អ្នកមានដីនៅជើងភ្នំបូកគោកំពុងត្រួវប៉ាន់ខ្លាំង ស្របពេលតំបន់សាងសង់អាគាររដ្ឋបាលក្រុងបង្ហាញទីតាំងជាក់លាក់

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ស្របពេលរដ្ឋាភិបាល និងក្រុមហ៊ុនសុខាបានបង្ហាញទីតាំងសាងសង់តំបន់រដ្ឋបាល ក្រុងបូកគោថ្មីជាក់លាក់ បានធ្វើឲ្យអ្នកមានដីនៅជាប់ជើងភ្នំបូកគោ និងតំបន់ជុំវិញត្រូវប៉ាន់ខ្លាំង។

ជាមួយនឹងទស្សនទានអភិវឌ្ឍន៍ជាទីក្រុងឆ្លាតវៃ ក្រុមហ៊ុន Sokha Hotel និងរដ្ឋាភិបាលបាន និងកំពុងពន្លឿនផែនការអភិវឌ្ឍន៍ទីក្រុងថ្មីនេះ ដើម្បីឆ្លើយតបកំនើនប្រជាសា​ស្រ្ត ឆ្លើយតបនឹងកំនើននគរូបនីយកម្ម និងឆ្លើយតបនឹងផែនការអភិវឌ្ឍន៍នានារបស់ក្រុមហ៊ុនឯកជន។

ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានមានប្រសាសន៍ឲ្យ​ដឹងនារសៀលថ្ងៃទី៧ មិថុនាកន្លងមកថា ការរីកចម្រើនរបស់ខេត្តកំពតនិយាយជារួម និងនិយាយដោយឡែកសម្រាប់ទីក្រុងបូកគោថ្មី នឹងធ្វើឲ្យតម្លៃអចលនទ្រព្យ ពិសេសដីធ្លីនៅទីក្រុងថ្មីនេះកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយតម្លៃដីធ្លីនឹងកើនឡើងថែមទៀត នៅពេលខាងមុខ ខណៈចរន្តនៃការអភិវឌ្ឍបាននិងកំពុងសម្រុ​កទៅកាន់ខេត្តតំបន់ឆ្នេរមួយនេះ។

លោកបន្តថា “ការអភិវឌ្ឍទីក្រុងថ្មីរបស់រដ្ឋាភិបាល មិនត្រឹមតែជំរុញឲ្យមានការវិនិ​យោគកើនឡើងក្នុងខេត្តកំពត ពិសេសតំបន់ក្រុងបូកគោថ្មីប៉ុណ្ណោះទេ តែវានឹងលើកស្ទួយមុខមាត់ ខេត្តកំពតទៅកាន់កម្រិតថ្មីមួយទៀតនាពេលឆាប់ៗនេះ”។ លោកបន្តថា “បច្ចុប្បន្នអ្នកជំនាញ ​និងអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យ កំពុងមើលឃើញថា ខេត្តកំពតនឹងជាខេត្តមានការរីកចម្រើនលឿនបន្ទាប់ ពីខេត្តព្រះសីហនុ”។

លោកយិន លាងគង់បានបន្តថា ទីក្រុងបូកគោថ្មី នឹងមានភាពស្រស់ស្អាតទាំងហេដ្ឋារចនាសម្ព័ន្ឋទេសភាព និងការរៀបចំប្រព័ន្ឋទឹកក្រោមដី ដោយសារវាត្រូវបានរៀបចំជាទីក្រុងឆ្លាតវៃ។លោកបន្តថា ជាទីក្រុងថ្មី ក្រុងបូកគោនឹងមានការរៀបចំហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ ដោយសារទីតាំងជាតំបន់ភូមិសាស្រ្តថ្មី ងាយស្រូលក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ឋនានា។

លោកបណ្ឌិតគីម ហ៊ាង ប្រធាន KW Cambodiaបានមាន​ប្រសាសន៍ឲ្យដឹងថា ខេត្តកំពតកំពុងរីកចម្រើនលឿន ហើយការអភិវឌ្ឈន៍ តម្លៃដីធ្លីនៅកម្ពុជាកើនឡើងខ្ពស់លើសអ្វីដែលយើងមិនធ្លាប់បានគិតដល់។

លោកបន្តថា “សម្រាប់ក្រុងបូកគោ គឺជាទីតាំងដ៏មានសក្តានុពល ទាំងសណ្ឋានដី ភូមិសាស្រ្ត និងលក្ខខ័ណ្ឌអាកាសធាតុ”។

អភិបាលខេត្តកំពតលោកជាវ តាយបានមានប្រសាសន៍ថា ខេត្តកំពតកំពុងមានការរីកចម្រើនខ្លាំង ដោយមិនមានគំរោងណាមួយបានផ្អាកដោយសារជំងឺកូវីដឡើយ ពិសេសជើងភ្នំបូកគោ ដែលរដ្ឋាភិបាលបាននិងកំពុងពន្លឿន ការរៀបចំហេដ្ឋារចនាសម្ព័ន្ឋ និងតំបន់រដ្ឋបាលក្រុងថ្មី កំពុងទាក់ទាញការវិនិយោគកាន់តែច្រើន ទាំងអ្នកវិនិយោគក្នុងស្រុក និងអ្នកវិនិយោគបរទេស។

លោកបន្តថា “ក្រុងបូកគោកំពុងចាប់ផ្តើមសកម្មភាពអភិវឌ្ឍន៍ហើយ ដែលវានឹងធ្វើឲ្យតម្លៃអចលនទ្រព្យនៅទីនោះ នឹងឡើងថ្លៃថែមមួយកម្រិតទៀត ខណៈរដ្ឋបាលខេត្តកំពុងរៀបចំកាត់ឃុំចំនួន៣ ក្នុងស្រុកទឹកឈូ មកចូលក្នុងដែនរដ្ឋបាលខេត្តកំពតផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here