ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលនៃប្រទេសហ្វីលីពីន បានតម្រូវអោយសាងសង់អគារបៃតនៅតាមរដ្ឋធានី និងខេត្តក្រុងនានានៅទូទាំងប្រទេស បន្ទាប់ប្រទេសមួយនេះបានកត់សម្គាល់ឃើញថា មានតម្រូវការប្រើប្រាសថាមពលយ៉ាងច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។
នៅក្នុងសិក្ខាសាលាស្តីពី Green Cities in Making ក្នុងទីក្រុងមានីល ប្រទេសហ្វីលីពីនកាលពីចុងសប្តាហ៍កន្លងទៅនេះ អ្នកជំនាញបានកត់សម្គាល់ថា វិធានការនានាលើការអនុវត្តការកសាងនិរន្តរភាព កំពុងត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាល នៃប្រទេសហ្វីលីពីនទាំងនៅថ្នាក់ជាតិ និងថ្នាក់ខេត្តទោះបីជាមានតំបន់មួយចំនួន មិនទាន់ច្បាស់លាស់សម្រាប់ការកែលម្អក៏ដោយ។
លោក Eduardo A. Manahan ប្រធានសមាគមអចលនទ្រព្យ និងអ្នគ្រប់គ្រងអគារហ្វីលីពីនបានឱ្យដឹងថា ប្រទេសហ្វីលីពីនកំពុងស្ថិតនៅលើផ្លូវត្រូវ ដើម្បីក្លាយជាទីក្រុងបៃតង និងទីក្រុងឆ្លាត (Green and Smart City) ។ យើងមានច្បាប់ស្តីពការអគារបៃតង ហើយយើងក៏កំពុងស្ថិតក្នុងដំណើរការអនុម័តច្បាប់ស្តីពី ការពិនិត្យឡើងវិញនូវក្រមសំណង់ជាតិ (National Building Code) ផងដែរ។
យោងតាមសាជីវកម្មហិរញ្ញវត្ថុអន្ដរជាតិ (IFC) បានបង្ហាញថា ប្រមាណជា៣៦ភាគរយ នៃការប្រើប្រាស់ថាមពលរបស់ប្រទេសហ្វីលីពីន បានផ្តត់ផ្តង់ដល់ប្រើប្រាស់ក្នុងអាគារ។ ការប្រើប្រាស់អគ្គីសនីនៅតាមអាគារនានា ឆ្លងកាត់ប្រជុំកោះមាន២៥ភាគរយ នៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។
លោក Liza Morales-Crespo នាយកផ្នែករចនានៅ ក្រុមហ៊ុន Liza Crespo Ecotecture បានអោយដឹងផងដែរថា ប្រទេសហ្វីលីពីនមានអត្រាខ្ពស់បំផុតក្នុងការប្រើប្រាស់អគ្គីសនីយ៍ច្រើន ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ីទាំងមូល។ លោកបន្ថែមថា ការធ្វើអោយមានអគារបៃតង មិនមែនគ្រាន់តែចេះតែថានោះទេ ប៉ុន្តែត្រូវមានការចូលរួមជាចាំបាច់ ជាពិសេសវាជាកាតព្វកិច្ចដ៏ចំាបាច់ របស់រដ្ឋាភិបាលត្រូវតែអនុវត្តដោយផ្ទាល់។
លោកបន្តថា “រដ្ឋាភិបាលក៏មានភាពលំបាកខ្លះដែរ ដើម្បីធ្វើឲ្យមានប្រសិទ្ធិភាពទៅការសាងសង់អគារបៃតង។ ទោះយ៉ាងនេះក្តី ខ្ញុំនៅតែមានសុទិដ្ឋិនិយមខ្ពស់ចំពោះរដ្ឋាភិបាលនឹងជម្រុញ អោយមានការអនុវត្តប្រកបដោយប្រសិទ្ធិភាពខ្ពស់”។
តាមការសិក្សារបស់ក្រសួងសាធារណៈការ និងផ្លូវល្បឿនលឿន នៃប្រទសហ្វីលីពីនបានប៉ាន់ស្មានជាបឋមបង្ហាញថា គម្រោងនេះនឹងអាចជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់នៅក្នុងប្រទេសចំនួន១,៨៧លានតោន និងកាត់បន្ថយការប្រើប្រាស់ថាមពល ៣,៩លានគីឡូវ៉ាត់ម៉ោង៕