ដោយៈ សុខុម
គូឡាឡាំពូ: សមាគមសណ្ឋាគារម៉ាឡេស៊ី (MAH) បានលើកឡើងថា អនាគតនៅតែស្ថិតក្នុងភាពស្រពេចស្រពិលសម្រាប់អ្នករកស៊ីក្នុងវិស័យសណ្ឋាគារ ដោយពេលនេះសណ្ឋាគារខ្លះស៊ូបើកដំណើរការទាំងគ្មានភ្ញៀវសោះ ខណៈសណ្ឋាគារខ្លះទៀតសុខចិត្តបិទទ្វារជាបណ្តោះអាសន្នដោយសារវិបត្តិកូវីដ-១៩។
យោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយនៅថ្ងៃទី២៣ ខែមិថុនា នេះឱ្យដឹងថា សណ្ឋាគារមួយចំនួនពឹងផ្អែកទាំងស្រុងលើភ្ញៀវដែលត្រូវធ្វើចត្តាឡីស័កដើម្បីបន្តដំណើរការ ហើយស្ថានភាពនេះប្រហែលជាអាចបន្តអូសបន្លាយរហូតដល់ឆ្នាំ២០២៣ ទម្រាំតែឧស្សាហកម្មនេះងើបឡើងវិញប្រកបដោយនិរន្តរភាព។
លោក C S Lim អនុប្រធានសមាគមសណ្ឋាគារម៉ាឡេស៊ី បានប្រាប់សារព័ត៌មាននេះថា “រហូតមកទល់ពេលនេះ ស្ថានភាពធ្ងន់ធ្ងរជាងក្នុងឆ្នាំ២០២០ ដោយអត្រាភ្ញៀវចូលស្នាក់នៅជាមធ្យមមានត្រឹមតែ២០% ប៉ុណ្ណោះ ហើយភាគច្រើននៃអត្រានេះទៀតសោតគឺបានពីភ្ញៀវដែលសម្រាកធ្វើចត្តាឡីស័ក”។
លោកបានបន្ថែមទៀតថា “នៅខែនេះ យើងបានបន្លាយពេលរឹតបន្តឹងលើការធ្វើដំណើរ រួមទាំងបម្រាមមិនឱ្យធ្វើដំណើរឆ្លងស្រុកផងដែរ ហើយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចមានកាន់តែខ្លាំងមកលើអាជីវកម្ម និងបុគ្គល។ មនុស្សភាគច្រើននឹងមិនគិតចង់ធ្វើដំណើរកម្សាន្តក្នុងពេលឆាប់ៗនេះឡើយ ទោះបីជាសណ្ឋាគារនានាគ្រោងរៀបចំព្រឹត្តិការណ៍ ឬសកម្មភាពសប្បាយៗក្នុងពេលដ៏ខ្លីខាងមុខនេះក្ដី”។
លោកបានថ្លែងបន្តថា “កត្តានេះនឹងធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ ដែលធ្វើឱ្យសាធារណជនទាំងជាតិ និងអន្តរជាតិបាត់បង់ទំនុកចិត្តយ៉ាងឆាប់រហ័សមកលើសមត្ថភាពរបស់ប្រទេសម៉ាឡេស៊ី នៅក្នុងការគ្រប់គ្រងស្ថានការណ៍ឆ្លងរាលដាលវីរុសកូវីដ-១៩”។
ជាលទ្ធផល អត្រាភ្ញៀវស្នាក់នៅជាមធ្យម និងអត្រាភ្ញៀវស្នាក់នៅប្រចាំថ្ងៃក្នុងឆ្នាំ២០២១ ត្រូវបានរំពឹងថានឹងទាបជាងក្នុងឆ្នាំមុន។ លោក C S Lim លើកឡើងថា “ជាទូទៅ ទាំងអត្រាភ្ញៀវស្នាក់នៅជាមធ្យម និងអត្រាភ្ញៀវស្នាក់នៅប្រចាំថ្ងៃត្រូវបានរំពឹងថានឹងមានកម្រិតទាបជាងបើក្នុងឆ្នាំ២០២០” ដោយលោកធ្វើការកត់សម្គាល់ថា ឆ្នាំមុនទទួលបានលទ្ធផលល្អប្រសើរជាងនេះដោយសារកំណើនភ្ញៀវច្រើនក្នុងខែមករា មុនពេលរដ្ឋាភិបាលដាក់ចេញវិធានការរឹតបន្តឹងការធ្វើដំណើរនៅថ្ងៃទី១៨ ខែមីនា។
នៅពេលសួរថា តើសណ្ឋាគារបន្ថែមទៀតនឹងត្រូវបិទទ្វារជាបន្តបន្ទាប់មែនទេ? លោក C S Lim ឆ្លើយថា លោកជឿថា នេះជារឿងជៀសមិនផុតឡើយ។ លោកប៉ាន់ប្រមាណថា សណ្ឋាគារចំនួន៥០ផ្សេងទៀតនឹងត្រូវបិទជាបណ្តោះអាសន្នអំឡុងពេលបិទខ្ទប់បច្ចុប្បន្ន បន្ថែមពីលើសណ្ឋាគារចំនួន១០០ដែលបានបិទទ្វារជាបណ្តោះអាសន្ន ឬបិទជាអចិន្ត្រៃយ៍រួចទៅហើយកាលពីឆ្នាំមុន។
កាលពីខែមករា សណ្ឋាគារ Hotel Equatorial Penang ដែលមានចំណាស់៣ទសវត្សរ៍បានប្រកាសថានឹងបិទទ្វារចាប់ពីថ្ងៃទី៣១ ខែមីនា។ រយៈពេល២ខែក្រោយមក សណ្ឋាគារ Mutiara Johor Bahru ដែលបានបើកដំណើរការក្នុងឆ្នាំ១៩៨២ បានប្រកាសផ្អាកដំណើរការចាប់ពីថ្ងៃទី០១ មិថុនា។
លោក C S Lim បានគូសបញ្ជាក់ថា “ក្រឡេកអត្រានេះ យើងអាចសន្និដ្ឋានបានថា វិស័យសណ្ឋាគារនឹងមិនចាប់ផ្ដើមងើបឡើងរហូតដល់ឆ្នាំ២០២៣”។
លោកបានលើកឡើងទៀតថា ដើម្បីឆ្លងផុតវិបត្តិកូវីដ-១៩ សណ្ឋាគារជាច្រើនបានងាកទៅស្វែងរកប្រភពចំណូលផ្សេង។ លោកថ្លែងថា “សណ្ឋាគារដែលទទួលបានលទ្ធផលល្អប្រសើរនាពេលបច្ចុប្បន្ន គឺជាសណ្ឋាគារដែលគេយកធ្វើជាមជ្ឈមណ្ឌលធ្វើចត្តាឡីស័ក។ ក្រៅពីនោះ ការស្នាក់នៅរយៈពេលខ្លី និងការទទួលរៀបចំព្រឹត្តិការណ៍ ឬការប្រជុំនានាគឺជាក្តីសង្ឃឹមតែមួយគត់សម្រាប់សណ្ឋាគារ [នៅពេលត្រូវបានអនុញ្ញាត] ហើយបើគ្មានទេនោះ ម្ចាស់សណ្ឋាគារប្រឈមនឹងការយកទុនបម្រុងមកប្រើប្រាស់ ហើយចុងក្រោយនឹងធ្លាក់ចូលក្នុងបំណុលរុំកោះ”៕