អ្នកជំនាញសេដ្ឋកិច្ច និងទេសចរណ៍ស្នើរដ្ឋាភិបាលបើកចំហឲ្យមានការចូលរួម ពីគ្រប់មជ្ឈដ្ឋានលើប៉ូលសេដ្ឋកិច្ចទី៤

0

ដោយៈតារា

ភ្នំពេញៈ អ្នកជំនាញសេដ្ឋកិច្ច និងទេសចរណ៍បានលើកឡើងថា ដើម្បីសម្រេចនូវគោលដៅ លើការបង្កើតតំបន់ប៉ូលសេដ្ឋកិច្ចទី៤ នៅខេត្តមណ្ឌលគិរីជាតំបន់អេកូទេស​ចរណ៍លំដាប់អន្តរជាតិ ទាមទារឲ្យមានការចូលរួមពីភាគីពាក់ព័ន្ឋទាំងអស់។

លោកបណ្ឌិតគី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៣០ មិថុនានេះថា ការជម្រុញបង្កើតតំបន់ទេសចរណ៍នេះកន្លងមក រដ្ឋាភិបាលកម្ពុជាហាក់ដូចជាមិនសូវជោគជ័យប៉ុន្មាននោះឡើ​យ ដោយសារខ្វះការចូលរួមរបស់ប្រជាពលរដ្ឋ នៅតាមសហគមន៍ទេសច​រណ៍ ដោយពួកគាត់មិនសូវមានការយល់ដឹងអំពីបញ្ហាទេសចរណ៍នេះ។

លោកបណ្ឌិតបន្តថា “គម្រោងរាជរដ្ឋាភិបាលជម្រុញបង្កើត តំបន់អេកូទេសចរណ៍នៅខេត្តមណ្ឌលគីរីនេះ វាជាចំណុចចាប់ផ្តើមថ្មីមួយ ហើយតំបន់ទេសចរណ៍ទាំងនោះ ភាគច្រើន គឺជាសហគមន៍អត់សូវមានមនុស្សរស់នៅ”។លោកបន្តថា “ដូច្នេះការរៀបចំសហគមន៍នេះ គឺជារឿងចាំបាច់ជម្រុញអភិវឌ្ឍន៍”។

អ្វីដែលធ្វើឲ្យប្រសើរថែមទៀត រាជរដ្ឋាភិបាលគួរគិតគូរអំពីភូតគ្គមអនាម័យ និងការលក់ដូរមានតម្លៃសមរម្យ រួមជាមួយការបង្កើតហេដ្ឋានរចនាសម្ព័ន្ធផ្លូវ នៅតាមព្រំដែនបន្ថែមទៀត នៅលើគម្រោងដែលយើងបានគ្រោងទុកទាំងនោះ ព្រោះវាគឺជាចំណុចនៃការទាក់ទាញផងដែរ ហើយអ្វីដែលសំខាន់ គឺត្រូវការចូលរួមពីគ្រប់មជ្ឈដ្ឋាន ទាំងស្ថានប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋ ទើបរាជរដ្ឋាភិបាលនឹងទទួលបានជោគជ័យ ដែលក៏ជាផ្នែកមួយក្នុងការបង្កើតការងារ និងប្រាក់ចំណូលដល់សហគមន៍មូលដ្ឋាន និងសេដ្ឋកិច្ចសង្គមផងដែរ ។

ជាមួយគ្នានេះ លោកស្រីឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ថ្លែងនូវការគាំទ្រពេញទំហឹង ចំពោះគម្រោងកំណត់ខេត្តមណ្ឌលគិរី ជាប៉ូលសេដ្ឋកិច្ចទី ៤  និងជាខេត្តគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ របស់រាជរដ្ឋាភិបាល ព្រោះខេត្តនៅតំបន់ភូមិភាគឥសាន្ត គឺជាខេត្តដែលស័ក្តិកសម និងសំបូរធនធានធម្មជាតិប្រកប ដោយ​​​សក្តានុពល។ លោកស្រីបន្តថា ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមានកំណើនខ្ពស់ និងស្របតាមផែនការ ត្រូវទាមទាឲ្យមានហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មឲ្យសំបូរបែប និងប្រកបដោយស្តង់ដារខ្ពស់ ជាពិសេសការអនុវត្តឲ្យបានលឿន ស្របតាផែនការដែលបានគ្រោងទុករបស់រាជរដ្ឋាភិបាល ។

រដ្ឋាភិបាលកម្ពុជាទើបបានប្រកាសពីផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសច​រណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥)”  របស់រាជរដ្ឋាភិបាល បានកំណត់ចក្ខុវិស័យសំខាន់ៗរួមមាន៖ខេត្តមណ្ឌលគិរី ត្រូវកំណត់ជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ និងផ្លែឈើ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងឈានដល់ការនាំចេញទៅទីផ្សារក្រៅប្រទេស។

រដ្ឋាភិបាលបានដាក់គោលដៅ នៅឆ្នាំ២០៣៥ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់ខេត្តមណ្ឌលគិរី នឹងកើនឡើងដល់ប្រមាណ៩០ម៉ឺននាក់ ខណៈដែលចំនួនភ្ញៀវទេសចរក្នុងស្រុក នឹងកើនឡើងដល់ប្រមាណ២លាននាក់ បង្កើតការងារក្នុងរង្វង់៨ម៉ឺនកន្លែង និងបង្កើតចំណូលដោយផ្ទាល់ប្រមាណ៥០០លានដុល្លារ និងដោយប្រយោល១.០០០ លានដុល្លារ ដើម្បីរួមចំណែកធ្វើឲ្យភូមិភាគឦសាន ដែលមានខេត្តមណ្ឌលគិរីជាស្នូល ជាប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីតំបន់រាជធានីភ្នំពេញ តំបន់ឆ្នេរ និងតំបន់សៀមរាបផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here