ដោយៈសុខុម
ភ្នំពេញៈ អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ហើយ នូវធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថាADB ដែលតែងតែជួយដល់បណ្ដាប្រទេសក្រីក្រ។ ប៉ុន្តែមានមនុស្សមិនច្រើនទេដែលដឹងពីប្រវត្តិ និងឥទ្ធិពលរបស់ស្ថាប័នមួយនេះ ហើយតើវាបានប្រភពលុយកពីណា? អញ្ចឹងតោះ! មកស្វែងយល់ត្រួសៗទាំងអស់គ្នា។
ADB ជាធនាគារអភិវឌ្ឍន៍ថ្នាក់តំបន់មួយ ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី១៩ ធ្នូ ឆ្នាំ១៩៦៦ ពោលគឺកាលពី៥៥ឆ្នាំមុន។ ធនាគារនេះ មានទីស្នាក់ការកណ្ដាលនៅសង្កាត់ពាណិជ្ជកម្ម Ortigas Center ក្នុងទីក្រុង Mandaluyong ប្រទេសហ្វីលីពីន។
ធនាគារនេះ មានការិយាល័យចំនួន៣១នៅទូទាំងពិពលោក សម្រាប់លើកកម្ពស់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ នៅពេលបង្កើតដំបូង ធនាគារនេះមានប្រទេសជាសមាជិកចំនួន៣១ ហើយបច្ចុប្បន្នមាន៦៨ប្រទេសជាសមាជិក
ធនាគារនេះ បានយកម៉ូឌែលស្រដៀងគ្នានឹងធនាគារពិភពលោក (World Bank) ដែរ ហើយមានប្រព័ន្ធបោះឆ្នោតស្រដៀងគ្នា។ ធនាគារនេះ តែងតែបញ្ចេញរបាយការណ៍សង្ខេបអំពីប្រតិបត្តិការ ថវិកា និងព័ត៌មានផ្សេងៗទៀតសម្រាប់សាធារណជន។
កម្មវិធីអាហារូបករណ៍ADB-ជប៉ុន (ADB-JSP) ផ្ដល់ជូនដល់និស្សិតប្រមាណ៣០០នាក់ក្នុងមួយឆ្នាំៗ នៅតាមគ្រឹះស្ថានឧត្ដមសិក្សា ក្នុងប្រទេសចំនួន១០ក្នុងតំបន់។ នៅពេលបញ្ចប់ការសិក្សា និស្សិតទាំងនោះនឹងវិលត្រលប់ ទៅចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅក្នុងប្រទេសរបស់ពួកគេវិញ។
* ឥទ្ធិពលនៃធនាគារ ADB
ធនាគារ ADB មានឥទ្ធិពលខ្លាំងមិនធម្មតាឡើយ ព្រោះស្ថាប័នមួយនេះ បានក្លាយជាអ្នកឃ្លាំមើលផ្លូវការមួយរស់អង្គការសហប្រជាជាតិ។
គិតត្រឹមថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៨ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក កាន់កាប់ចំណែកភាគហ៊ុនក្នុងម្នាក់ៗ១៥,៥៧១% ចិនកាន់កាប់៦,៤២៩% ប្រទេសឥណ្ឌា កាន់កាប់ ៦,៣១៧% ហើយប្រទេសអូស្ត្រាលីកាន់កាប់៥,៧៧៣%។
អ្នកធ្វើគោលនយោបាយខ្ពស់បំផុតនៃធនាគារនេះ គឺគណៈអភិបាល (Board of Governors) ដែលមានសមាសភាពតំណាងមួយរូបៗ មកពីប្រទេសជាសមាជិកនីមួយៗ។ គណៈអភិបាលនេះបោះឆ្នោតជ្រើសតាំងខ្លួនឯង ក្នុងចំណោមសមាជិកទាំង១២រូបនៃក្រុមប្រឹក្សាភិបាល (Board of Directors) និងអនុប្រធានរបស់ពួកគេ។ សមាសភាព៨រូបនៃសមាជិមទាំង១២ មកពីតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ចំណែកឯសមាជិកផ្សេងទៀតបណ្ដាប្រទេសជាសមាជិកដែលមិននៅក្នុងតំបន់។
