អ្នកអភិវឌ្ឍន៍លំនៅឋានបន្តសាងសង់គម្រោងរបស់ខ្លួនទោះបីជាមានការ រាលដាលពីកូវីដ១៩

0

ដោយៈវឌ្ឈ​នៈ

ភ្នំពេញៈ ទោះបីជាមានការរីករាលដាលនៃកូវីដ១៩យ៉ាងនេះក្ដី ក៏វិនិយោគិនក្នុងស្រុក នៅតែបន្តគម្រោងរបស់ខ្លួនដដែល ជាមួយនឹងក្ដីរំពឹងពីទីផ្សារដដែល ជាក់ស្ដែងអភិវឌ្ឍន៍លំនៅឋាន នៃក្រុមហ៊ុនបុរីវិមានភ្នំពេញ របស់អ្នកឧកញ៉ាលី ហួរ បានប្រកាសបើកការដ្ឋានសាងសង់គម្រោងទី ១២ជាមួយនឹងជំនឿជាក់លើទីផ្សារ។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានចូលរួមក្នុងពីធីបើកការដ្ឋានសាងសង់គម្រោងទី១២នៃបុរីវិមានភ្នំពេញ កាលពីថ្ងៃទី៣០ មិថុនា ២០២១នេះ បានឱ្យដឹងថា ការបើកការដ្ឋានសាងសង់របស់បុរីវិមានភ្នំពេញ នៅក្នុងអំឡុងពេលនៃការរីករាលដាលនៃកូវីដ១៩នេះ បានជួយផ្ដល់ឱកាសការងារដល់កម្មករសំណង់ជាច្រើន នៅក្នុងការដ្ឋាន ដែលអាចជួយសម្រាលបន្ទុកជីវភាពគ្រួសារ របស់ពួកគេមួយកម្រិតផងដែរ។

អ្នកឧកញ៉ាលី ហួរអគ្គនាយកក្រុមហ៊ុនលី ហួរគ្រុបក៏បានឱ្យដឹងផងដែរថា ការអភិវឌ្ឍលំនៅឋាន ដែលមានជាបុរីជាបន្តបន្ទាប់របស់បុរីវិមានភ្នំពេញ ក៏ដូចជាក្រុមហ៊ុនផ្សេងទៀត បានជួយកែប្រែតំបន់ដែលស្ងាត់ជ្រងំ តំបន់ដែលមិនមានមនុស្សរស់ ពីតំបន់វាលស្រែ ក្លាយជាតំបន់ដែលមានមនុស្សរស់នៅអ៊ូអរ មានសកម្មភាពអាជីវកម្ម និងធ្វើឱ្យតំបន់ជាយរាជធានីភ្នំពេញ កាន់តែខិតជិតកណ្ដាលរាជធានីភ្នំពេញ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា តភ្ជាប់ពីកណ្ដាលទីក្រុងទៅកាន់ជាយក្រុង ។

ក្រៅពីគម្រោងរបស់វិនិយោគិនរូបនេះ ក៏មានគម្រោងអភិវឌ្ឍន៍លំនៅឋានរបស់វិនិយោគិនផ្សេងទៀតជាប្រភេទបុរី នៅតំបន់ជាយៗរាជធានីភ្នំពេញ និងស្ទើរតែគ្រប់ផ្នែកនៃរាជធានីភ្នំពេញ។

ជាមួយគ្នានេះ លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកល បានលើកឡើងថា ទីផ្សារលំនៅឋាននៅកម្ពុជា ក្នុងបរិបទកូវីដ១៩នេះ ពិតជាមានផលប៉ះពាល់ តែផលប៉ះពាល់នៃទីផ្សារលំនៅឋាន ក៏មានភាពខុសៗគ្នា ទៅតាមតម្លៃនៃលំនៅឋានទាំងនោះ។

លោកបន្តថា “លំនៅឋានដែលមានតម្លៃក្រោម៥ម៉ឺនដុល្លារ មិនសូវជាប៉ះពាល់ទេ ហើយលំនៅឋានដែលមានតម្លៃកាន់តែខ្ពស់ ក៏មិនមានផលប៉ះពាល់ដែរ ដូចជាតម្លៃចាប់ពី២០ម៉ឺនដុល្លារឡើងទៅ ព្រោះលំនៅដ្ឋានប្រភេទនេះ គឺសម្រាប់អ្នកមានលុយគ្រប់គ្រាន់ទិញសម្រាប់ស្នាក់នៅ។

LEAVE A REPLY

Please enter your comment!
Please enter your name here