ដោយៈ គៀតឈូ
ភ្នំពេញៈ កិច្ចប្រជុំដោយផ្ទាល់រវាងរដ្ឋមន្រ្តីការបរទេសចិន និងបណ្តាប្រទេសអាស៊ាននឹងធ្វើនៅចុងឈីង (Chongqing) ពីថ្ងៃចន្ទ ដល់ថ្ងៃអង្គារនេះ ខណៈចិននិងអាស៊ានគ្រោងនឹងមានការពិភាក្សាគ្រប់ជ្រុងជ្រោយស្តី អំពីជំងឺរាតត្បាតសកល និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Global Times នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយកាលពីថ្ងៃអាទិត្យកន្លងមកនេះថា សមាជិកក្រុមប្រឹក្សារដ្ឋចិន និងរដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន ក្នុងពិធីអបអរសាទរខួបលើកទី៣០ នៃទំនាក់ទំនងសន្ទនា និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសឡានឆាង-មេគង្គ (LMC) លើកទី៦ នៅទីក្រុងឆុងឈីង ។
លោក Wang Wenbin បានមានប្រសាសន៍ថា “ឆ្នាំនេះគឺជាខួបលើកទី៣០នៃការបង្កើតទំនាក់ទំនងសន្ទនារវាងចិន និងអាស៊ាន ដែលមើលឃើញពីសារៈសំខាន់ពិសេស សម្រាប់ទំនាក់ទំនងទ្វេភាគី ដើម្បីកសាងបន្ថែមនូវសមិទ្ធិផលកន្លងមក និងបន្តវឌ្ឍនភាពថ្មី”។
អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា ការប្រជុំគ្នាទល់មុខគ្នា ក្រោមស្ថានភាពគម្រាមកំហែងពីវិបត្តកូវីដ១៩ លើប្រទេសនានា នឹងជំរុញការយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងចិន-អាស៊ាន ក្នុងកាលៈទេសៈថ្មី។
លោក Chen Xiangmiao ជំនួយការស្រាវជ្រាវនៅវិទ្យាស្ថានជាតិ ដែលផ្តោតលើការសិក្សាសមុទ្រចិនខាងត្បូងបានមានប្រសាសន៍ថា “ឥឡូវនេះភាគីទាំងពីរកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ដើម្បីធ្វើការចរចាគ្នា ហើយការប្រយុទ្ធប្រឆាំងនឹងវិបត្តិកូវិដ១៩”។ លោកលើកឡើងបន្តថា “ចិន និងអាស៊ាននឹងបង្កើនកិច្ចសហប្រតិបត្តិការរបស់ពួកគេ លើការចែករំលែកវ៉ាក់សាំង ដើម្បីជួយអាស៊ានកាត់បន្ថយការឆ្លងរីករាលនៃជំងឺកូវីដ១៩”។
នៅពេលដែលលោកវ៉ាង យី បានជួបជាមួយលោក Luhut Binsar Pandjaitan ប្រេសិតពិសេសរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី និងជាអ្នកសម្របសម្រួលសម្រាប់កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន នៅ Guiyang ខេត្ត Guizhou ប្រទេសចិនកាលពីថ្ងៃសៅរ៍នោះ ភាគីទាំងពីរបានយល់ព្រមបន្តធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការលើខ្សែសង្វាក់ឧស្សាហកម្មវ៉ាក់សាំងទាំងមូល រួមទាំងការស្រាវជ្រាវផងដែរ និងការអភិវឌ្ឍផលិតកម្ម និងការចែកចាយ ហើយប្រទេសចិននឹងជួយប្រទេសឥណ្ឌូនេស៊ី សាងសង់មជ្ឈមណ្ឌលផលិតវ៉ាក់សាំងក្នុងតំបន់។
លោកChen បាននិយាយថា បញ្ហាបន្ទាន់នៅលើរបៀបវារៈរវាងចិន និងអាស៊ាន គឺការងើបឡើងវិញនៃសេដ្ឋកិច្ច។ អ្នកជំនាញរូបនេះបាននិយាយថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងភាគីទាំងពីរ កំពុងបន្តសន្ទុះខ្លាំងក្លារបស់ខ្លួន បន្ទាប់ពីការចុះកិច្ចព្រមព្រៀង RCEP ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដ៏ធំបំផុតរបស់ពិភពលោក ដែលរួមមានប្រទេសចិន និងបណ្តាប្រទេសអាស៊ាន១០។ អាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មកំពូលរបស់ចិន ដែលបានវ៉ាដាច់អឺរ៉ុប កាលពីឆ្នាំ២០២០។
លោកChen បានមានប្រសាសន៍ថា វិស័យទេសចរណ៍ ជាវិស័យសំខាន់មួយនៅក្នុងកិច្ចសហប្រតិបត្តិការរវាងចិន និងបណ្តាប្រទេសអាស៊ាន ប៉ុន្តែកិច្ចសហប្រតិបត្តិការនេះ ត្រូវបានរាំងស្ទះដោយជំងឺរាតត្បាត”។ លោកបន្តថា “ដូច្នេះខ្ញុំជឿជាក់ថា វិធីដើម្បីបន្តការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន រវាងប្រទេសទាំងនោះឡើងវិញ នឹងត្រូវកំណត់គោលដៅ ដោយកិច្ចប្រជុំនាពេលខាងមុខនេះ”។
លោកWang Wenbin បានមានប្រសាសន៍ថា យន្តការសហប្រតិបត្តិការអនុតំបន់ថ្មី ដែលមានការពិគ្រោះយោបល់ទូលំទូលាយរវាងចិន កម្ពុជា ឡាវ ភូមា ថៃ និងវៀតណាម បានអភិវឌ្ឍយ៉ាងឆាប់រហ័ស និងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃប្រទេសទាំង៦យ៉ាងរឹងមាំ និងនាំមកនូវអត្ថប្រយោជន៍ដល់ប្រជាជន។
ក្រុមអ្នកវិភាគបាននិយាយថា នៅពេលដែលសេដ្ឋកិច្ចពិភពលោក ត្រូវបានគំរាមកំហែង ដោយការរីករាលដាលនៃជំងឺរាតត្បាត និងកើនឡើងនៃការគាំពារនិយមកើនឡើងនោះ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញស្ថេរភាពសេដ្ឋកិច្ច ក្នុងតំបន់ និងជួយកាត់បន្ថយឯកតោភាគីនិយមរបស់អាមេរិក។
លោកBi Shihong សាស្រ្តាចារ្យនៅមជ្ឈមណ្ឌលសិក្សាការទូតជិតខាង និងសាលាសិក្សាអន្តរជាតិ នៃសាកលវិទ្យាល័យយូណានបាននិយាយថា “ពេលវេលាសម្រាប់ការពិភាក្សាអំពីលិខិតឆ្លងដែនវ៉ាក់សាំងរវាងចិន និងបណ្តាប្រទេសអាស៊ានបានមកដល់ហើយ ទោះបីជាវាត្រូវការពេលវេលាក៏ដោយ”។
លោកបានកត់សម្គាល់ថា បច្ចុប្បន្នបណ្តាប្រទេសអាស៊ាន មានអត្រាចាក់ថ្នាំបង្ការទាប ហើយលិខិតឆ្លងដែនវ៉ាក់សាំង អាចត្រូវបានដាក់ឱ្យអនុវត្តន៍ នៅពេលដែលភាគីទាំងពីរព្រមព្រៀង និងមានអត្រាចាក់វ៉ាក់សាំងដែលត្រូវនឹង“ស្តង់ដារវិទ្យាសាស្ត្រ”៕