គណៈអភិបាល ក៏បោះឆ្នោតជ្រើសតាំងប្រធានរបស់ធនាគារនេះ ដែលនឹងក្លាយជាប្រធានក្រុមប្រឹក្សាភិបាល និងគ្រប់គ្រងធនាគារADB ផងដែរ។ ប្រធានធនាគារនេះកាន់តំណែងមួយអាណត្តិ៥ឆ្នាំ ហើយប្រហែលជាត្រូវបោះឆ្នោតជ្រើសតាំង មួយអាណត្តិទៀត។ ហើយដោយសារតែប្រទេសជប៉ុន ជាម្ចាស់ភាគហ៊ុនធំបំផុតមួយ ជាទូទៅប្រធានគឺតែងតែជាជនជាតិជប៉ុន។
ទីស្នាក់ការកណ្ដាលរបស់ធនាគារនេះគឺស្ថិតនៅផ្លូវ 6 ADB Avenue ក្រុង Mandaluyong ប្រទេសហ្វីលីពីន ហើយមានការិយាល័យចំនួន៣១នៅអាស៊ី-ប៉ាស៊ីហ្វិក និងការិយាល័យតំណាងនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក្រុង Frankfurt អាល្លឺម៉ង់ តូក្យូ ប្រទេសជប៉ុន និងក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។ ធនាគារនេះជួលបុគ្គលិកប្រមាណ៣.០០០នាក់ ដែលតំណាងឱ្យប្រទេសចំនួន៦០ ក្នុងចំណោមប្រទេសដែលជាសមាជិកទាំង៦៨ប្រទេស។
ធនាគារ ADB ជាស្ថាប័នអភិវឌ្ឍន៍សង្គម ដែលប្ដេជ្ញាជួយកាត់បន្ថយភាពក្រីក្រនៅអាស៊ី-ប៉ាស៊ីហ្វិក តាមរយៈការផ្ដល់ឥណទាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន កំណើនប្រកបដោយនិរន្តភាពផ្នែកបរិស្ថាន និងការសមាហរ័ណកម្មតំប់។ ហើយការកាត់បន្ថយភាពក្រីក្រនេះ ធ្វើឡើងការវិនិយោគ ក្នុងទម្រង់ជាឥណទាន ជំនួយឥតសំណង និងការចែករំលែកព័ត៌មាន ដោយជួយប្រទេសនានាឱ្យត្រៀមខ្លួនសម្រាប់ផលប៉ះពាល់ដែលបង្កឡើង ដោយបម្រែបម្រួលអាកាសធាតុ ឬគ្រប់គ្រងធនធានធម្មជាតិរបស់ពួកគេ ព្រមទាំងនៅក្នុងវិស័យផ្សេងៗទៀតផងដែរ។
ចំនួន៨០%នៃការផ្ដល់ឥណទានរបស់ធនាគារ ADB គឺផ្ដោតលើវិស័យចំនួន៥ដូចខាងក្រោម៖
- វិស័យអប់រំ
- បរិស្ថាន បម្រែបម្រួលអាកាសធាតុ និងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ
- ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ
- ហេដ្ឋារចនាសម្ព័ន្ធ រួមមានវិស័យដឹកជញ្ជូន និងទូរគមនាគមន៍ ការផ្គត់ផ្គង់ទឹក និងថាមពលអគ្គិសនី និងអនាម័យ និងការអភិវឌ្ឍក្រុង
- កិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរ័ណកម្មតំបន់
- ការផ្ដល់ឥណទានដល់វិស័យឯកជន
* មូលនិធិ និងធនធាន
Financing Partnership Facilities (Platform ប្រតិបត្តិការសម្រាប់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររយៈពេលវែង និងពហុភាគី) ជាង៥០ មូលនិធិ Trust Fund និងមូលនិធិផ្សេងៗទៀតដែលក្នុងមួយឆ្នាំៗ មានទំហំទឹកប្រាក់ជាច្រើនពាន់លានដុល្លារ ត្រូវបានគ្រប់គ្រងដោយធនាគារ ADBហើយស្នើគម្រោង ដែលជួយលើកកម្ពស់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅអាស៊ី-ប៉ាស៊ីហ្វិក៕