ដោយៈ គង់ សូរិយា
កំពង់ស្ពឺៈ អភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាងបានបង្ហើបឲ្យដឹងថា ក្រុមហ៊ុនបរទេសចំនួន២០ ដែលចាកចេញពីប្រទេសមីយ៉ាន់ម៉ា បានមកដល់កម្ពុជាបណ្តើរៗហើយ។
លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី១៦ មិថុនាកន្លងមកថា ក្នុងចំណោមក្រុមហ៊ុន២០ ដែលចាកចេញពីប្រទេសភូមា បានមកដល់កម្ពុជាចំនួន៤ក្រុមហ៊ុនហើយ ដោយក្នុងនោះក្រុមហ៊ុនចំនួន២ បានបើកដំណើរការរោងចក្រ សហគ្រាសក្នុងខេត្ត និងពីរទៀតកំពុងសាងសង់។
លោកបន្តថា “ចំណែកក្រុមហ៊ុនមួយចំនួនទៀត កំពុងស្វែងរកទិញដី ដើម្បីវិនិយោគក្នុងខេត្តនេះ ខណៈខេត្តកំពង់ស្ពឺទាក់ទាញរោងចក្រ ឧស្សាហកម្មកាន់តែច្រើននាពេលបច្ចុប្បន្ននេះ”។លោកបន្តថា “បច្ចុប្បន្នខេត្តចង់ឲ្យមានរោងចក្រ សហគ្រាសផ្សេងៗប្រមូលផ្តុំតែនៅតំបន់ផ្លូវ៤៤ ផ្លូវជាតិលេខ៤១ និងផ្លូវជាតិលេខ៥១ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងទាំងសន្តិសុខ សណ្តាប់ធ្នាប់”។
លោកវ៉ី សំណាងបានបន្តថា រហូតមកទល់ពេលនេះ ខេត្តកំពង់ស្ពឺមិនទាន់មានរោងចក្រ សហគ្រាសណាបានបិទទ្វារនោះទេ បើទោះមានផ្អាកមួយចំនួនដោយសារការរីករាលដាលជំងឺកូវីដ១៩ក្តី ប៉ុន្តែការផ្អាកធ្វើដោយផ្នែកប៉ុណ្ណោះ មិនបិទរោងចក្រទាំងមូលនោះទេ។
ខេត្តកំពង់ស្ពឺនាពេលបច្ចុប្បន្នប្រៀបដូចជា មូលដ្ឋានស្នូលដ៏សំខាន់មួយ ដែលបណ្តាផ្លូវជាតិសំខាន់ៗសុទ្ឋតែឆ្លងកាត់ ដូចជាផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៥១ ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុជាដើម៕