រដ្ឋាភិបាលចេញប្រកាសថ្មីតម្រូវឱ្យម្ចាស់គម្រោងសំណង់អគារគ្រប់ប្រភេទអនុវត្តតាមគោលការណ៍បរិស្ថាននិងសង្គម

0

ដោយៈ ប៊ី

ដោយៈ ក្រសួងបរិស្ថាន កាលពីម្សិលមិញ បានចេញប្រកាសស្តីពីនីតិវិធី និងការអនុវត្តន៍ការណែនាំសម្រាប់តារាងផ្ទៀងផ្ទាត់ ក្នុងការរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង លើគម្រោងសំណង់អគារគ្រប់ប្រភេទ។

ប្រកាសថ្មីនេះ ទាមទារឱ្យ ម្ចាស់គម្រោងអភិវឌ្ឍន៍៥ប្រភេទធំៗ អនុវត្តតាមការណែនាំស្ដីពីរបៀបវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ។

គម្រោងអភិវឌ្ឍន៍៥ប្រភេទធំៗ ដែលត្រូវអនុវត្តតាមការណែនាំស្ដីពីរបៀបវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម មានដូចជាៈ

ទី១ គម្រោងសំណង់អគារគ្រប់ប្រភេទ ដែលមានផ្ទៃក្រឡាចាប់ពី១៥០០០ម៉ែត្រការ៉េ ដល់៤៥,០០០ម៉ែត្រការ៉េ លើកលែងតែសំណង់អគារក្នុងវិស័យឧស្សាហកម្ម កសិកម្ម ទេសចរណ៍ សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធ ដែលកំណត់ដោយក្រសួងបរិស្ថាន។

ទី២ គម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ ដែលស្ថិតលើទំហំផ្ទៃដីលើសពី ១០ ហិកតា ដល់ ៥០ ហិកតា។
ទី៣ គម្រោងស្ថានីយប្រេងឥន្ទនៈ និងស្ថានីយរួមប្រេងឥន្ទនៈ និងឧស្ម័នឥន្ទនៈ ដែលមានចំណុះចាប់ពី៤០ ០០០លីត្រ ទៅ៩០០០០លីត្រ។

ទី៤ គម្រោងរោងចក្រធុនស្រាល និងមធ្យម និងទី៥ កសិដ្ឋានដែលចិញ្ចឹមសត្វពាហនៈ និងសត្វក្រពើ ចាប់ពី៥០០ ក្បាលឡើងទៅ ឬចិញ្ចឹមសត្វទា ចាប់ពី១០,០០០ ក្បាលឡើង។ វារីវប្បកម្មចិញ្ចឹមត្រី ក្តាម បង្កង គន្ធាយ និងបង្គា ដែលមានទំហំចាប់ពី១០ ហិកតាឡើងទៅ ឬដំាសារាយចាប់ពី២០ ហិកតាឡើងទៅ។

ក្រសួងបរិស្ថានបានឱ្យដឹងថា ប្រកាសនេះ មានគោលបំណងបង្កលក្ខណៈងាយស្រួលដល់ម្ចាស់គម្រោងក្នុងការរៀបចំរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង និងពន្លឿននីតិវិធីនៃការឯកភាពលើរបាយការណ៍វាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង លើគម្រោងសំណង់អគារគ្រប់ប្រភេទ។

ម្ចាស់គម្រោងអភិវឌ្ឍន៍ឯកជន និងសាធារណៈ ត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់ បរិស្ថាន និងសង្គមដំបូង ដោយខ្លួនឯងផ្ទាល់ និង/ឬជួលទីប្រឹក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ជា នីតិបុគ្គល/រូបវន្តបុគ្គល អនុលោមតាមគោលការណ៍ណែនាំសម្រាប់តារាងផ្ទៀងផ្ទាត់ ក្នុងការរៀបចំ របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង។

របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង លើគម្រោងសំណង់អគារគ្រប់ប្រភេទ តម្រូវឱ្យមានការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋដែលរងការប៉ះពាល់ និងអាជ្ញាធរភូមិ ឃុំ សង្កាត់ ពាក់ព័ន្ធ។ ក្នុងករណីចាំបាច់ ត្រូវមានការពិគ្រោះយោបល់ជាមួយរដ្ឋបាលក្រុង ស្រុក ខណ្ឌ រាជធានី ខេត្ត មន្ទីរជំនាញពាក់ព័ន្ធ និងកិច្ចប្រជុំអន្តរក្រសួង៕

LEAVE A REPLY

Please enter your comment!
Please enter your name here