ដោយៈ ម៉ាណេត
ភ្នំពេញៈ អ្នកជំនាញលើកឡើងថា ការផ្ដល់ព័ត៌មាន តាមអនឡាញបានក្លាយជាម ធ្យោបាយដ៏សំខាន់ក្នុងការទាក់ទាញ និងរក្សាចំណាប់អារម្មណ៍របស់អ្នកទិញ អំឡុងពេលវិបត្តិកូវីដ១៩។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីមបានថ្លែងប្រាប់កាលពីថ្មីៗនេះថា ជាទូទៅ អ្នកស្វះស្វែងរកអចលនទ្រព្យ អាចទទួលបានគ្រប់ព័ត៌មានដែលពួកគេត្រូវការ នៅលើ Internet ហើយលោកគិតថា ពួកគេនឹងចូលមកស្វែងយល់ម្ដងទៀត អំពីទីផ្សារអចលនទ្រព្យ ក្រោយពេលវិបត្តិកូវីដ១៩បានធូរស្រាល។
លោកបានបន្តថា “ចង់ឬមិនចង់ របៀបនៃការធ្វើជំនួញ ក្នុងទីផ្សារអចលនទ្រព្យ គឺជាការសម្លឹងទុកមុននូវអចលនទ្រព្យដែលសមគួរ ខណៈការផ្ដល់ព័ត៌មានតាមអនឡាញ ជាមធ្យោបាយដ៏សំខាន់ក្នុងការទាក់ទាញ និងរក្សាចំណាប់អារម្មណ៍របស់អ្នកទិញ អំឡុងវិបត្តិកូវីដ១៩”។
លោកក៏បានលើកឡើងថា ស្ថានការណ៍បច្ចុប្បន្នជារួម ស្ថិតនៅឆ្ងាយពីវិបត្តិខ្លាំងណាស់។ ទីផ្សារអចលនទ្រព្យនៅតែខ្លាំង ដោយសារនៅតែមានចំណាប់អារម្មណ៍ពីអ្នកចង់ទិញ។ វាគ្រាន់តែជាបញ្ហាថា តើអ្នកដែលចង់ទិញអាចមកមើលអចលនទ្រព្យ ដោយផ្ទាល់បានដែរឬទេ ដូច្នេះអ្នកទិញ អាចធ្វើការសម្រេចចិត្តត្រឹមត្រូវសម្រាប់ពួកគេ។
ផ្ទុយមកវិញលោកឃើញថា ស្ថានការណ៍នាពេលបច្ចុប្បន្ន វាជាឱកាសសម្រាប់ ភ្នាក់ងារអចលនទ្រព្យ ក្នុងការរៀនជំនាញថ្មីៗ ខណៈពេលដែលពួកគេត្រូវនៅផ្ទះ។
លោកសុខនីមបានថ្លែងថា “មានធនធានអនឡាញជាច្រើន ដែលបង្រៀនពីជំនាញចរចារ លក់ និងធ្វើទីផ្សារ។ ការរៀនមុខវិជ្ជាអនឡាញមួយ ទាក់ទងនឹងជំនាញចរចារ និងគ្រប់គ្រងផងដែរ”។
លោកបន្តថា “នេះគឺជាឱកាសល្អ សម្រាប់ភ្នាក់ងារអចលនទ្រព្យ ក្នុងការពង្រីក និងពង្រឹងជំនាញរបស់ពួកគេ ដូច្នេះពួកគេនឹងមានគុណតម្លៃកាន់តែច្រើន សម្រាប់ផ្ដល់ជូនអតិថិជន នៅពេលដែលស្ថានភាពទីផ្សារ ត្រលប់មករកប្រក្រតីភាពឡើងវិញ”៕