការ៉េ និងដាក់ជួលក្នុងតម្លៃ១៣ដុល្លារ បូកសេវាកម្មគ្រប់គ្រង៣,៥ដុល្លារក្នុងមួយម៉ែត្រការ៉េ។

អ្នកនាងបន្តថា “ទីផ្សារការិយល័យមានភាពល្អប្រសើរ ដោយសារឆ្នាំនេះអាគារការិ​យាល័យថ្មី ដែលមានម្ចាស់តែមួយ មិនមានទំហំធំ និងមានគំរោងច្រើនដាក់ចូលទីផ្សារនោះទេ”។

គំរោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន Eastland Development ដែលជាបុត្រសម្ព័ន្ឋរបស់ក្រុមហ៊ុន Yue Tai Group។ គម្រោងនេះស្ថិតនៅលើមហាវិថីព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន ក្រុងភ្នំពេញ។

លោក Sam Yang នាយកប្រតិបត្តិក្រុមហ៊ុន Eastland Development និងជាអនុ​ប្រធានក្រុមហ៊ុន Yuetai Holding បានមានប្រសាសន៍ ក្នុងពិធីចុះហត្ថលេខាជាមួយអ្នកនាងអាន សុធីតាកាលពីសប្តាហ៍មុនថា បន្ទាប់ពីបានពិចារណាយ៉ាងប្រុងប្រយ័ត្ន និងល្អិតល្អន់ យើងបានជ្រើសរើស CBRE Cambodia ជាដៃគូរបស់យើង ក្នុងការជួលអាគារ​ការិយាល័យដ៏សំខាន់មួយនេះ។លោកបន្តថា ផ្តើមចេញពីគំរោងដែលយើងបានរចនានិង​សាងសង់ East Commercial Center ជាមជ្ឈមណ្ឌលសម្រាប់អាជីវកម្ម ដែលមានជំនា​ញវិជ្ជាជីវៈ ដោយផ្តោតពិសេសលើការផ្តល់សេវាកម្មកម្រិតខ្ពស់ និងបរិក្ខាទំនើបដែលមាន​គោលបំណងផ្តោតលើការរីកចម្រើនរបស់ក្រុមហ៊ុន។

គំរោង Eastland មានចំនួន៥អាគារ ដោយអាគារខាងមុខជា East Commercial Center ដែលប្រើប្រាស់ជាអាគារការិយាល័យសម្រាប់ជួល និងអាគារចំនួន៤ទៀតស្ថិតនៅក្រោយអាគារនេះជាខុនដូ ដែលមានជាច្រើនរយយូនីត៕

LEAVE A REPLY

Please enter your comment!
Please enter your name here