ដំណឹងល្អៈអ្នកជំនាញកម្ពុជា កូរ៉េចាប់ផ្តើមធ្វើការជាមួយក្រុមហ៊ុនឌីសាញស្ពានតភ្ជាប់រវាងតំបន់ជ្រោយចង្វារ និងស្វាយជ្រុំហើយ

1

ដោយៈគង់ ម៉ាលីន
ភ្នំពេញៈ ជាដំណឹងល្អមួយនៃការទន្ទឹងរង់ចាំ របស់ប្រជាពលរដ្ឋរស់នៅតំបន់ស្វាយជ្រុំ ព្រោះបច្ចុប្បន្នអ្នកជំនាញការកម្ពុជា កូរ៉េកំពុងធ្វើការរូមគ្នាជាមួយក្រុមហ៊ុនឌីសាញស្ពានតភ្ជាប់រវាងតំបន់ជ្រោយចង្វារ តភ្ជាប់ទៅតំបន់ស្វាយជ្រុំហើយ។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាល្ងាចថ្ងៃទី២៤ ឧសភានេះថា ក្រុមការងារកូរ៉េ និងកម្ពុជាកំពុងធ្វើការចចារ ពីការរចនាស្ពានតភ្ចាប់តំបន់ខាងលើនេះ ដើម្បីឈានទៅធ្វើការងារជាបន្តបន្ទាប់ទៀត។លោកបន្តថា ក្រុមការងារប្រទេសទាំងពីរកំពុងធ្វើការ លើការងារនេះហើយ ប៉ុន្តែលទ្ឋផលបែបណាលោកមិនទាន់បញ្ជាក់បាននៅឡើយទេ។

លោកបន្តថា “តាមខ្ញុំយល់ក្រុមហ៊ុនកំពុងសិក្សាពីស្ពាននេះ និងសិក្សាពីខ្ទង់ចំណា​យជាក់លាក់ មុនសម្រេចធ្វើការងារតាមនិតិវិធីបន្តទៀត”។លោកបន្តថា “គំរោងស្ពាននេះអាចមានជម្រើសពីរទៅបី ដោយអាចចេញពីតំបន់ជ្រោយចង្វារទៅស្វាយជ្រុំ ឬអាចនៅទីតាំងជិតគ្នានេះ ព្រោះធម្មតាការសិក្សាតែងតែមានជម្រើសពីរឬបី ដើម្បីងាយស្រួលជ្រើស​រើស”។

លោកវ៉ាស៊ីម សូរិយាបានបន្តថា គំរោងជួយស្ថាបនាស្ពានឆ្លងកាត់ទន្លេមេគង្គនេះ ធ្លាប់ត្រូវបានប្រកាស ដោយលោកប្រធានាធិបតីកូរ៉េ ម៉ូន ជេអ៊ីន ពេលលោកចូលរួមសន្និសីទអន្តរជាតិមួយ ដែលរៀបចំឡើងដោយប្រទេសវៀតណាមកាលពីចុងឆ្នាំមុន។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្លាប់បានស្នើសុំភាគីកូរ៉េជួយសាងសង់ស្ពានមិត្តភាពកម្ពុជាកូរ៉េ​ ដើម្បីធ្វើជាចំណងដៃមិត្តភាពនៃប្រទេសទាំងពីរ ខណៈមិត្តជប៉ុន និងចិនបានជួយសាងសង់ស្ពានមិត្តភាព ជាមួយកម្ពុជាជាច្រើនគំរោងរួចហើយ៕

1 COMMENT

  1. គ្រាន់តែលឺដំណឹងសង់ស្ពានទៅស្វាយជ្រុំ ជិត ១០ឆ្នាំហើយ

LEAVE A REPLY

Please enter your comment!
Please enter your name here