ដោយៈ ប៊ី
ភ្នំពេញៈ លោកសូ សុភ័ទ្ទអគ្គលេខាធិការគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាលើកឡើថា តំបន់នៅបណ្តោយទន្លេមេគង្គនៅពេលបច្ចុប្បន្ននេះ កំពុងតែមានការអភិវឌ្ឍខ្លាំង ខណៈដែលទន្លេនៅតែមានតួនាទីសំខាន់សម្រាប់ធានានិរន្តរភាពនៃការអភិវឌ្ឍនេះ។
លោកអគ្គលេខាធិការ បានមានប្រសាសន៍ប្រាប់ភ្នាក់ងារសារព័ត៌មានរដ្ឋនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ថា ទន្លេមេគង្គគឺជាទន្លេឆ្លងដែន ដែលហូរកាត់ប្រទេសចំនួន៦ រួមមានចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម។
ទន្លេនេះផ្តល់នូវប្រភពទឹក ស្បៀងអាហារ ថាមពល និងជាផ្លូវទឹក ដែលដើរតួនាទី ដ៏សំខាន់ជាចម្បង ទ្រទ្រង់ដល់ការអភិវឌ្ឍ ការលូតលាស់សេដ្ឋកិច្ច និងវឌ្ឍនភាពសង្គមរបស់បណ្តាប្រទេស តាមដងទន្លេមេគង្គ ក៏ដូចជាការទ្រទ្រង់ជីវិត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងអាង ប្រមាណជា ៧០លាននាក់។
ទន្លេមេគង្គផ្តល់នូវការតភ្ជាប់ រវាងប្រទេស និងប្រទេស ប្រជាជន និងប្រជាជន ការធ្វើពាណិជ្ជកម្ម និងជំនួញ រវាងគ្នា និងគ្នា ហើយទ្រទ្រង់ដល់ជីវភាព របស់ប្រជាជនក្នុងអាងទន្លេមេគង្គទាំងមូលប្រកបដោយចីរភាព។
លោកបានបញ្ជាក់ថា “សម្រាប់កម្ពុជាយើង ផ្ទៃដីចំនួន៨៦% នៃផ្ទៃដីប្រទេសសរុប ស្ថិតនៅក្នុងអាងទន្លេមេគង្គ ហើយប្រជាពលរដ្ឋប្រមាណ៩០% រស់នៅក្នុងអាងទន្លេមេគង្គ។ ទន្លេមេគង្គផ្តល់នូវទឹកសម្រាប់បឹងទន្លេសាប ដែលជាបឹងទឹកសាបដ៏ធំនៅតំបន់អាស៊ីអាគ្នេយ៍ ដែលជាជង្រុកត្រីទឹកសាប និងសម្បូរទៅដោយធនធានធម្មជាតិ ជីវចម្រុះដែលទ្រទ្រង់ទៅដល់ជីវភាពរស់នៅ និងការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងអាងទាំងមូល”។
លោកអគ្គលេខាធិការ បានមានប្រសាសន៍បន្តទៀតថា ជាការពិតហើយ ទន្លេមេគង្គបច្ចុប្បន្ននេះកំពុងតែមានការអភិវឌ្ឍខ្លាំងផ្នែកសេដ្ឋកិច្ច ហើយការអភិវឌ្ឍនេះ ចង់ឬមិនចង់គឺវាបង្កនូវផលប៉ះពាល់ តិចឬច្រើនទៅដល់ផ្នែកបរិស្ថាន នៅក្នុងអាងទន្លេមេគង្គ។
លោកបានថ្លែងបន្តថា ជារួមបន្ថែមទៅលើការអភិវឌ្ឍ យើងក៏សង្កេតឃើញថាកំណើននៃប្រជាពលរដ្ឋ នៅក្នុងអាងក៏មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយតម្រូវការទឹក តម្រូវការថាមពល សម្រាប់បម្រើទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៃប្រទេសតាមដងទន្លេមេគង្គ ក៏មានការកើនឡើង ទាំងអស់នេះចង់ឬមិនចង់ បានដាក់ជាសម្ពាធទៅលើនិរន្តរភាពនៃទន្លេមេគង្គ ក៏ដូចជាធនធាននៅក្នុងអាងដែលកិច្ចការទាំងឡាយនេះ ចាំបាច់ ប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ និងដៃគូសន្ទនា។
ដៃគូសន្ទនានេះមានប្រទេសចិន និងប្រទេសមីយ៉ាន់ម៉ា ត្រូវរួមគ្នា ដោយសារតែទន្លេមេគង្គហូរកាត់ប្រទេសចំនួន៦នេះ គឺប្រទេសតាមដងទន្លេមេគង្គទាំងអស់ចាំបាច់ត្រូវតែពិភាក្សាគ្នា ធ្វើការរួមគ្នា រៀបចំផែនការដើម្បីធ្វើយ៉ាងណា ឱ្យការអភិវឌ្ឍប្រកបដោយចីរភាព ហើយធានាបាននូវនិរន្តរភាព បរិស្ថាននៅក្នុងអាងសម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីធានាបាននូវវិបុលភាពរួមគ្នា សម្រាប់ប្រទេសទាំងអស់។
លោកអគ្គលេខាធិការបានបន្ថែមទៀតថា និរន្តរភាពនៃទន្លេមេគង្គ គឺជាកិច្ចការស្នូលចម្បងសំខាន់ ដែលប្រទេសតាមដងទន្លេទាំងអស់ ត្រូវរួមគ្នាគិតគូរ និងខិតខំប្រឹងប្រែង ធ្វើយ៉ាងណាដើម្បីដោះស្រាយ នូវបញ្ហាប្រឈម ដែលកើតមាននៅពេលបច្ចុប្បន្ន និងទៅអនាគត ។
លោកបានបញ្ជាក់ថា គណៈកម្មការទន្លេមេគង្គ បានអនុម័តរួចហើយ នូវយុទ្ធសាស្ត្រ អភិវឌ្ឍអាងសម្រាប់ឆ្នាំ២០២១-២០៣០ ហើយទន្ទឹមនឹងនោះយើងក៏មានយុទ្ធសាស្ត្រ និងផែនការមេ តាមវិស័យ រួមមានផ្នែកបរិស្ថាន ជលផល នាវាចរណ៍ វារីអគ្គីសនី បម្រែបម្រួលអាកាសធាតុ ទឹកជំនន់ និងភាពរាំងស្ងួត ដែលយុទ្ធសាស្ត្រទាំងនេះ ជាឯកសារសំខាន់ ជាមូលដ្ឋានដើម្បីប្រទេស ជាសមាជិកគណៈកម្មការទន្លេមេគង្គទាំង៤រួមគ្នា ក្នុងការអនុវត្តឱ្យមានប្រសិទ្ធភាព ដើម្បីធានានូវនិរន្តរភាព នៃអាងទន្លេមេគង្គ ក៏ដូចជាធនធានក្នុងអាង សម្រាប់ជាប្រយោជន៍របស់ប្រទេស ទាំងអស់នៅពេលបច្ចុប្បន្ន និងទៅអនាគត៕