តើកម្ពុជាទទួលបានផលប្រយោជន៍អ្វីខ្លះពីគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវរបស់ចិន?

0

ដោយៈ ប៊ី

ភ្នំពេញៈ កម្ពុជាទទួលបានផលប្រយោជន៍ជាច្រើនពីគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវរបស់ចិន (One Belt One Road Initiative) ខណៈប្រទេសចិន គឺជាប្រភពនាំមុខគេសម្រាប់ទំហំវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា។

លោកបណ្ឌិតអ៊ុ សុជាតិសមាជិកមជ្ឈមណ្ឌលស្រាវជ្រាវហុងកុងដោយចីរភាព នៃសាកលវិទ្យាល័យទីក្រុងហុងកុង បានថ្លែងក្នុងកម្មវិធីមួយរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី កាលពីចុងខែមិថុនា កន្លងទៅថា ចំពោះប្រវត្តិគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ ដែលដំបូងគេហៅថា One Belt One Road Initiative ត្រូវបានលើកឡើងដោយលោកប្រធានាធិបតី ស៊ី ជីងពីង ក្នុងអំឡុងពេលទស្សកិច្ចរបស់លោកនៅប្រទេសKazakhstan កាលពីឆ្នាំ២០១៣។

លោកបានស្នើឲ្យមានការបង្កើតនូវគំរូកិច្ចសហប្រតិបត្តិការប្រចាំតំបន់ ដែលជាដំបូងគេស្គាល់ថា Silk Road Economic Belt។ មួយខែក្រោយមកលោកក៏បានធ្វើទស្សកិច្ចនៅប្រទេសឥណ្ឌូនេស៊ី លោកក៏បានប្រកាសជាថ្មីឲ្យមានការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ក៏ដូចជាការចាប់ផ្ដើមកសាងផ្លូវសូត្រសមុទ្រប្រចាំសតវត្សទី២១ ហើយនៅខែកញ្ញា ឆ្នាំ២០១៣ គម្រោងនេះត្រូវបានសរសេររៀបរៀង និងអនុម័តដោយគណៈមជ្ឈិមបក្សចិន ដោយចាត់ទុកគម្រោងនេះជាគោលនយោបាយអាទិភាពរបស់ប្រទេសចិន។

នៅខែមីនាឆ្នាំ២០១៥ គម្រោងនេះត្រូវបានទទួល និងអនុម័តដោយក្រុមប្រឹក្សារដ្ឋរបស់ចិនដោយដាក់ចេញជាផែនការលម្អិតលើគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ ដោយផ្ដោតជាសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម័្ពន្ធ។ ហើយកម្ពុជាបានចូលរួមក្នុងគម្រោងគំនិតផ្ដួចផ្ដើមនេះជាមួយនឹងប្រទេសក្រុមដំបូងគេ កាលពីឆ្នាំ២០១៤ កន្លងទៅនេះ។

លោកបណ្ឌិតអ៊ុ សុជាតិបានថ្លែងថា យើងបានដឹងស្រាប់ហើយថា ផលប្រយោជន៍ដែលកម្ពុជាទទួលបានពីគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវមានច្រើនណាស់។ បើពិនិត្យទៅលើផលធៀបទំហំវិនិយោគផ្ទាល់ពីបរទេស និង GDP របស់កម្ពុជា ដែលមានត្រឹមតែកម្រិត២,២% ក្នុងឆ្នាំ១៩៩០ វាបានកើនឡើងយ៉ាងឆាប់រហ័សរហូតដល់១២០% នៅពេលដែលកម្ពុជាចូលរួមក្នុងគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ នៅឆ្នាំ២០១៤ ហើយវាបានកើនខ្ពស់បំផុតប្រមាណ ១៣០% នៅឆ្នាំ២០១៩។

ចាប់ពីឆ្នាំពី២០១៦ ទៅប្រទេសចិនគឺជាប្រភពនាំមុខគេសម្រាប់ទំហំវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា។ ការវិនិយោគរបស់ចិនមាននៅគ្រប់វិស័យទាំងអស់ រួមមានគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ កំពង់ផែសមុទ្រ ព្រលានយន្តហោះ វារីអគ្គិសនី អចលនទ្រព្យ កសិកម្ម កសិឧស្សាហកម្ម គ្រឿងបង្គុំអគ្គិសនី រ៉ែ និងទេសចរណ៍។

