សកម្មភាពទិញលក់និងតម្លៃដីធ្លីនៅទីក្រុងបូកគោកាន់តែមានសន្ទុះបន្ទាប់ពីតំបន់នេះក្លាយជាទីក្រុងថ្មីមួយ

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ចាប់តាំងពីរដ្ឋាភិបាលបានប្រកាសបង្កើតក្រុងថ្មីមួយទៀត “ក្រុងបូកគោ” នៅខេត្តកំពត វិនិយោគិននិងពលរដ្ឋជាច្រើនជាពិសេសពីភ្នំពេញ បានចាប់អារម្មណ៍លើការវិនិយោគនៅក្នុងទឹកដីនៃក្រុងថ្មីនេះ និងបានស្វែងរកទិញដីធ្លីនៅតំបន់នោះកាន់តែច្រើន ដែលធ្វើឱ្យតម្លៃដីធ្លីក្នុងក្រុងបូកគោមានសន្ទុះ។

លោកសុខ គែនភ្នាក់ងារអចលនវត្ថុប្រចាំខេត្តកំពតបានឱ្យដឹងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះថា ជាការពិត ដីធ្លីនៅក្នុងខេត្តកំពតពិតមានសកម្មភាពល្អប្រសើរមែន ទោះស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ក្ដី ជាពិសេសដីធ្លីនៅក្នុងទីក្រុងថ្មីនៃខេត្តកំពតនេះ គឺហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ពលរដ្ឋនៅរាជធានីភ្នំពេញ។

លោកបានបន្តថា បើនិយាយមែនទែន តាំងពីមុនមកខេត្តកំពតគឺ ទទួលបានការចាប់អារម្មណ៍រួចទៅហើយទៅលើប្រភេទដី សម្រាប់អភិវឌ្ឍន៍ជាលំនៅឋានលំហែកាយ ប៉ុន្តែថ្មីៗនេះប្រភេទដីសម្រាប់សង់ជាលំនៅឋានលំហែកាយកាន់តែមានសន្ទុះ និងតម្រូវការខ្លាំងឡើង។

លោកបានឱ្យដឹងទៀតថា ទោះបីជាកម្ពុជាកំពុងប្រឈមនឹងជំងឺកូវី១៩ក្ដី អ្នកស្វែងរកដីធ្លីសម្រាប់សង់លំនៅឋានប្រភេទនេះ ក៏កាន់តែច្រើនឡើងដោយគេគិតថា គឹនឹងអាចទិញបានដីធ្លីល្អនិងមានតម្លៃសមរម្យ ប៉ុន្តែធាតុពិតទៅ អ្នកដែលត្រូវការលក់ដីបន្ទាន់មិនសូវជាមានច្រើនទេនៅពេលនេះដូច្នេះតម្លៃដីធ្លីមិនមានការថមថយឡើង។

លោកបន្ថែមថា បើនិយាយអំពីដីដែលមានសក្ដានុពលខ្លាំងនៅក្នុងខេត្តកំពត គឺបានហក់ឡើងបន្តទៀត នៅក្នុងបរិបទកូវីដ១៩នេះ ដូចជាដីនៅជាប់មាត់ព្រែក និងដីនៅជិតៗក្រុងជាដើម ហើយដីនៅឆ្ងាយពីក្រុងក្ដី ក៏មិនធ្លាក់ថ្លៃដែរ នៅតែរក្សាតម្លៃបានល្អដដែល។

លោកជិន ណារិន ភ្នាក់ងារទិញលក់ដីធ្លីនៅក្នុងកំពតនិងកែបក៏បាននិយាយផងដែរថា ចាប់តាំងពីការបង្កើតក្រុងមក ដីដែលធ្លាប់មានតម្លៃ១៥ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ បានហក់ឡើងដល់៣០ដុល្លារទៅ៤០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ហើយកន្លែងខ្លះបានហក់ឡើងខ្ពស់ជាងនេះក៏មានដែរ ដូច្នេះ វាសបញ្ជាក់ថា ការបង្កើតទីក្រុងបូកគោគឺបានជំរុញសកម្មភាព និងតម្លៃដីធ្លីក្នុងខេត្តនេះបានមួយកម្រិតទៀតផងដែរជាពិសេសទីតាំងនៅក្នុងក្រុងបូកគោផ្ទាល់តែម្ដង៕

LEAVE A REPLY

Please enter your comment!
Please enter your name here