អ្នក​វិនិយោគចិនដែលស្គាល់កម្ពុជាច្បាស់បានបន្តពង្រីកការវិនិយោគនៅកម្ពុជា

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ អ្នកជំនាញបានអះអាងថា អ្នកវិនិយោគចិននៅកម្ពុជា បានបន្តពង្រីកការ វិនិយោគនៅកម្ពុជា ខណៈអ្នកវិនិយោគមួយចំនួនបានរង់ចាំមើល និងមួយចំនួនទៀតបានពន្យាគំរោងរបស់ពួកគេ។

លោកស្រីអាន សុធីតាអ្នកជំនាញអចលនទ្រព្យ ដែលមានបទពិសោធន៍ និងវិភាគលើទីផ្សារអចលនទ្រព្យនៅកម្ពុជា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៥ មិថុនាកន្លងមកថា តាមនិន្នាការជាក់ស្តែងយើងឃើញអ្នកវិនិយោគចិន ដែលបានវិនិយោគនៅកម្ពុជារួចហើយ បានពង្រីកឱកាសវិនិយោគរបស់ពួកគេ ប៉ុន្តែក៏មានអ្នកវិនិយោគមួយចំនួនតូចបានពន្យាគំរោង និងរង់ចាំស្ថានភាពល្អប្រសើរឡើងវិញផងដែរ។

លោកស្រីបន្តថា “ខ្ញុំសង្កេតឃើញវិនិយោគិនចិនភាគច្រើន បានពង្រីការវិនិយោគនៅកម្ពុជា​ ដើម្បីចាប់យកឱកាសពេលទីផ្សារវិលមករកភាពប្រក្រតីវិញ ប៉ុន្តែក៏មានអ្នកវិនិយោគមួយចំនួនបានរង់ចាំមើលផងដែរ”។ លោកស្រីបន្តថា “ទោះជាយ៉ាងណា អ្នកវិនិយោគចិនថ្មីៗ មិនទាន់បានឈានជើងមកកម្ពុជានៅឡើយទេ​ ដោយសារការបារម្ភពីស្ថានភាពជំងឺកូវីដ១៩”។

វិនិយោគិនរបស់ចិន បានក្លាយជាអ្នកវិនិយោគធំជាងគេនៅកម្ពុជា លើវិស័យជាច្រើនដូចជា វិស័យវាយណភ័ណ្ឌកាត់ដេរ និងស្បែកជើង ហេដ្ឋារចនាសម្ព័ន្ឋ វារីអគ្គិសនី វិស័យ​សំណង់ និងអចលនទ្រព្យជាដើម។

សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia លោកយិន លាងគង់ បានមានប្រសាសន៍ថា កម្ពុជាមានគុណសម្បត្តិជាច្រើន ដែលនឹងទាក់ទាញការវិនិយោគពីប្រទេសចិនកាន់តែច្រើននាពេលអនាគត ដែលគុណសម្បត្តិទាំងនោះមានដូចជា ទំនាក់ទំនងល្អរវាងប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ភូមិសាស្រ្តនយោបាយដែល​ប្រទេសទាំងពីរត្រូវការគ្នាទៅវិញទៅមក ការដឹកនាំដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល ដែលបានរុញសេដ្ឋកិច្ចកម្ពុជាមានកំនើនរ៉ឹងមាំ ការរៀបចំច្បាប់បទដ្ឋានគតិយុត្តិនានា ដែលជួយសម្រួល និងធ្វើឲ្យបរិយាកាសវិនិយោគកាន់តែមានភាពល្អប្រសើរ។

លោកបន្តថា “បើទោះបីជាមានទំនាក់ទំនងល្អរវាងរដ្ឋាភិបាលទាំងពីរក្តី ប៉ុន្តែបើអ្នកវិនិយោគមិនអាចរកផលចំណេញបាន និតិវិធីច្បាប់ស្មុគ្រស្មាញ មិនអំណោយផល​ដល់ការវិនិយោគ ក៏អ្នកវិនិយោគចិនមិនមកកាន់កម្ពុជានោះដែរ”។លោកបន្តថា “ភាពអំណោយ​ផលនៃលក្ខខ័ណ្ឌភូមិសាស្រ្ត និងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរ នឹងធ្វើឲ្យកម្ពុជា ចិនកាន់តែខិតជិតគ្នាមួយកម្រិតទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here