មុនឆ្នាំ២០១៤ បើតាមរបាយការណ៍យុទ្ធសាស្ត្រសមាហរណកម្មរបស់ក្រសួងពាណិជ្ជកម្ម ចន្លោះពីឆ្នាំ២០០៥ ដល់២០១២ មានតិចតួចណាស់ ដែលចិនវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ តែក្រោយពីឆ្នាំ២០១៤ ចិនបានវិនិយោគរាប់សិបពាន់លានដុល្លារលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ រួមទាំងការវិនិយោគក្នុងវិស័យអចលនវត្ថុ ផងដែរ។

បើក្រឡេកមើល ការនាំចេញរបស់កម្ពុជាទៅប្រទេសចិនដែលមានតែត្រឹមតែ៣៥៧លានដុល្លារ ក្នុងឆ្នាំ២០១៤ ការនាំចេញរបស់កម្ពុជាបានកើនឡើងដល់ ១០៨៧ លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ២០២០ នេះ។ ពិនិត្យទៅមើលគម្រោងធំៗនៅក្នុងគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន យើងឃើញថានៅកម្ពុជាមានគម្រោងពីរធំៗ៖

ទី១ គឺគម្រោងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ គិតមកត្រឹមខែកញ្ញាឆ្នាំ២០២០ នៅតំបន់សេដ្ឋកិច្ចពិសេសដែលមានទំហំប្រមាណជា ១១គីឡូម៉ែត្រការ៉េ មានរោងចក្រសរុបទាំងអស់១៦០រោងចក្រ ហើយបានផ្ដល់ការងារដល់ប្រជាជនកម្ពុជាប្រមាណជា ៣ម៉ឺននាក់។

ការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលកន្លងមកផ្ដោតទៅលើតែវិស័យកាត់ដេរ ការផលិត កាបូប ផលិតផលស្បែកសត្វ ភេសជ្ជៈ កង់ ខ្សែសង្វាក់ផលិតកម្ម និងគ្រឿងបង្គុំអគ្គិសនី តាមរយៈការជួបសម្ភាសន៍ផ្ទាល់ជាមួយនឹងក្រុមហ៊ុន ក៏ដូចជាអ្នកគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស ដោយផ្អែកលើសក្ដានុពលជិតកំពង់ផែសមុទ្រទឹកជ្រៅជាប់តំបន់សេដ្ឋកិច្ចពិសេសនេះ តំបន់សេដ្ឋកិច្ចពិសេសនេះនឹងបន្តធ្វើពិពិធកម្មផលិតផលរបស់ខ្លួនថែមទៀត ដើម្បីផលិតបង្គុំ គ្រឿងម៉ាស៊ីនធុនធ្ងន់ សម្ភារៈសាងសង់ សម្ភារៈផ្ទះបាយ ផលិតផលទាញយកកាំរស្មីព្រះអាទិត្យ គ្រឿងបង្គុំរថយន្ត ក៏ដូចជាឧស្សាហកម្មគីមី។ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះមានការវិនិយោគក្រៅពីចិនគឺមានការវិនិយោគពីកម្ពុជាផ្ទាល់ សហរដ្ឋអាមេរិក និងបណ្ដាប្រទេសមួយចំនួននៅអាស៊ី។

ទី២គឺ គម្រោងផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ ដែលមានទឹកប្រាក់ប្រមាណជា១.៩ពាន់លានដុល្លារ ដែលកំពុងកសាងទៅដោយក្រុមហ៊ុនរដ្ឋចិនគឺ China Communication Construction Company និងក្រោមលក្ខខណ្ឌ BOT ដែលគេហៅថា Build Operate Transfer ជាមួយនឹងរដ្ឋាភិបាលកម្ពុជាដោយមានក្រុមហ៊ុន China’s Road and Bridge Cooperation ជាអ្នកប្រមូលសេវាប្រើប្រាស់ផ្លូវ។

ផ្លូវល្បឿនលឿននេះ គឺជាកម្លាំងចលកររុញច្រានសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនលឿនទៅមុខថែមទៀត ហើយក៏មានគម្រោងធំទៀតដូចជាព្រលានយន្តហោះសៀមរាបកសាងដោយក្រុមហ៊ុន Yunan Invest Holding ព្រលានយន្តហោះភ្នំពេញសហការសាងសង់ដោយក្រុមហ៊ុន Metallurgical Corporationរបស់ចិន និងមានផ្លូវជាតិជាច្រើនជាង៣០០០គីឡូម៉ែត្រដែលកសាងដោយក្រុមហ៊ុនចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here