តើគំរោងខ្សែក្រវ៉ាត់១ ផ្លូវ១របស់ចិនបានចាប់ផ្តើមពីពេលណា និងមានគោលដៅ ដូចម្តេច?

0

ដោយៈ ហ្សង់-ហ្រ្វង់ស័រ តាន់

ភ្នំពេញៈ ខែកញ្ញាឆ្នាំ2013 ប្រធានាធិបតីចិនលោកស៊ី ជីនពីងបានប្រកាសនូវមហាគម្រោងថ្មីមួយរបស់ចិន ជាភាសាអង្គគ្លេសហៅថា” One Belt One Road ” ឥឡូវគេនាំគ្នានិយាយថាផ្លូវសូត្រថ្មី។

វាជាការសាងសង់ហេដ្ឋារចនាសម្ពន្ធគមនាគមន៍ផ្លូវគោគ និងផ្លូវទឹក ដើម្បីតភ្ជាប់ប្រទេសចិន ទៅនឹងតំបន់សំខាន់ៗចំនួនប្រាំនៃពិភពលោក នោះគឺអាស៊ីអាគ្នេយ៍ អឺរ៉ុប អាហ្វ្រិក អាមេរិកខាងត្បូង និងលំហដែនដីអតីតសាធារណរដ្ឋរបស់សហភាពសូវៀត។

គម្រោង One Belt One Roadនេះមិនខុសគ្នា ពីការសាងសង់ផ្លូវគមនាគមន៍របស់ចក្រភពធំៗនៅក្នុងអតីតកាលទេ។ នៅក្នុងអតីតកាលចក្រភពធំៗ សាងសង់ផ្លូវគមនា​គមន៍ ដើម្បីតភ្ជាប់ដង្ហើមសេដ្ឋកិច្ចនៃអំណាចកណ្ដាល ទៅនឹងដង្ហើមសេដ្ឋកិច្ចបណ្ដាលប្រទេ​សដែលខ្លួនកាន់កាប់។

រីឯថ្នាក់ដឹងនាំចិនវិញចង់កសាងផ្លូវគោក និងផ្លូវទឹកដើម្បីតភ្ជាប់ដង្ហើមសេដ្ឋកិច្ចនៃប្រទេសខ្លួន ទៅនឹងដង្ហើមសេដ្ឋកិច្ចនៃតំបន់សំខាន់ៗ ក្នុងពិភពលោក។ ជាឧទាហរណ៍ជាក់ស្ដែងថា នៅអាស៊ីអាគ្នេយ៍ គម្រោង One Belt One Road របស់ចិន គឺជាការសាងសង់ផ្លូវតំបន់មួយដែលចេញពី Kunming ខេត្ត Yunnan ប្រទេសចិន ទៅកាន់ឡាវ កម្ពុជា វៀតណាម ថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងសឹង្ហបុរី។

មហាយក្សចិនមិនមែនកសាងផ្លូវថ្នល់ និងផ្លូវដែកថ្មីសន្លាង និងទាំងស្រុងឆ្លងកាត់គ្រប់គ្រប់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍នោះទេ។ គោលដៅរបស់ចិនគឺពង្រីក និងជួសជុលផ្លូវថ្នល់និងផ្លូវដែក ដែលមានស្រេចនៅប្រទេសអាស៊ីអាគ្នេយ៍និមួយៗ ដើម្បីឲ្យវាមានទ្រង់ទ្រាយជាហេដ្ឋារចនាសម្ព័ន្ធតំបន់ តភ្ជាប់តំបន់អាស៊ីអាគ្នេយ៍ទាំងមូល ទៅនឹងប្រទេសចិន។

បើនិយាយពីផ្លូវទឹកនៃគម្រោង One Belt One Road វិញ ត្រូវចេញពីអាស៊ីអាគ្នេយ៍តែម្ដង និយាយឲ្យចំគឺចេញពីតំបន់សមុទ្រចិនខាងត្បូង ឆ្ពោះទៅកាន់មហាសមុទ្រឥណ្ឌា និងទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក។ ក្នុងន័យនេះហើយ ដែលគេអាចស្វែងយល់បានពីមហិច្ឆតារបស់ចិន ក្នុងការកាន់កាប់ទីប្រជុំកោះប៉ារ៉ាសែល (Paracel) និងស្ព្រាត់លី (Sprately) នៅក្នុងសមុទ្រចិនខាងត្បូង។

ប្រយោជន៍សេដ្ឋកិច្ច គឺជាមហិច្ឆតាក្នុងរយៈកាលខ្លីរបស់ចិន តាមរយៈគម្រោងផ្លូវសូត្រថ្មី One Belt One Road នេះ។

ហេតុអ្វី? ទីមួយ គឺមកពីចិនមានមហិច្ឆតា ចង់ឲ្យរូបិយប័ណ្ណចិនក្លាយជារូបិយប័ណ្ណអន្តរជាតិ។ ហើយគម្រោង One Belt One Road នេះរបស់ចិន ដែលមានលក្ខណៈជាសកល អាចនឹងជួយឱ្យរូបិយប័ណ្ណចិន ក្លាយជារូបិយប័ណ្ណអន្តរជាតិ សម្រាប់ផ្ដោះប្ដូរពាណិជ្ជកម្ម។

ទីពីរ មកពីទាំងចិន និងបណ្ដាប្រទេសដៃគូរសេដ្ឋកិច្ចរបស់ចិន មិនយូរមិនឆាប់នឹងទាញយកបានប្រយោជន៍សេដ្ឋកិច្ចរៀងៗខ្លួន។ នៅម្ខាងបណ្ដាប្រទេស ដែលពាក់ព័ន្ធនឹងគម្រោង One Belt One Road យល់ច្បាស់ថា ការវិនិយោគលើហេដ្ឋារចនាសម្ពន្ធគមនាគមន៍ នឹងបើកលទ្ធភាពឲ្យពួកគេ បោះជើងទៅរបស់ភាពរុងរឿងសេដ្ឋកិច្ចលឿនរហ័សជាងមុន។

នៅម្ខាងទៀត ថ្នាក់ដឹកនាំចិន ចង់កាត់បណ្ថយការពឹងពាក់សេដ្ឋកិច្ចរបស់ចិនទៅលើការនាំចេញទៅកាន់បស្ចិមលោក។

ធ្វើដូចនេះទៅបាន វាទាល់តែតំបន់ផ្សេងៗទៀតក្នុងលោក ជាអាទិ៍តំបន់អាស៊ីអាគ្នេយ៍ ស្គាល់សំទុះការអភិវឌ្ឍខ្លាំងក្លា ដើម្បីអាចក្លាយតទៅថ្ងៃមុខ ជាទីផ្សារសំខាន់របស់ចិនស្មើនឹងទីផ្សារអាមេរិក និងអឺរ៉ុប។

រីឯក្នុងរយៈកាលមធ្យម និងក្នុងរយៈកាលវែងវិញ គម្រោង One Belt One Road នឹងអាចនាំមកឱ្យចិន នូវប្រយោជន៍ភូមិសាស្ត្រនយោបាយ នៅត្រង់ថា ចិននឹងពង្រឹកឥទ្ធិពលនយោបាយរបស់ខ្លួន ទៅលើគ្រប់ជ្រុងជ្រោយ ទៅលើគ្រប់ទីកន្លែងណាដែលឆ្លងកាត់ដោយគម្រោងផ្លូវសូត្រថ្មីនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here