តំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីទាក់ទាញគំរោងអភិវឌ្ឍបុរី និងមជ្ឈមណ្ឌលពាណិជ្ជកម្មបណ្តើរៗ

0

ដោយៈគង់ សូរិយា

កណ្តាលៈ ខណៈវឌ្ឈនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី បានកាន់តែបង្ហាញរូបរាងកាន់តែច្រើន អ្នកវិនិយោគជាច្រើនបានវិនិយោគសាងសង់បុរី ផ្សារទំនើប និងគំរោងមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើននៅជុំវិញតំបន់នេះ។

អភិបាលខេត្តកណ្តាល លោកគង់ សោភ័ណ្ឌ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា សម្រាប់ការអភិវឌ្ឍក្នុងវិស័យសំណង់របស់ឯកជន ដូចជា ការសាងសង់លំនៅដ្ឋានផ្សេងៗ បានចាប់ផ្តើមសកម្មភាពយ៉ាងសកម្មហើយ ខណៈហាងកាហ្វេមួយចំនួន បានបើកដំណើរការនៅជុំវិញតំបន់ខ្សែក្រវ៉ាត់ក្រុងទី៣ផងដែរ។

លោកបន្តថា “គម្រោងអភិវឌ្ឍន៍មួយចំនួន នឹងលេចចេញជារូបរាងបណ្តើរៗហើយ បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ពិសេសផ្លូវក្រវ៉ាត់ក្រុងទី៣បាននិងកំពុងពន្លឿនការសាងសង់”។

នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យAMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍ថា សម្រាប់ការអភិវឌ្ឍវិស័យលំនៅដ្ឋាននៅតំបន់ជាប់ ឬក្បែរគម្រោងសាងសង់ ព្រលានយន្តអន្តរជាតិ-ភ្នំពេញថ្មី បានចាប់ផ្តើមមានសកម្មភាពបណ្តើរៗហើយ។

លោកស្រីបានបន្តថា “យើងឃើញថាកំណើននៃការអភិវឌ្ឍ វិស័យលំនៅដ្ឋាននៅប៉ែកខាងត្បូងក្រុងមានកំណើនច្រើន ប៉ុន្តែសម្រាប់នៅក្បែរគម្រោងព្រលានយន្តហោះ គឺនៅមិនទាន់មានគម្រោងអភិវឌ្ឍន៍ធំៗនោះទេ”។

លោកស្រីបន្តថា “នៅតំបន់នេះផ្ទៃដីភាគច្រើនត្រូវបានអ្នកភិវឌ្ឍន៍ទិញទុក ដែលរង់ចាំតែពេលវេលាល្អមកដល់ពួកនឹងចាប់ផ្តើមសកម្មភាពសាងសង់ជាមិនខាន”។

លោកស្រីតាំង ហួរបានបញ្ជាក់ថា សព្វថ្ងៃនេះ សម្រាប់វិស័យលំនៅដ្ឋានភាគខាងត្បូងក្រុង គឺនៅតែបន្តមានការសាងសង់ជាបន្តបន្ទាប់ ហើយតម្រូវការក៏នៅតែមានទៅលើប្រភេទលំនៅដ្ឋាន ដែលមានតម្លៃក្រោម១០ម៉ឺនដុល្លារ ជាពិសេសបណ្តុំលំនៅដ្ឋានដែលស្ថិតនៅផ្លូវធំនៃតំបន់ជាយក្រុង។ ជាក់ស្ដែងដូចជា នៅម្ដុំគួរស្រូវ តំបន់ព្រែកកំពឺស និងតំបន់ព្រែកហូរ ជាដើម ដែលកំពុងមានសកម្មភាពសាងសង់ដ៏មមាញឹក។

គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថាបនាលើដីទំហំប្រមាណ២៦០០ ហិកតា មានបណ្តោយប្រមាណ៦គីឡូម៉ែត្រ និងទទឹងប្រមាណ៤គីឡូម៉ែត្រ ។ដំណើការ នៃការសាងសង់ព្រលានយានដ្ឋានអន្តរជាតិភ្នំពេញថ្មី អាចនឹងរួចរាល់នៅឆ្នាំ២០២៣ខាងមុខនេះ។

ទុនវិនិយោគព្រលានយន្ដហោះមួយនេះ មានទំហំទឹកប្រាក់ប្រមាណ១៥០០លានដុល្លារ ដែលជាប្រភេទ 4F អនុញ្ញាតឱ្យប្រភេទព្រលានយន្តហោះធំ Airbus A380-800 និង យន្តហោះ Boeing 747-800 ហោះហើរពីឆ្ងាយឆ្លងទ្វីបចុះចតបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here