ដោយៈ ប៊ី
ភ្នំពេញៈ ទោះស្ថិតក្នុងវិបត្តិកូវីដ១៩ តំបន់នៅព័ទ្ធជុំវិញទីក្រុងភ្នំពេញ កំពុងបង្ហាញសក្តានុពល ទាក់ទាញការវិនិយោគពិសេសវិស័យរោងចក្រ ឧស្សាហកម្ម និងការអភិវឌ្ឍអចលនទ្រព្យ ខណៈគម្រោងវិនិយោគលើការបង្កើតរោងចក្រ ត្រូវបានអនុម័តជាបន្តបន្ទា ប់ ហើយភាគច្រើនគម្រោងទាំងបានបោះទីតាំងនៅខេត្តកណ្តាល និងកំពង់ស្ពឺ។
លោកខេន លូអគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានប្រាប់កាសែតអន្តរជាតិថ្មីមួយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ថា “វិនិយោគិនកំពុងស្វែងរកទីតាំងនៅឆ្ងាយ ក្រៅពីរាជធានីភ្នំពេញ ហើយនេះជាដំណឹងល្អ ដើម្បីគាំទ្រដល់ការអភិវឌ្ឍតាមឆ្ងាយពីទីក្រុង”។
លោកមើលឃើញថា “កំពង់ស្ពឺមានទីតាំងកាន់តែកៀក នឹងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលកាន់តែងាយស្រួល ក្នុងការចូលទៅកាន់ទីផ្សារអន្តរជាតិ និងអាចកាត់បន្ថយការចំណាយថ្លៃដឹកជញ្ចូន ពីព្រោះវាមានទីតាំង នៅជិតអាកាសយានដ្ឋានរាជធានីភ្នំពេញ ដែលមានរយៈពេលតែមួយម៉ោង ឬមួយម៉ោងកន្លះកន្លះប៉ុណ្ណោះ”។
លោកបានបន្ថែមថា ការជួលទីតាំងនៅខេត្តនេះនៅមានកម្រិតទាប ដែលជាហេតុធ្វើឱ្យមានការទាក់ទាញការវិនិយោគកាន់តែច្រើននៅក្នុងតំបន់នេះ។
លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងប្រាប់ថា ដីឧស្សាហកម្មនៅតែមានតម្រូវការបន្តបន្ទាប់ ខណៈរដ្ឋាភិបាលបានអនុម័តគម្រោងវិនិយោគលើការបង្កើតរោងចក្រ និងទីតាំងផលិតកម្មជាច្រើន ទោះស្ថិតក្នុងស្ថិតក្នុងវិបត្តិកូវីដ១៩។
ជាមួយគ្នានេះ លោកបានបន្តថា មិនត្រឹមតែវិស័យរោងចក្រ ឧស្សាហកម្មទេ វិស័យអចលនទ្រព្យ នៅព័ទ្ធជុំវិញទីក្រុងភ្នំពេញក៏មានរីកចម្រើនផងដែរ ដោយសារបច្ចុប្បន្ន រដ្ឋាភិបាលបាន និងកំពុងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលបង្កភាពងាយស្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនជាដើម”៕