ដោយៈ ម៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុនផលិតកង់រថយន្តធំៗ ជាច្រើនបានជ្រើសរើសកម្ពុជា ទីតាំងផលិ តកម្ម ខណៈកម្ពុជាបានត្រៀមខ្លួន ក្នុងការផ្គត់ផ្កង់កៅស៊ូ ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ។
ក្រុមហ៊ុនផលិតកង់ចិន General Science Technology បានប្រកាសដើមខែមិថុនានេះថា ក្រុមហ៊ុននឹងសាងសង់រោងចក្រមួយ ដែលមានទឹកប្រាក់១៦៦លានផោន (១,៣ ពាន់លានយ័ន ឬជាង២៣៥លានដុល្លារ) នៅក្នុងប្រទេសកម្ពុជា ដែលមានសមត្ថភាព ផលិតសំបកកង់រថយន្តបាន៦លានសំបកក្នុងមួយឆ្នាំ។ រោងចក្រផលិតសំបកកង់ថ្មីនេះ នឹងមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ហើយរំពឹងថានឹងចាប់ផ្តើមដំណើរការនៅខែកញ្ញា ឆ្នាំ២០២២។
ជាមួយគ្នានេះ ក្រុមហ៊ុនចិន Sailun Group កំពុងពិចារណាបង្កើតរោងចក្រផលិតសំបកកង់រថយន្តដឹកអ្នកដំណើរ ដែលមានតម្លៃជាង១៨០លានដុល្លារនៅកម្ពុជា។ ក្រុមហ៊ុន Sailun បានឱ្យដឹងថា ក្រុមហ៊ុនគ្រោងសាងសង់រោងចក្រមួយ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស QiLu (ខេមបូឌា) ក្នុងខេត្តស្វាយរៀង ដែលមានសមត្ថភាពផលិតសំបកកង់រាប់ក្នុងមួយឆ្នាំ។
ចំណែកក្រុមហ៊ុន Cart Tire Co., Ltd កាលពីខែកុម្ភៈ ឆ្នាំ២០២១ គម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្ត មានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ បាវិត ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ១៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣៨០កន្លែង។
លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងប្រាប់នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ នេះថា លោកស្វាគមន៍ចំពោះព័ត៌មាន ដែលមានក្រុមហ៊ុនគ្រោងនឹងបង្កើតរោងចក្រសំបកកង់នេះ ដោយលោកឧកញ៉ាបានលើកឡើងថា ការចូលមករបស់ក្រុមហ៊ុនធំៗ ក្នុងបង្កើតជារោងចក្រផលិតសំបកកង់គ្រប់ប្រភេទនេះ គឺជាអ្វីដែលកម្ពុជាកំពុងទន្ទឹងរង់ចាំ។
លោកឧកញ៉ាបានថ្លែងថា “យើងអាចផ្គត់ផ្គង់ដល់ការផលិតបាន ដោយសារយើងមានផ្ទៃដីដាំដុះកៅស៊ូ៤០ម៉ឺនហិកតាហើយ នៅទូទាំងប្រទេស”។លោកបន្តថា “នេះគឺជាឱកាសល្អ សម្រាប់ទីផ្សារកៅស៊ូនៅប្រទេសកម្ពុជាយើង”។
លោកបានបន្តថា ពេលក្រុមហ៊ុនបង្កើតរោងចក្រផលិតលសំបកកង់នៅកម្ពុជា ក្រុមហ៊ុនក៏នឹងមានឱកាស ក្នុងការនាំចេញទីផ្សារអន្តរជាតិជាច្រើន ដោយសារកម្ពុជាមានកិច្ចព្រមព្រៀងសេរីកម្ពុជាជាច្រើនជាមួយបណ្តាប្រទេសនានា៕