តើសណ្ឋាគារធំបំផុតក្នុងពិភពលោកស្ថិតនៅប្រទេសណា បើកដំណើរការនៅឆ្នាំណា?

0

ដោយៈ សុខុម

អន្តរជាតិៈ សណ្ឋាគារ J Hotel ក្នុងក្រុងសៀងហៃ ប្រទេសចិន ដែលទើបតែសម្ពោធកាលពីពេលថ្មីៗនេះ បានជាប់ឈ្មោះជាសណ្ឋាគារប្រណីតលំដាប់ខ្ពស់បំផុតក្នុងពិភលោក។ វាមានទីតាំងស្ថិតនៅជាន់ចាប់ពីជាន់ទី១២០ ដល់ជាន់កំពូលទី១២៨ នៃអគារកប់ពពកShanghai Tower ដែលមានកម្ពស់៦៣២ម៉ែត្រ ជាអគារខ្ពស់បំផុតទី២ ក្នុងពិភពលោក។

ចុះសណ្ឋាគារដែលធំជាងគេបំផុតក្នុងពិភពលោក? តើវាស្ថិតនៅប្រទេសណា បើក​ដំណើរការនៅឆ្នាំណា និងមានលក្ខណៈពិសេសអស្ចារ្យប៉ុណ្ណា? តោះ! មកស្គាល់ទាំងអស់គ្នា!។

ដោយមានទីតាំងស្ថិតនៅលើកំពូលភ្នំយ៉ាងស្រស់ស្អាត ប្រៀបបានឋានសួគ៌ សណ្ឋាគារលំដាប់ផ្កាយ៥ First World Hotel & Plaza ដែលមានអគារពណ៌ស្រស់ឆើតឆាយចំនួន២ និងបន្ទប់ចំនួន៧.៣៥១បន្ទប់ គឺជាសណ្ឋាគារធំជាងគេបំផុតក្នុងពិភពលោក។

សណ្ឋាគារនេះ មានទីតាំងស្ថិតនៅក្នុងរមណីដ្ឋាន Resorts World Genting លើកំពូលជួរភ្នំ Titiwangsa Mountains ក្នុងរដ្ឋប៉ាហាង (Pahang) ប្រទេសម៉ាឡេស៊ី។

សណ្ឋាគារដែលបើកដំណើរការក្នុងឆ្នាំ២០០១ នេះបានជាប់កំណត់ត្រាឯតទគ្គកម្មពិភពលោកហ្គីណេស Guinness World Records ជាសណ្ឋាគារធំបំផុតក្នុងពិភពលោកបើគិតពីចំនួនបន្ទប់ចាប់តាំងពីឆ្នាំ២០១៥ មក។

រមណីដ្ឋាន Resorts World Genting ត្រូវបានគេប្រសិទ្ធនាមថា Las Vegas of Asia (ក្រុងឡាសវេហ្គាស ប្រចាំតំបន់អាស៊ី) ព្រោះនៅអមច្រកចូលទៅកាន់រមណីដ្ឋានឋានសួគ៌នេះមានផ្សារធម្មតាដ៏ធំមួយ ដែលមានផ្ទៃក្រឡា៤.៦៤៥ម៉ែត្រការ៉េ ផ្សារទំនើបធំៗ កាស៊ីណូ ហាងកាហ្វេ បារ និងកន្លែងទទួលភ្ញៀវមួយ ដែលរៀបចំជាទេសភាពបែបក្នុងព្រៃ។

ក្រៅពីនេះ ក៏មានអាងហែលទឹក ទោងរំអិលជាច្រើន សួនកម្សាន្ត ទីលានវាយកូនហ្គោល ទីលានវាយតិន្នីស រោងភាពយន្ត និងក្លឹបហាត់ប្រាណផងដែរ។ ហើយក៏មានការសម្ដែងសៀករហស្សកម្ម និងការប្រគំតន្ត្រីប្រចាំសប្ដាហ៍ នៅសាលមហោស្រពផងដែរ។ និយាយរួម គឺនៅទីនេះសម្បូរកន្លែងលេងសប្បាយម៉ាអស់ដៃ ពេលសម្រាកលម្ហែខួរក្បាលពីការងារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here