ការព្យាករណ៍ៈវិស័យអចលនទ្រព្យនៅក្រុងឌូបៃ នឹងបន្តទទួលបានកំណើនក្នុងរយៈពេលវែងបន្តទៀត

0

ដោយៈសុខុម

ឌូបៃ: ក្រុមអ្នកវិភាគមកពីធនាគារអន្តរជាតិ ឈានមុខចំនួន២បានព្យាករណ៍ថា កំណែទម្រង់ជាបន្តបន្ទាប់របស់រដ្ឋាភិបាល និងតម្រូវការផ្ទះធំៗកើនឡើងខ្លាំង នឹងជួយជំរុញឱ្យវិស័យអចលនទ្រព្យនៅក្រុងឌូបៃ បន្តទទួលបានកំណើនប៉ុន្មានឆ្នាំទៅមុខទៀត។ នេះបើយោងតាមសារព័ត៌មាន Khaleej Times ចុះផ្សាយកាលពីថ្ងៃទី១៥ មិថុនា។

ក្រុមអ្នកវិភាគមកពីធនាគារយក្សរបស់អង់គ្លេស HSBC រំពឹងថា ការងើបឡើងក្នុងវិស័យអចលនទ្រព្យនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមអេមីរ៉ាត ដែលលក់ផ្ទះចេញសរុបជាទឹកប្រាក់បានប្រមាណ៣ពាន់លានដុល្លារអាមេរិក ក្នុងខែមេសា ឆ្នាំ២០២១ ដែលជាតួលេខខ្ពស់បំផុតចាប់តាំងពីខែមីនា ឆ្នាំ២០១៧ នេះនឹងបន្តរយៈពេលប៉ុន្មានឆ្នាំទៅមុខទៀត។

លោកStephen Bramley-Jackson និងលោក Alok Baid ដែលជាអ្នកវិភាគមកពីធនាគារ HSBC បានលើកឡើងតាមរយៈរបាយការណ៍មួយថា “ការលក់ផ្ទះនៅក្រុងឌូបៃ មានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់”។

ការលើកឡើងបែបសុទិដ្ឋិនិយមរបស់ធនាគារHSBC គឺស្របគ្នាទៅនឹងក្រុមអ្នកវិភាគ មកពីធនាគារយក្សរបស់សហរដ្ឋអាមេរិក Morgan Stanley ដែលបានព្យាករថា កត្តាតម្រូវការដ៏រឹងមាំ កត្តាកំណើននៃការផ្គត់ផ្គង់ទីផ្សារ និងកត្តារយៈពេលប្រគល់ផ្ទះវែងសម្រាប់គម្រោងថ្មីៗ អាចជំរុញឱ្យ “ទីផ្សាររឹងមាំលើសពីការរំពឹងទុក ក្នុងរយៈពេលប៉ុន្មានឆ្នាំទៅមុខទៀត”។

អ្នកវិភាគទាំងនេះបានបន្ថែមទៀតថា “ការហក់ឡើងនូវតម្លៃផ្ទះក្នុងក្រុងឌូបៃ នឹងមិនបញ្ឈប់ក្នុងពេលឆាប់ៗនេះឡើយ”។

យោងតាមធនាគារ Morgan Stanleyបានឱ្យដឹងថា “តម្រូវការអចលនទ្រព្យប្រភេទលំនៅដ្ឋាន បានកើនឡើងស្របពេល “រដ្ឋាភិបាលធ្វើកំណែទម្រង់ជាបន្តបន្ទាប់ក្នុងរយៈពេល១២ខែកន្លងមកនេះ បូករួមអត្រាប្រាក់ទាក់ទាញ សម្រាប់ឥណទានគេហដ្ឋាន (ប្រាក់កម្ចីទិញផ្ទះ) និងការប្រែប្រួលនូវតម្រូវការដោយសារវិបត្តិកូវីដ-១៩”។

ក្រុមអ្នកវិភាគក្នុងទីផ្សារអចលនទ្រព្យជឿជាក់ថា នៅពេលរដ្ឋាភិបាលដាក់ចេញគ្រឿងលើកទឹកចិត្ត សម្រាប់បណ្ដាវិនិយោគិន ដែលនៅពីក្រោយកំណែទម្រង់សេដ្ឋកិច្ចជាបន្តបន្ទាប់ ដែលមិនធ្លាប់មាននៅក្នុងតំបន់ ទីផ្សារលំនៅដ្ឋានក្នុងទីក្រុងឌូបៃ ដែលមានសន្ទុះកើនឡើងចាប់តាំងពីឆមាសទី២ ចុងឆ្នាំ២០២០ នឹងបន្តទទួលបានកំណើនបន្ថែមទៀត។

យោងតាមទិន្នន័យរបស់មជ្ឈមណ្ឌលស្ថិតិក្រុងឌូបៃ បង្ហាញថា សេដ្ឋកិច្ចរបស់ក្រុងឌូបៃ ត្រូវបានព្យាករថា នឹងទទួលបានកំណើន៤,០ភាគរយក្នុងឆ្នាំនេះ ក្រោយពីធ្លាក់ចុះប្រមាណ៦,២%ក្នុងឆ្នាំ២០២០។

វិស័យអចលនទ្រព្យ ជាវិស័យសំខាន់មួយ នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ច ដែលរូមចំណែកប្រហែល៨,០ភាគរយនៃទិន្នផលសេដ្ឋកិច្ចរបស់ក្រុងឌូបៃ។

លោកស្រី Lynnette Abad Sacchetto នាយកផ្នែកស្រាវជ្រាវ និងទិន្នន័យនៅ Property Finder ដែលជាគេទំព័រអចលនទ្រព្យធំបំផុត នៅប្រទេសអារ៉ាប់រួមអេមីរ៉ាត បានថ្លែងថា “ភាពស្វាហាប់នៅក្នុងទីផ្សារអចលនទ្រព្យ ប្រភេទលំនៅដ្ឋានក្នុងឆ្នាំ២០២១ គឺពិតជាគួរឱ្យចាប់អារម្មណ៍ណាស់”។

លោកស្រីបន្តថា គ្រាន់តែនៅក្នុងខែមេសា យើងមើលឃើញប្រតិបត្តិការទិញលក់ផ្ទះវីឡាចំនួន៦ ដែលតម្លៃសរុបប្រមាណ១៣,៦លានដុល្លារអាមេរិក។ ពេលក្រឡេកមកមើលទិន្នន័យប្រតិបត្តិការប្រាក់កម្ចីទិញផ្ទះ យើងឃើញថា ខែមេសា ខែមីនា និងខែមករា ដើមឆ្នាំ២០២១ មានចំនួនប្រតិបត្តិការជួញដូខ្ពស់បំផុត ចាប់តាំងពីខែមីនា ឆ្នាំ២០១០កន្លងមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here