ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ វិនិយោគិនបានងាកទៅរកតំបន់ជាយក្រុង និងឆ្ងាយពីទីក្រុងដើម្បីទិញដី សម្រាប់ការអភិវឌ្ឍលំនៅឋានជាប្រភេទផ្ទះជាប់ដី ដែលធ្វើឱ្យការអភិវឌ្ឍលំនៅឋានប្រភេទផ្ទះជាប់ដី ឬផ្ទាល់ដី កាន់តែខិតទៅឆ្ងាយពីក្រុង ហើយក៏ធ្វើឱ្យតម្លៃដីធ្លីនៅតំបន់ជាយរាជធានីភ្នំពេញកាន់ឡើងខ្ពស់ជាបន្តបន្ទាប់។
លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ថា នៅពេលតម្លៃដីធ្លី នៅកណ្ដាលក្រុងកាន់តែឡើងខ្ពស់ ធ្វើឱ្យអ្នកអភិវឌ្ឍន៍លំនៅឋានមិនអាចទិញដីកណ្ដាលក្រុងភ្នំពេញ សម្រាប់អភិវឌ្ឍន៍និងលក់ជូនអតិថិជនបានឬក៏ត្រូវលក់ក្នុងតម្លៃខ្ពស់ទើបអាចចំណេញ។
លោកបានថ្លែងបន្តថា សម្រាប់ពលរដ្ឋដែល ត្រូវការរស់នៅក្នុងលំនៅឋានជាប្រភេទផ្ទះជាប់ដីក៏ពិបាកក្នុងការស្វែងរកទិញដីធ្លីនៅកណ្ដាលក្រុងសម្រាប់សង់លំនៅឋានដែរ គឺត្រូវការចំណាយច្រើន។
លោកបន្តថា ដីនៅកណ្ដាលក្រុង វាមានតម្លៃខ្ពស់ ដូច្នេះគេត្រូវការអភិវឌ្ឍន៍វាដែលអាចលក់ចេញវិញបានតម្លៃខ្ពស់ដែរ ដូចជាការអភិវឌ្ឍទៅលើអគារខ្ពស់ៗ ដែលអាចលក់ចេញវិញបានតម្លៃខ្ពស់ជាងការអភិវឌ្ឍជាលំនៅឋានផ្ទះជាប់ដី ដូច្នេះអ្នកដែលចង់អភិវឌ្ឍន៍លំនៅឋានជាប្រភេទផ្ទះជាប់ដីគឺត្រូវទៅរកតំបន់ដែលនៅឆ្ងាយពីរាជធានី ដែលមានតម្លៃទាបជាងកណ្ដាលរាជធានីសម្រាប់អភិវឌ្ឍន៍លំនៅឋានលក់ជូនពលរដ្ឋដែលមានតម្រូវការផ្ទះតម្លៃសមរម្យផងដែរ។
លោកបន្ថែមថា នៅពេលរាជធនានីភ្នំពេញកាន់តែមានការអភិវឌ្ឍការពង្រីកក្រុងនឹងកាន់តែធ្វើជាបន្តបន្ទាប់ ដោយកាត់យកទឹកដីខេត្តជាប់ភ្នំពេញចូលជារដ្ឋបាលរាជធានីភ្នំពេញ ហើយការអភិវឌ្ឍក៏កាន់តែរីកសាយជាបន្តបន្ទាប់ដែរ។
លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលក៏បានឱ្យដឹងផងដែរថា ការអភិវឌ្ឍលំនៅឋានប្រភេទផ្ទះជាប់ដី ត្រូវបានគេមើលឃើញថាបានងាកទៅកាន់ជាយៗរាជធានី ព្រោះតំបន់ទាំងនោះ តម្លៃដីធ្លីនៅមានកម្រិត ដែលធ្វើឱ្យអ្នកអភិវឌ្ឍន៍អាចទទួលបានប្រាក់ចំណេញខ្ពស់ ជាជាងទិញដីនៅជិតក្រុងមានតម្លៃខ្ពស់។
ដោយឡែកលោកសន សៀបនាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យឃី រៀលអ៊ីស្ទេតក៏បានឱ្យដឹងផងដែរថា ការវិនិយោគលើដីធ្លីនៅពេលបច្ចុប្បន្បនេះនៅតែមានឱកាសនិងមានសក្ដានុពល ប៉ុន្តែបើសិនជាចង់វិនិយោគចំណេញខ្ពស់ គួរតែងាកទៅកាន់តំបន់ឆ្ងាយៗពីរាជធានីភ្នំពេញព្រោះតម្លៃនៅទាបជាងតំបន់នៅជិតៗក្រុង ដូច្នេះត្រង់ចំណុចនេះ វិនិយោគិនប្រាកដជាបានដឹងច្បាស់៕