លោកឧកញ៉ាលឹម ហេងៈក្រុមហ៊ុនធំៗរបស់ចិន អាមេរិក អឺរ៉ុបជាច្រើនត្រៀម ចូលមកកាន់ទីផ្សារកម្ពុជា

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា ក្រុមហ៊ុនធំៗរបស់ចិន អាមេរិក និងអឺរ៉ុបជាច្រើនបានត្រៀមខ្លួនរួចហើយ ដើម្បីចូលមកវិនិយោគនៅកម្ពុជា។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នៅរសៀលថ្ងៃទី៧ ឧសភានេះថា នៅពេលរដ្ឋាភិបាលអាចចាក់វ៉ាក់សាំងបង្ការជំងឺវីដ១៩ បានចន្លោះពី៧០ទៅ៨០ភាគរយ វិនិយោគិនជាច្រើននឹងមកកាន់កម្ពុជា ព្រោះកម្ពុជានៅមានឱកាសច្រើនណាស់ សំរាប់ការរីកចម្រើន និងផលចំណេញ ដោយសារគោលនយោបាយរបស់រដ្ឋាភិបាលកាន់តែបើកចំហ ពិសេសច្បាប់វិនិយោគថ្មីកំពុងតែត្រៀមអនុម័ត ដែលនឹងបង្កបរិយាកាសវិនិយោគកាន់តែប្រសើរថែមទៀត ទាំងអ្នកវិនិយោគក្នុងស្រុក និងបរទេស។

លោកបន្តថា “សង្រ្គាមពាណិជ្ជកម្មរវាងចិន និងអាមេរិក នឹងទាក់ទាញក្រុមហ៊ុនអាមេរិក អឺរ៉ុបធំៗជាច្រើនមកវិនិយោគនៅកម្ពុជា ដើម្បីនាំចេញដោយរួចពន្ឋទៅកាន់ប្រទេសចិន ដោយសារកម្ពុជាបានចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជាមួយចិន បានចូលជាធរមានរួចហើយ”។ លោកបន្តថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន បានផ្តល់ឲ្យកម្ពុជានូវកាលានុវត្តន៍ភាពដ៏សំខាន់ ក្នុងការពង្រីកទំហំពាណិជ្ជកម្មទៅក្រៅប្រទេស”។

លោកឧកញ៉ាលឹម ហេងបានបន្តថា ជាក់ស្តែងទំហំពាណិជ្ជកម្មរបស់កម្ពុជាបានកើនឡើងជាមួយប្រទេសក្នុងតំបន់ ជាមួយអាមេរិក ជប៉ុនបានកើឡើងយ៉ាងល្អប្រសើរ បើទោះបីកម្ពុជាមានបញ្ហាជំងឺកូវីដក្តី។ លោកបន្តថា ការរីកចម្រើននៃសេដ្ឋកិច្ច ការពង្រីកទំហំពាណិជ្ជកម្មទៅក្រៅប្រទេស យើងជឿថាសេដ្ឋកិច្ចកម្ពុជា នឹងហក់ឡើងខ្ពស់នៅឆ្នាំ២០២២ខាងមុខនេះ។

លោកឧកញ៉ាបានបន្តទៀតថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ពិតជាធ្វើបានល្អខ្លាំងណាស់ ដោយរយៈពេល២០ឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុជាមានភាពរីកចម្រើនយ៉ាងខ្លាំង យើងមានអាគារកប់ពពកជាច្រើន មានស្ពានអាកាស មានផ្លូវល្បឿនលឿន ពិសេសក្នុងអំឡុងវិបត្តិកូវីដ១៩នេះ កម្ពុជាមានលទ្ឋភាពអាចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង២លាននាក់រួចហើយ ជាល្បឿនដ៏លឿនមួយ ដែលបង្ហាញពីសមត្ថភាពនិងការដឹកនាំរបស់រដ្ឋាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here