ដោយៈ ម៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុន Macau Legend Development ដែលធ្វើការផ្ទេរ និងការចុះបញ្ជីកម្មសិទ្ធិលើដី ដែលខ្លួនបានទិញនៅកម្ពុជា មិនទាន់ត្រូវបានបញ្ចប់តាមកាលកំណត់ ដែលរំពឹងទុកនោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់ភ្នាកងារសារព័ត៌មាន Macau News Agency នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។
កាលពីខែធ្នូ ឆ្នាំ២០១៨ ក្រុមហ៊ុនបានទិញមូលធនភាគហ៊ុនទាំងស្រុងរបស់ក្រុមហ៊ុន Howing Enterprises Co Ltd ពីបុរសម្នាក់ឈ្មោះWang Jieman ក្នុងតម្លៃ៩០លានដុល្លារអាមេរិក (ប្រមាណ៦៩៧,៨លានដុល្លារហុងកុង) ដោយក្រុមហ៊ុន Howing មានអាជីវកម្មក្នុងប្រទេសកម្ពុជា និងកាន់កាប់ដីទំហំសរុប១២០០ហិកតានៅខេត្តសៀមរាប។
ក្រុមហ៊ុន Macau legend មានបំណងចង់សាងសង់រមណីយដ្ឋាន បែបចម្រុះមួយនៅក្នុងតំបន់នេះ ប៉ុន្តែការបញ្ចប់ការទិញយក ត្រូវបានពន្យាពេលរហូតដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំនេះ ដោយសារតែជំងឺកូវីដ១៩។
កិច្ចព្រមព្រៀងទិញលក់នេះបានឱ្យដឹងថា អ្នកលក់នឹងជួយក្រុមហ៊ុន Macau Legend ក្នុងការទទួលបានសិទ្ធិប្រើប្រាស់ដីធ្លីចាំបាច់ ដើម្បីកែប្រែឡើងវិញពីកសិកម្មទៅការអភិវឌ្ឍលំនៅដ្ឋាន/ពាណិជ្ជកម្ម និងចុះឈ្មោះកម្មសិទ្ធិទៅក្រុមហ៊ុនHowing។
យោងតាមឯកសារផ្សារមូលបត្រហុងកុង ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Macau Legend បាននិយាយថាឥឡូវនេះ ខ្លួនកំពុងចរចាជាមួយលោក Wang ដើម្បី “ដំណោះស្រាយប្រកបដោយមិត្តិភាព” ចំពោះបញ្ហានេះ។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ២០២០ ក្រុមហ៊ុន Macau Legend បានឱ្យដឹងថា វាមានភាពមិនប្រាកដប្រជាចំពោះប្រតិបត្តិការទិញលក់ ថាតើវានឹងបញ្ចប់នៅពេលណា។
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ក្រុមនេះក៏បានចំណាយ៥.១៦លានដុល្លារសម្រាប់ពន្ធ និងសម្រាប់ការផ្ទេរដីនេះ៕