ដោយៈគង់ ម៉ាលីន
ភ្នំពេញៈ រដ្ឋមន្រ្ហីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្រ្តី ស៊ុនចាន់ថុលបានមានប្រសាសន៍ឲ្យដឹងថា ប្រទេសកម្ពុជា នឹងមានរោងចក្រផលិតបេតុងកៅស៊ូ ឬ asphalt concrete សម្រាប់យកធ្វើផ្លូវ ដោយខ្លួនឯងជាលើកដំបូងបង្អស់ក្នុងឆ្នាំនេះ។
ក្នុងឱកាសចុះពិនិត្យទីតាំងរោងចក្រ កាលពីចុងសប្តាហ៍មុន លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ ក្នុងកិច្ចចុះពិនិត្យទីតាំងថា “យើងមិនដែលមានរោងចក្រផលិតបេតុងកៅស៊ូខ្លួនយើងទេ នេះជាលើកដំបូង។ រោងចក្រនេះនឹងមានសមត្ថភាពផលិតបេតុងកៅស៊ូបាន១២០តោនក្នុង១ម៉ោង សម្រាប់យកមកធ្វើផ្លូវ ដោយប្រើវត្ថុធាតុដើមដូចជា វត្ថុធាតុដើម ថ្ម ខ្សាច់ និងកៅស៊ូ”។
លោកបន្តថា “ចំពោះគ្រឿងចក្រ យើងសុំពីក្រុមហ៊ុនសៀងហៃ ឱ្យជួយផ្ញើមកឱ្យយើង ដែលមានតម្លៃសរុបប្រមាណ ១,១លានដុល្លារ ប៉ុន្តែការងារសាងសង់ផ្សេងៗ យើងត្រូវធ្វើខ្លួនឯង ដែលមិនទាន់បាន់ប្រមាណបានថានឹងចំណាយប៉ុន្មានទេ”។
បច្ចុប្បន្នក្រុមការងារកំពុងចាក់គ្រឹះ ហើយនៅរយៈពល៣ខែក្រោយ នឹងអាចតម្លើងគ្រឿងចក្របានហើយ។
ការដាក់រោងចក្រនៅទីតាំងកំពត-កែប គឺដោយសារនៅពេលដ៏ខ្លីខាងមុននេះ រដ្ឋាភិបាលនឹងចាប់ផ្ដើមស្ដារផ្លូវជាតិលេខ៣១ លេខ៣៣ និងលេខ៤១។ ដូច្នេះទីតាំងនេះគឺសាកសម្យបំផុត។ លើសពីនេះ នៅឆ្នាំក្រោយ ក្រសួងសាធារណៈការ ក៏គ្រោងនឹងបង្កើតរោងចក្រមួយទៀតនឹងបាត់ដំបងផងដែរ។នេះបើតាមការបញ្ជាក់របស់លោកស៊ុន ចាន់ថុល។
លោកបន្តថា “ការមានរោងចក្រផលិតបេតុងកៅស៊ូខ្លួនឯងដូច្នេះ នឹងជួយឱ្យយើងមិនចាំបាច់ទិញពីគេច្រើនដូចមុន ដែលអាចនឹងមានបញ្ហាយឺតយ៉ាវ នៅពេលគេមិនមានរបស់លក់ឱ្យយើង”។លោកបន្ថែមថា “រោងចក្រនេះទៀតសោត នឹងគ្រប់គ្រងដោយក្រសួងផ្ទាល់ ដោយផលិតផលក្រសួងនឹងប្រើសម្រាប់ធ្វើផ្លូវដោយខ្លួនឯងផង ហើយសេសសល់នឹងលក់ទៅឱ្យឯកជនផងដែរ”។
លោកស៊ុន ចាន់ថុលបានសម្តែងសុទិដ្ឋិនិយមថា ការមានរោងចក្រខ្លួនឯងនេះ នឹងជួយធ្វើឱ្យការងារធ្វើផ្លូវលឿន ងាយស្រួល និងសន្សំសម្ចៃថវិកាជាងមុន។ បច្ចុប្បន្នកម្ពុជាមានផ្លូវជាច្រើនដែលជាផ្លូវ DBST ហើយផ្លូវលើកកម្រិតមកជា AC ៕