ដោយៈវឌ្ឈនៈ
ភ្នំពេញៈ ផ្លូវជាតិសំខាន់ៗចំនួន៣ តភ្ជាប់ពីរាជធានីទៅកាន់បណ្ដាខេត្តកំពុងបង្ហាញពីភាពទាក់ទាញ ក្នុងការវិនិយោគលើវិស័យឧស្សាហកម្ម អចលនទ្រព្យ ខណៈផ្លូវជាតិផ្សេងទៀតក៏កំពុងទាក់ទាញទៅលើការអភិវឌ្ឍនៃវិស័យផ្សេងងផដែរ។
ផ្លូវជាតិលេខ២ លេខ៣ និងលេខ៤ ត្រូវបានចាត់ទុកជាផ្លូវជាតិ ដែលហុចសក្ដានុពលក្នុងការវិនិយោគលើវិស័យឧស្សាហកម្ម ក្នុងពេលនៅតាមបណ្ដោយផ្លូវជាតិទាំងនេះ គេឃើញមានបណ្ដុំរោងចក្រ សហគ្រាស និងឃ្លាំងតូចធំនៅអមសងខាង ដែលអាចបញ្ជាក់ពីការបណ្ដាក់ទុនជាបន្តបន្ទាប់ ទៅលើវិស័យឧស្សាហកម្ម ជាពិសេសរោងចក្រកាត់ដេរ ។
លោកប៉ូ អ៊ាវគង់នាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ Advance បានមានប្រសាសន៍ឱ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី៦ កក្កដានេះថា បើយើងក្រលេកទៅមើលតំបន់តាមបណ្ដោយផ្លូវជាតិលេខ២ លេខ៣និងលេខ៤ យើងឃើញបណ្ដុំរោងចក្រ និងឃ្លាំងស្តុកជាច្រើន។ លោកបន្តថា កត្តាដែលទាក់ទាញវិនិយោគិន ងាកទៅរកតំបន់ទាំងនេះ សម្រាប់វិនិយោគដោយសារតែផ្លូវជាតិលេខ២ លេខ៣និងលេខ៤ ជាផ្លូវដែលតភ្ជាប់ទៅកាន់កំពង់ផែទឹកជ្រៅ ខេត្តព្រះសីហនុ និងគម្រោងកំពង់ផែទឹកជ្រៅនៅខេត្តកំពតផងដែរ ។
លោកបន្តថា “ផ្លូវជាតិលេខ២ និងលេខ៣ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ជួសជុលនិងស្ថាបនាថ្មី ដែលធ្វើឱ្យសក្ដានុពលក្នុងការទាក់ទាញ វិនិយោគកាន់តែខ្ពស់ថែម ហើយវិនិយោគិន ក៏កាន់តែចាប់អារម្មណ៍ក្រោយពេលផ្លូវជាតិទាំងនេះ កំពុងសាងសង់ និងកាន់តែជិតរួចរាល់”។
ចំណែកលោកឌិត ចណ្ណាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឡាក់គី ក៏បានឱ្យផងដែរថា ទោះស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ ការវិនិយោគលើវិស័យឧស្សាហកម្មនៅតែមានជាបន្តបន្ទាប់ ដែលធ្វើឱ្យវិស័យឧស្សាហកម្ម នៅមានសារៈសំខាន់នៅក្នុងបរិបទកូវីដ១៩ ។
លោកបន្តថា “ជាការកត់សម្គាល់យើងឃើញថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគ លើវិស័យឧស្សាហកម្មជាច្រើន នៅក្នុងវិបត្តិកូវីដ១៩និងបានបង្កើតឱកាសការងារជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងនោះដែរតំបន់ប៉ែកខាងលិចត្រូវបានមើលឃើញថាទទួលបានគម្រោងវិនិយោគជាច្រើនផងដែរ៕