ដោយៈ គង់ សូរិយា
ភ្នំពេញៈ ទោះបីជាពេលនេះកម្ពុជា កំពុងជួបប្រទះជាមួយវិបត្តិកូវីដ១៩ក៏ដោយ ប៉ុន្តែអ្នកជំនាញបានបង្ហាញប្រាប់ពីខុនដូ ដែលស្ថិតនៅតំបន់ចំនួន៣ ដែលនៅតែមានចរន្តទិញលក់ច្រើនដូចធម្មតា ជាពិសេសសម្រាប់អ្នកដែលចង់វិនិយោគខុនដូអាចទិញទុកចំណេញបាននៅថ្ងៃមុខ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Easy Property Investment លោកម៉ម សិរីបញ្ញា បានថ្លែងប្រាប់គេហទំព័រ Property Area Asia កាលពីពេលថ្មីៗនេះថា ថ្វីត្បិតតែមិនផុសផុល ដូចកាលវីរុសមិនទាន់ចូលមែន ក៏ប៉ុន្តែស្ថានភាពខុនដូនៅពេលបច្ចុប្បន្ន អ្នកអភិវឌ្ឍលើវិស័យខុនដូនេះ ចេះតែខិតខំប្រឹងលក់រួមជាមួយការផ្តល់ជូនពិសេស ដល់អតិថិជនទុកចំណេញនៅថ្ងៃក្រោយ។
លោកបញ្ជាក់ថា “ខុនដូដែលនៅមានចរន្តទិញលក់ដូចជា នៅផ្លូវ៦០ម៉ែត្រ។ និយាយឱ្យចំទៅ មិននៅកណ្តាលក្រុងទេ ច្រើនតែនៅជាយក្រុង ហើយភាគច្រើនខុនដូដែលមានតម្លៃក្រោម៨ម៉ឺនគឺមានចរន្តទិញលក់ល្មមគួរសម”។
ទន្ទឹមនេះ អ្នកជំនាញមួយរូបទៀត លោក ខន គង្គារ អគ្គនាយកក្រុមហ៊ុន ERA បានមានប្រសាសន៍ថា “ពេលនេះគឺជាឱកាសល្អ សម្រាប់អ្នកវិនិយោគមែនទែន ដោយសារវាមានភាពបត់បែនច្រើនទាំងតម្លៃ ហើយក៏មានងាយស្រួលក្នុងការចរចារដែរ។ ខុនដូនៅតំបន់ទួលគោក ជ្រោយចង្វារ និងផ្លូវ៦០ ម៉ែត្រ គឺនៅតែមានការទិញលក់ដដែលក្នុងស្ថានភាពកូវិដ១៩នេះ”។
លោកបន្តថា ស្ថានភាពខុនដូនឹងកាន់តែរីកចម្រើន នៅពេលដែលរដ្ឋាភិបាលកម្ពុជាអាចគ្រប់គ្រងជម្ងឺហ្នឹងបាន និងបរិបទពិភពលោកអាចធូរស្បើយពីជម្ងឺនេះ នោះសភាពការណ៍នឹងត្រឡប់មករកភាពដើមឬអាចប្រសើរជាងមុនក៏ថាបាន។
នាយកក្រុមហ៊ុន Daily Realty Group លោក ហៃ រ៉ាវី បានសង្កត់ធ្ងន់ថា សម្រាប់គម្រោងសាងសង់ថ្មីៗ ដែលមានគម្រោងសាងសង់ត្រឹមរយៈពេល៣ឆ្នាំ ច្បាស់ណាស់ថានឹងមានប្រូម៉ូសិនផ្តល់ជូនភ្ញៀវ ហើយបើសិនជាភ្ញៀវទិញក្នុងអំឡុងរដូវនេះ អាចនឹងមានការផ្តល់ជូននូវការប្រាក់ទាប។
លោកនាយកបានប្រាប់ថា ជាក់ស្តែង ខុនដូនៅខាងជ្រោយចង្វារ មានតម្លៃសមរម្យដែលក្នុងយូនីតមានតម្លៃត្រឹម៥ម៉ឺន ឬ៦ម៉ឺនដុល្លារឡើង។ ចំណែកនៅក្នុងខណ្ឌទួលគោកក៏មានតម្លៃសមរម្យ ដែលអ្នកចង់វិនិយោគទិញរួចអាចចំណេញ បាននៅថ្ងៃអនាគតផងដែរ៕