ប្រធាន GRA លំនៅឋានតម្លៃសមរម្យនិងខ្ពស់បំផុតនៅកម្ពុជាមិនសូវរងផលប៉ះពាល់វិបត្តិកូវីដ

0

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ១៩ ទៅលើវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា ក៏ដូចជា ពិភពលោកពិតជាជៀសមិនផុតមែន ហើយផលប៉ះពាល់ទាំងនេះ ក៏មានស្រាលមានធ្ងន់ ទៅតាមប្រភេទនៃអចលនទ្រព្យ។

លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកល ( GRA ) លោកមានប្រសាសន៍ថា ផលប៉ះពាល់ទៅលើទីផ្សារលំនៅឋាន និងអ្នកអ្នកទិញលំនៅឋានប្រភេទខុសៗគ្នា នៅកម្ពុជាផងដែរ។

លោកបានបង្ហាញពីទឡ្ហីកមួយចំនួន ចំពោះផលប៉ះពាល់ទៅលើលំនៅឋានតម្លៃផ្សេងៗគ្នា ក្នុងនោះលំនៅឋានតម្លៃក្រោម៥ម៉ឺនដុល្លារអាមេរិក លោកថាមិនមានផលប៉ះពាល់ខ្លាំងនោះទេ ឬស្ទើរតែមិនប៉ះពាល់សោះ ពីព្រោះអ្នកទិញលំនៅឋានប្រភេទនេះ ភាគច្រើនគឺជាអ្នកដែលពឹងផ្អែកលើប្រាក់ខែ ហើយអ្នកទទួលប្រាក់ខែជាប្រចាំខែ នៅក្នុងវិបត្តិកូវីដ១៩នៅតែទទួលបានប្រចាំខែ និងមានមួយចំនួនពិតជាបានកាត់ប្រាក់ខែ ប៉ុន្តែពួកគេនៅតែអាចមានលទ្ធភាព ក្នុងការបង់រំលស់ប្រចាំខែ ទៅកាន់អ្នកអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យក្រោម៥ម៉ឺនដុល្លារបានដដែល។

លោកបន្តថា “អតិថិជនដែលទិញលំនៅឋានប្រភេទនេះ រងផលប៉ះពាល់ប្រមាណត្រឹមតែ១០ទៅ១៥ភាគរយប៉ុណ្ណោះ”។

សម្រាប់លំនៅឋាន ដែលមានតម្លៃចាប់ពី៥ម៉ឺនដុល្លារ ទៅដល់១០ម៉ឺនដុល្លារ ភាគច្រើន នៃអតិថិជនដែលទិញ គឺជាអ្នកដែលមានអាជីវកម្មដោយខ្លួនឯង ដូចជាបើកជាភោជនីយដ្ឋានខ្នាតតូច ហាងកាហ្វេ ជាលក្ខណៈគ្រួសារ។
លោកសំ សុខនឿនបានបន្តថា អតិថិជនប្រភេទនេះ ពិតជារងផលប៉ះពាល់ ពី​ព្រោះចំណូលរបស់គាត់ មិនមែនជាចំណូលថេរដោយពឹងលើអាជីវកម្ម ។

នៅក្នុងវិបត្តិកូវីដ១៩ ជាពិសេសនៅក្នុងពេលកម្ពុជា បិទខ្ទប់តំបន់មួយចំនួន អាជីវកម្មនៅក្នុងតំបន់បិទខ្ទប់ក៏ត្រូវបានផ្អាក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ដែរ។

ផលប៉ះពាល់នៃលំនៅឋានតម្លៃប្រភេទនេះ គឺរងផលប៉ះពាល់ប្រមាណ២០ភាគរយ ព្រោះថាអាជីវកម្មអ្វីៗជៀសមិនផុត ពីផលប៉ះពាល់នោះឡើយ ក្នុងវិបត្តិកូវីដ១៩ ។

លោកសំ សុខនឿនបានបន្តថា សម្រាប់លំនៅឋានតម្លៃចាប់ពី១០ម៉ឺនដុល្លារទៅ២០ម៉ឺនដុល្លារ ក៏មានផលប៉ះពាល់មិនខុសពីលំនៅឋាន ដែលមានតម្លៃចាប់ពី៥ម៉ឺនដុល្លារទៅ១០ម៉ឺនដុល្លារដែរ ដោយសារតែអ្នកទិញលំនៅឋានប្រភេទនេះ ជាអ្នកដែលមានចំណូ​លលើមធ្យម ហើយអ្នកមានចំណុលលើមធ្យម គឺជាអ្នកដែលប្រកបអាជីវកម្ម។

ដូចបានដឹងហើយក្នុងវិបត្តិកូវីដ១៩ អាជីវកម្មភាគច្រើនសុទ្ធតែរងផលប៉ះពាល់ និងបាត់ចំណូលយ៉ាងច្រើន ហើយផលប៉ះពាល់ទីផ្សារលំនៅឋានតម្លៃនេះ គឺមានប្រមាណរហូតដល់២៥ភាគរយឯណោះ។

ដោយឡែកសម្រាប់ទីផ្សារលំនៅឋាន ដែលមានតម្លៃចាប់ពី២០ម៉ឺនដុល្លារ ៥០ម៉ឺនដុល្លារឬដល់រាប់លានដុល្លារ បែរជាមិនសូវរងផលប៉ះពាល់ទៅវិញ ពីព្រោះអតិថិជនដែលទិញលំនៅឋានប្រភេទនេះ គឺជាអ្នកមាន ហើយមានលុយដំកល់ក្នុងធនាគារ ក៏ច្រើនដែរ ហើយនៅពេលដែលគាត់សម្រេចចិត្តថា ទិញគឺគាត់នៅតែទិញមិនរុញរា ដូចអ្នកមានចំណូលទាប ឬមធ្យមឬក៏អ្នកដែលពឹងលើអាជីវកម្មលក្ខណៈគ្រួសារឡើយ ។ លំនៅឋានប្រភេទនេះ មានផលប៉ះពាល់យ៉ាងច្រើនត្រឹម៥ភាគរយតែប៉ុណ្ណោះ ។

ជាការកត់សម្គាល់ នៅក្នុងវិបត្តិកូវីដ១៩នេះ ការអភិវឌ្ឍលំនៅឋាននៅក្នុងប្រទេសកម្ពុជា នៅតែបន្តគម្រោងជាបន្តបន្ទាប់ ជាពិសេសការអភិវឌ្ឍដោយផ្ដោតលើអតិថិជន ក្នុងស្រុក ខណៈអតិថិជនជាជនបរទេស មិនសូវជាមានប៉ុន្មានទេនៅក្នុងបរិបទកូវីដ១៩នេះ ខណៈជនបរទេសនៅតែមិនអាចធ្វើដំណើរចេញចូល បានសេរីដូចកាលមុនវិបត្តិកូវីដ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here