ដោយៈ តារា
ភ្នំពេញៈ សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគថ្មី គ្រោងនឹងដាក់ជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ពិនិត្យ និងពិភាក្សា នៅថ្ងៃទី៩ ខែ កក្ដដា ខាងមុខនេះ ខណៈដែលតុលាការពាណិជ្ជកម្ម ក៏គ្រោងនឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ ដែលផ្នែកទាំងពីរនេះ គឺជាចលករយ៉ាងសំខាន់ក្នុងការឆក់ស្រូប នឹងផ្តល់ក្តីទំនុកចិត្តដល់វិនិយោគិន។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៥ មិថុនានេះថា ការតាក់តែងឡើងថ្មីនេះឡើង របស់រាជរដ្ឋាភិបាលដើម្បីធ្វើឲ្យមានភាពទាក់ទាញ និងប្រសើរជាងច្បាប់វិនិយោគចាស់ ដោយឈរលើមូល ដ្ឋានឯករាជ្យម្ចាស់ការ ស្ថានភាពជាក់ស្តែងរបស់វិនិយោគិន និងសេដ្ឋកិច្ចកម្ពុជា ដោយមានភាពបើកចំហ មានតម្លាភាព។
ជាពិសេសរសេចក្តីព្រាងច្បាប់ថ្មីនេះ បានផ្តល់ការលើកទឹកចិត្តឱ្យចំទិសដៅ នឹងជំរុញដល់ការអភិវឌ្ឍក្នុងវិស័យ និងសកម្មភាពវិនិយោគ និងមានតម្លៃបន្ថែមច្រើន ការប ង្កើតការងារ និងបណ្តុះបណ្តាលជំនាញ ការជំរុញការសិក្សាស្រាវជ្រាវ ការអភិវឌ្ឍ និងនវានុវត្តន៍ ការលើកស្ទួយពិពិធកម្មសហគ្រាសធុនតូច និងមធ្យម និងបង្កើនតំណភ្ជាប់កម្ពុជាទៅកាន់ខ្សែច្រវាក់ផលិតកម្ម ក៏ដូចជាខ្សែច្រវាក់តម្លៃនៅក្នុងតំបន់ និងលើសកលលោក។
លោកឧកញ៉ាលឹម ហេងបានបន្តឲ្យដឹងថា ច្បាប់វិនិយោគថ្មីនេះ ប្រសិនគ្មានការប្រែប្រួលនោះទេ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងដាក់ជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ពិនិត្យ និងពិភាក្សា នៅថ្ងៃទី៩ ខែ កក្ដដា ខាងមុខនេះ ដោយលោកលោកឧកញ៉ាសង្ឃឹមថា ច្បាប់វិនិយោគថ្មីនេះ នឹងដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ ខណៈដែលតុលាការពាណិជ្ជកម្ម ក៏គ្រោងនឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ ២០២២ ដែលផ្នែកទាំងពីរនេះ គឺជាចលករយ៉ាងសំខាន់ក្នុងការឆក់ស្រូប នឹងផ្តល់ក្តីទំនុកចិត្តដល់វិនិយោគិន៕