ដោយៈគង់ សូរិយា
ភ្នំពេញៈ ទីក្រុងរណបឆ្លាតវៃ នៅប្របនឹងដងទន្លេសាប ដែលបាននិងកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ឋបន្ថែម បាននិងកំពុងចាប់ផ្តើមសកម្មភាពអភិវឌ្ឍន៍ កាន់តែសកម្មជាងមុន។
ទីក្រុងរណបជ្រោយចង្វារ “ទីក្រុងនៃអនាគត”ដំបូងឡើយគ្រោងបោះទុនវិនិយោគត្រឹម៣០០០លានដុល្លារ ប៉ុន្តែដោយសារគំរោងនេះធំ ធ្វើឲ្យការពង្រីកទុនវិនិយោគកើនដល់៦០០០លានដុល្លារនាពេលអនាគត។
បច្ចុប្បន្នសួនកំសាន្តដាយណូស័រ កន្រ្តកវិលដ៏ខ្ពស់ សួនកំសាន្តសំរាប់កុមារពេលរាត្រី គំរោងលំនៅដ្ឋានបែបប្រណីតៗ ការិយាល័យកណ្តាលរបស់ក្រុមហ៊ុន OCIC មជ្ឈ មណ្ឌលពាណិជ្ជកម្ម MV Mansion បាននិងកំពុងសាងសង់ ខណៈគម្រោងមួយចំនួនទៀតបាន និងកំពុងសាងសង់ផងដែរ ដូចជា អាគារពន្ឋដាកំពស់៣៦ជាន់ និងគំរោងមួយចំនួនទៀតបាននិងកំពុងសាងសង់ និងត្រៀមសាងសង់នាពេលខាងមុខ ខណៈគំរោងស្ពានយោងដោយខ្សែកាប តភ្ជាប់ផ្លូវជាតិលេខ៥ មកកាន់តំបន់នេះ កំពុងស្ថាបនាបានប្រមាណ៤០ភាគរយផងដែរ។
អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងថា ដោយសារបញ្ហាកូវីដ បានធ្វើឲ្យគំរោងសាងសង់របស់ក្រុមហ៊ុន បានយឺតជាងផែនការ ប៉ុន្តែការអភិវឌ្ឍទីក្រុងរណបជ្រោយចង្វារ នៅតែឆ្ពោះទៅមុខ ជាមួយទស្សនទានអភិវឌ្ឍតាមចក្ខុវិស័យរបស់យើង។
លោកបន្តថា “អាគារមជ្ឈមណ្ឌលពាណិជ្ជកម្មធំ និងខ្ពស់ៗជាច្រើន នឹងសាងសង់នាពេលខាងមុខនៅទីក្រុងរណបជ្រោយចង្វារ”។ លោកបន្តថា “ទស្សនទាននៃការរអភិវឌ្ឈន៍របស់យើង គឺរៀបចំទីក្រុងនេះជាទីក្រុងឆ្លាតវៃ ដែលមានការប្រើប្រាស់អំពូលដែលកាត់បន្ថយការបំពុលបរិស្ថាន បែងចែកប្រព័ន្ឋទឹកស្អូយ និងទឹកភ្លៀងដាច់ពីគ្នា និងហេដ្ឋារចនាសម្ព័ន្ឋមួយចំនួនទៀត ផ្តោតលើភាពបៃតង”។
ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានមានប្រសាសន៍ថា តំបន់ជ្រោយចង្វារ និងតំបន់ស្របតាមបណ្តោយផ្លូវជាតិលេខ៦អា កំពុងពង្រីកសក្តានុពលយ៉ាងសម្បើម និងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដោយបច្ចុប្បន្នមានគម្រោងអភិវឌ្ឈន៍ធំៗជាច្រើនបាននិងកំពុងបង្ហាញខ្លួន ពិសេសបុរីប្រណីតៗជាច្រើនបាន និងកំពុងសាងសង់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងអ្នកវិនិយោគអន្តរជាតិ។
លោកបន្តថា “ភាពអំណោយផលនៃហេដ្ឋារចនាសម្ព័ន្ឋ និងធនធានធម្មជាតិគឺដងទន្លេសាប និងទន្លេមេគង្គបានផ្តល់ឲ្យតំបន់នេះ នូវបរិយាកាសស្រស់ស្រាយ ជាមួយខ្យល់អាកាសបរិសុទ្ឋ ធ្វើឲ្យអ្នករស់នៅតំបន់នេះមានសុខភាពល្អ និងងាយស្រួលដកដង្ហើម”។ លោកបន្តថា “ការអភិវឌ្ឍន៍យ៉ាងលឿននៅទីនោះ បាននិងកំពុងធ្វើឲ្យតំបន់នេះក្លាយជាទីក្រុងដ៏ស៊ីវិល័យថ្មីមួយនាពេលអនាគត”៕