ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្រសួងការពារជាតិបានជ្រើសរើសយកខេត្តកោះកុង ជាតំបន់វិស្សមកាលរបស់ក្រសួង ដោយក្រសួងនឹងកាត់យកផ្ទៃដីទំហំ១១០២ហិកតា ជាតំបន់វិស្សមកាលរបស់ខ្លួន។
រដ្ឋបាលខេត្តកោះកុង បានយល់ព្រមផ្តល់ដី១១០២ហិកតា ដែលជាដីបម្រុងរបស់រដ្ឋបាលខេត្ត ឱ្យទៅក្រុមការងារក្រសួងការពារជាតិ សម្រាប់រៀបចំជាតំបន់អភិវឌ្ឍសម្តេចពិជ័យសេនា ទៀ បាញ់ និងតំបន់វិសមកាលក្រសួងការពារជាតិ។
សម្តេចទៀ បាញ់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ត្រូវបានស្រង់សម្តីក្នុងសារព័ត៌មានភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃ៦ ខែកកក្កដានេះថា តំបន់នេះនឹងត្រូវអភិវឌ្ឍឱ្យជឿនលឿន ដោយមានការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្របតាមបណ្ដោយមាត់សមុទ្រចាប់ពីតំបន់តារាសាគររហូតដល់ទីរួមខេត្ដកោះកុង។
យោងតាមលោក សុខទ្ធី អភិបាលរងខេត្តនិងជាអ្នកនាំពាក្យសាលាខេត្តកោះកុង ដីបម្រុងទំហំជាង១ពាន់ហិកតានេះ ស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង។
ទោះជាយ៉ាងណាព័ត៌មានលម្អិត នៃគម្រោងមានតម្លៃប៉ុន្មាន ហើយនឹងចាប់ផ្ដើមសាងសង់គំរោងយ៉ាងដូចម្តេច និងនៅពេលណាមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ៕