ដោយ គង់ សូរិយា
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុបានចុះហត្ថលេខារួមគ្នា ដើម្បីឲ្យសមាគមនេះចាប់ផ្តើមបើកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអចលនវត្ថុ និងវិជ្ជាជីវៈវាយតម្លៃអចលនវត្ថុ។
កម្មវិធីនេះកំពុងប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី២៨ មិថុនានេះ នៅទីស្តីការក្រសួងសេដ្ឋកិច្ច ដោយមានការចូលរួមពីលោកម៉ី វ៉ាន់ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកបណ្ឌិតគីម ហ៊ាងប្រធានសមាមគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ និងសមាជិកសមាគមជាច្រើនទៀត។
កម្មវិធីបណ្តុះបណ្តាលនេះនឹងសហការរវាងសមាគម និងសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានជូនដំណឹងពីវគ្គបណ្តុះបណ្តាលនេះកាលពីថ្ងៃទី២៦ មិថុនាកន្លងមកនេះ។
ព៌តមានលំអិត proertyarea.asia នឹងផ្តល់ជូនបន្តទៀតនាពេលក្រោយទាក់ទងនឹងការបណ្តុះបណ្តាល កម្មវិធីសិក្សា និងពេលវេលាចាប់ផ្តើមការបណ្តុះបណ្តាលនេះ។
កាលពីសប្តាហ៍មុន ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់អាជ្ញាប័ណ្ណដល់អ្នកជំនាញអចលនវត្ថុកម្ពុជាមួយក្រុម ដើម្បីបើកមជ្ឈមណ្ឌលអចលនវត្ថុកម្ពុជាផងដែរ។
បើតាមលោកឃាង ពុទ្ឋីប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលអចលនវត្ថុកម្ពុជាបានឲ្យដឹងថា មជ្ឈមណ្ឌលនេះនឹងបើកការបណ្តុះបណ្តាលនៅខែកញ្ញាខាងមុខនេះ ដែលការបណ្តុះបណ្តាលនេះនឹងធ្វើនៅក្នុងគំរោង One Park ស្ថិតតំបន់ Phnom Penh City Center (អតីតបឹងកក់)និងចាប់ផ្តើមចុះឈ្មោះចូលរៀនចាប់ពីខែសីហាខាងមុខនេះ។
លោកបន្តថា “ការបើកមជ្ឈមណ្ឌលអចលនវត្ថុកម្ពុជា ជាការឆ្លើយតបនឹងតម្រូវការ ធនធានមនុស្សក្នុងវិស័យអចលនវត្ថុកម្ពុជា ដែលកំពុងមានការរីកចម្រើនខ្លាំង ហើយត្រូវការធនធានមនុស្សដ៏ច្រើន ដើម្បីបំពេញតម្រូវការទីផ្សារ”។លោកបន្តថា “ការបើកសាលាកាន់តែច្រើនកាន់តែល្អ ដែលមានន័យថាយើងអាចកសាងបានធនធានមនុស្សច្រើន សំរាប់បំរើឲ្យវិស័យនេះ”៕