ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ បើទោះបីជាទីផ្សារលំនៅឋានត្រូវបានមើលឃើញថាមានផលប៉ះពាល់ពី វិបត្តិកូវីដ១៩យ៉ាងណាក្ដី ក៏ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាននៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ នៅតែបន្តការអភិវឌ្ឍគម្រោងរបស់ខ្លួនដដែល ដោយមិនមានការផ្អាក ឬបញ្ឈប់អ្វីនោះឡើយ។
អ្នកជំនាញផ្ដល់ជាទស្សនៈថា ការអភិវឌ្ឍលំនៅឋានគួរតែផ្ដោតលើតម្រូវការទីផ្សារជាក់ស្ដែង ហើយលើកឡើងថា ទោះបីជាទីផ្សារមានបញ្ហាមែន តែសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋាន ដែលមានទុនស្រាប់ នៅតែបន្តដោយមិនបង្អង់នោះឡើយ ជាពិសេសលំនៅឋានតម្លៃសមរម្យនៅតាមជាយៗរាជធានីភ្នំពេញ គេឃើញថានៅតែបន្តការអភិវឌ្ឍបន្តបន្ទាប់ដដែល។
លោកឌឹត ចណ្ណាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឡាក់គី បានឱ្យដឹងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ថា រហូតមកដល់ពេលនេះ យើងឃើញថាការអភិវឌ្ឍលំនៅឋាន នៅតែបន្តអភិវឌ្ឍន៍ដដែល បើទោះបីជាកម្ពុជាបានជួបនឹងវិបត្តិដោយសារតែកូវីដ១៩យ៉ាងណាក្ដី។
លោកបានថ្លែងបន្តថា “តម្រូវការលំនៅឋាន អាចនឹងកើនឡើងវិញ នៅពេលចប់វិបត្តិកូវីដ១៩ ដូច្នេះការអភិវឌ្ឍនៅពេលនេះ នឹងជួយជំរុញទីផ្សារនៅពេលអនាគត”។
លោកបានបន្តថា នៅពេលចប់វិបត្តិកូវីដ១៩ តម្រូវការលំនៅឋានអាចនឹងហក់ឡើងខ្ពស់ជាងនៅពេលកូវីដ១៩ទៅទៀត ព្រោះអ្នករៀបការថ្មីៗ បែកចេញពីគ្រួសារក៏កាន់តែច្រើន ហើយអ្នកដែលចង់ទិញផ្ទះនៅមុន និងពេលផ្ទុះកូវីដក៏មានច្រើន ហើយក៏ត្រូវផ្អាក ដូច្នេះពេលចប់កូវីដ១៩កាលណាពួកគេនឹងស្វែងរកលំនៅឋានដើម្បី ស្នាក់នៅកាន់តែច្រើន។
លោកសំ សុខនឿនប្រធានសមាគមអ្នកចលនទ្រព្យសកល ក៏បានលើកឡើងថា ទីផ្សារលំនៅឋាននៅក្នុងប្រទេសកម្ពុជាមានផលប៉ះពាល់ខុសៗគ្នា ក្នុងនោះលំនៅឋានតម្លៃក្រោម៥ម៉ឺនដុល្លារមានផលប៉ះពាល់ពី១០ទៅ១៥ភាគរយនៃទីផ្សារ លំនៅឋានចាប់ពី៥ម៉ឺនដុល្លារទៅ១០ម៉ឺនដុល្លារមានផលប៉ះពាល់ប្រមា២០ភាគរយ លំនៅឋានតម្លៃចាប់ពី១០ម៉ឺនទៅ២០ម៉ឺនដុល្លារមានផលប៉ះពាល់នៃទីផ្សារប្រមាណ២៥ភាគរយ ហើយជាប្រភេទលំនៅឋានដែលមានផលប៉ះពាល់ខ្លាំងជាងគេផងដែរ។
លោកបានថ្លែងបន្តថា ដោយឡែកសម្រាប់លំនៅឋានដែលមានតម្លៃខ្ពស់ចាប់ពី២០ម៉ឺនដុល្លារទៅ៥០ម៉ឺន ឬរាប់លានដុល្លារអាមេរិក មិនសូវប៉ះពាល់ទេ ព្រោះ អ្នកដែលទិញលំនៅឋានប្រភេទនេះជាក្រុមអ្នកមានលុយស្រាប់ ហើយទោះបីជាមានផលប៉ះពាល់កូវីដ១៩ក្ដី ក៏មិនធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលនិងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់គេដែរ។ បើគេមានតម្រូវការទិញហើយគឺយ៉ាងណាក៏ត្រូវតែទិញដែរ៕