ដោយៈ រ៉ាណេត
ភ្នំពេញៈ ថ្នាក់ដឹកនាំស្ថាប័នជាតិ អន្តរជាតិ និងអ្នកវិភាគសេដ្ឋកិច្ចបានទទួលស្តាល់ថា វិស័យអចលនទ្រព្យកំពុងដើរតួនាទីកាន់តែសំខាន់ ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យងើបឡើងវិញ។
យោងតាមរបាយការណ៍ផ្លូវការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ប្រចាំនៅកម្ពុជានៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១កន្លងមកបានបញ្ជាក់ថា ស្របពេលដែលកំណើនសេដ្ឋកិច្ចកម្ពុជា ដែលត្រូវបានរំពឹងថា នឹងអាចកើនឡើងក្នុងរង្វង់ប្រមាណ៤ភាគរយនៅក្នុងឆ្នាំ២០២១នេះ វិស័យអចលនទ្រព្យដែលកំពុងជាប់គាំង នៅពេលបច្ចុប្បន្នអាចនឹងមានស្នទុះងើបឡើងវិញបន្តិច បើប្រៀបធៀបទៅនឹងឆ្នាំ២០២០កន្លងទៅ។
របាយការណ៍ដដែលបានបន្តថា “វិស័យអចលនទ្រព្យកម្ពុជាត្រូវបានព្យាករថានឹងងើបឡើងវិញ ពីការធ្លាក់ចុះកាលពីឆ្នាំមុន ដោយមាននិន្នាការស្រដៀងគ្នាទៅនឹងឧស្សាហកម្មសំណង់ ខណៈដែលវិស័យដទៃទៀតភាគច្រើន ក៏មានការងើបឡើងវិញបន្តិចផងដែរ” ។
វិស័យដែលនឹងងើបឡើងវិញនីឆ្នាំនេះ មានដូចជា វិស័យសេវាកម្មនឹងអាចស្ទុះងើបឡើងវិញក្នុងល្បឿនយឺតៗប្រមាណ ៣,៣ភាគរយ ក្នុងឆ្នាំ២០២១ ទៅ ៦,២ភាគរយក្នុងឆ្នាំ២០២២ ។ ដោយឡែកវិស័យកសិកម្ម ត្រូវបានរំពឹងថានឹងកើនឡើង១,៣ភាគរយ ក្នុងឆ្នាំ២០២១ និង១,២ភាគរយក្នុងឆ្នាំ២០២២ ដោយមានការកើនឡើង នៃផលិតកម្មកសិផលបន្ទាប់ពីរងការខូចខាត ដោយទឹកជំនន់កាលពីឆ្នាំមុន ការបន្តកំណើនវារីវប្បកម្ម និងការហក់ឡើងនៃការនាំចេញផលិតផលកសិកម្ម ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។
ជាមួយគ្នានេះ លោកវង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បានមានប្រសាសន៍ថា វិស័យសំណង់ និងអចលនទ្រព្យត្រូវបានចាត់ទុកជាចន្ទល់ដ៏រឹងមាំ របស់កម្ពុជាក្នុងការគាំទ្រសេដ្ឋកិច្ច ក្នុងអំឡុងពេលនៃការធ្លាក់ចុះដោយសារតែវិបត្តិកូវីដ១៩ ។
លោកបន្តថា “វិស័យសំណង់ និងអចលនទ្រព្យបានរួមចំនែក បង្រួមការធ្លាក់ចុះសេដ្ឋកិច្ចកាលពីឆ្នាំ២០២០កន្លងមក” ។
លោកវង្សី វិស្សុតបានបញ្ជាក់ថា “ជាគោលយោបាយត្រូវថែទាំវិស័យទាំងនេះ ដោយសារតែវិស័យទាំង២នេះ ជាចន្ទល់សេដ្ឋកិច្ចមួយនៅពេលមានវិបត្តិ។ រដ្ឋក៏មានគោលនយោបាយ មិនយកពន្ធចំពោះអចលនទ្រព្យក្រោម៧ម៉ឺនដុល្លារ ដូច្នេះការលក់ដូរអចលនទ្រព្យតម្លៃក្រោម៧ម៉ឺនដុល្លារកើនឡើង។ ចំណែកឯវិស័យខុនដូ និងផ្ទះមានតម្លៃថ្លៃធ្លាក់ចុះបន្តិច” ។
ចំណែកលោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាបានលើកឡើងថា វិស័យអចលនទ្រព្យ និងសំណង់ រួមជាមួយនឹងវិស័យសំខាន់ៗជាច្រើន នឹងរួមចំណែកស្តារសេដ្ឋកិច្ចកម្ពុជា ឱ្យងើបឡើងវិញបានឆាប់រហ័ស។
លោកបណ្ឌិតបានបញ្ជាក់ថា “យើងទទួលស្គាល់ថា វិស័យអចលនទ្រព្យគឺជាចលករមួយយ៉ាងសំខាន់ ក្នុងការគាស់ឱ្យមានកំណើន និងទ្រទ្រង់សេដ្ឋកិច្ចជាតិបានយ៉ាងល្អប្រសើរ” ។លោកបន្តថា “ប៉ុន្តែការរួមចំណែកពីវិស័យពាក់ព័ន្ធផ្សេងទៀតដូចជា វិស័យសេវាកម្ម វិស័យឧស្សាហកម្ម និងការវិនិយោគក្រៅប្រទេសដោយផ្ទាល់ផងដែរ។ ប៉ុន្តែអ្វីដែលជាបញ្ហាចម្បងនៅពេលនេះ គឺវិបត្តិជំងឺកូវីដនៅបន្តរំខាន ដែលគួរឱ្យព្រួយបារម្ភបំផុត” ៕