ដោយៈវឌ្ឈនៈ
ភ្នំពេញៈ ដើម្បីបង្កើនការគ្រប់គ្រងសំរាម និងសំណល់រឹងនៅក្នុងដែនរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសពីប្រតិបត្តិករ៣ ចាប់ផ្ដើមធ្វើការប្រមូលសំរាមនិងសំណល់រឹងចាប់ពីថ្ងៃទី១កក្កដា ២០២១នេះតទៅនៅតំបន់ចំនួន៣ នៃខណ្ឌទាំង១៤នៃក្រុងភ្នំពេញ ។ នេះបើតាមសេចក្ដីជូនដំនឹងរបស់សាលារាជធានីភ្នំពេញ នៅថ្ងៃទី៣០ មិថុនា ២០២១នេះ។
នៅក្នុងសេចក្ដីជូនដំនឹងដដែលនេះឱ្យដឹងថា ក្រុមហ៊ុនដែលទទួលបានសិទ្ធិប្រមូលសំរាម និងគ្រប់គ្រងសំណល់រឹងនៅភ្នំពេញ ចាប់ពីថ្ងៃទី១កក្កដា ២០២១នេះតទៅរួមមាន ទី១- ក្រុមហ៊ុន 800 Super/Global Action for Environment Awareness Public Limited នឹងត្រូវផ្តល់សេវា ក្នុងតំបន់ទី១ ដែលមាន៥ខណ្ឌគឺ ខណ្ឌទួលគោក ខណ្ឌឫស្សីកែវ ខណ្ឌសែនសុខ ខណ្ឌជ្រោយចង្វារនិង ខណ្ឌព្រែកព្នៅ ។
ទី ២. ក្រុមហ៊ុន Mizuda Group Co, Ltd នឹងត្រូវផ្តល់សេវាក្នុងតំបន់ទី២ ដែលមាន៥ខណ្ឌគឺ ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ។
ទី ៣ ក្រុមហ៊ុន CINTRI (Cambodia/Everbright (China) នឹងត្រូវផ្តល់សេវាក្នុងតំបន់ទី៣ដែលមាន៤ខណ្ឌគឺ ខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌមានជ័យនិងខណ្ឌច្បារអំពៅ ។
ក្នុងដំណាក់កាល អន្តរកាលនៃការផ្ទេរការផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាមសំណល់រឹងពីប្រតិបត្តិ ករចាស់ទៅប្រតិបត្តិករថ្មី គឺអាចនឹងមានភាពរអាក់រអួលខ្លះៗ នៃការផ្តល់សេវា ជាពិសេសនៅតំបន់ដែល ទទួលខុសត្រូវដោយប្រតិបត្តិករថ្មី ។
រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅ រាជធានីភ្នំពេញ មេត្តាវេចខ្ចប់ទុកដាក់និងបញ្ចេញសំរាម សំណល់រឹងរបស់ខ្លួន តាមការកំណត់ឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមថែរក្សាអនាម័យ និងបរិស្ថាននៅរាជធានីភ្នំពេញ ឱ្យបានស្អាតល្អជានិច្ច និងមេត្តាយោគយល់ ចំពោះភាពរអាក់រអួលនៃការចាប់ផ្តើមដំបូងនេះ៕