ដោយៈគង់ ម៉ាលីន
ភ្នំពេញៈ អ្នកជំនាញអចលលនទ្រព្យលំដាប់អន្តរជាតិបានមើលឃើញថា ដីធ្លីស្ថិតនៅបណ្តាខេត្តចំនូន៧ នឹងហក់ឡើងលឿនជាងគេនៅពេលលឆាប់ៗខាងមុខនេះ ខណៈប្រជាពលរដ្ឋ កំពុងចាប់ផ្តើមរៀនរស់នៅជាមួយនឹងជំងឺកូវីដ។
នាយិកាក្រុមហ៊ុន Century21 Cambodia លោកស្រី Grace Rachny Fongបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីចុងសប្តាហ៍៍មុនថា តម្លៃអចលនទ្រព្យ និងសកម្មភាពនៃការអភិវឌ្ឍន៍លើគំរោងសំខាន់ៗជាច្រើន នឹងលេចឡើងនៅតាមបណ្តាខេត្តមមួយចំនួនរួមមាន ខេត្តកណ្តាល កំពត កែប កំពង់ស្ពឺ មណ្ឌលគិរី តាកែវ និងសៀមរាប។
លោកស្រីបន្តថា “បណ្តាខេត្តដែលបានលើកឡើងខាងលើនេះ មានសក្តានុពលផ្សេងៗគ្នា ពិសេសការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល គឺជាកំលាំងចលករស្នូល ដែលជំរុញវិស័យនេះឲ្យមានភាពរីកចម្រើនលឿន”។
លោកស្រី Grace Rachny Fong បានបន្តថា ដោយមើលឃើញសក្តានុពលទាំងនេះហើយ ទើបក្រុមហ៊ុន Century21 Zillion Holding បាននិងកំពុងពង្រីកសេវាកម្មរបស់ខ្លួន ដល់បណ្តាឃុំ សង្កាត់ទូទាំងប្រទេស ជាមួយនឹងបុគ្គលិករបស់យើងមានប្រព័ន្ឋការងារច្បាស់លាស់ មានការបណ្តុះបណ្តាលត្រឹមត្រូវ។
ជាមួយគ្នានេះ សហស្ថាបនិក និងជាអគ្គនាយកនៃគេហទំព័រ Propertyarea.asia និង Cambodiafinancialtimes.com លោកយិន លាងគង់បានមានប្រសាសន៍ឲ្យដឹងផងដែរថា នៅកម្ពុជាហេដ្ឋារចនាសម្ព័ន្ឋបានទាញ និងបង្កើតតម្លៃខាងផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំង ពិសេសវិស័យអចលនទ្រព្យ តែងតែទទួលបានផលប្រយោជន៍ ពីការកសាងហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល។
លោកបន្តថា “នៅពេលហេដ្ឋារចនាសម្ព័ន្ឋទៅដល់ទីណា តម្លៃដីធ្លីតែងតែហក់ឡើងនៅទីនោះ ហើយសកម្មភាពអភិវឌ្ឍតែងតែកើតមាន ដោយសារលំហូរប្រជាជនចូលទៅរស់នៅកើនឡើង”។
លោកបន្តថា បណ្តាខេត្តដែលបានលើកឡើងខាងលើ ពិតជាសមស្រប ដោយសារការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ការដាក់ចេញនូវគោលនយោបាយថ្មីៗរបស់ជាតិ និងការលើកកំពស់បរិយាកាសវិនិយោគកាន់តែប្រសើរឡើង”៕