គម្រោងខុនដូចំនួន១៧រំពឹងថានឹងបញ្ចប់សាងសង់នៅក្នុងឆ្នាំ២០២១នេះ

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ គម្រោងសាងសង់ខុនដូចំនួន១៧គម្រោងរំពឹងទុកថា នឹងបញ្ចប់ ខណៈគម្រោងទាំង១៧ នឹងរួមចំណែកការក្នុងការផ្គត់ផ្គង់ចំនួន៧៩០៩យូនីត ទៅក្នុងទីផ្សារក្នុងរយៈពេលពេញមួយឆ្នាំ២០២១នេះ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១។

របាយការណ៍ដដែលបានឱ្យដឹងទៀតថា គម្រោងខុនដូចំនួន៥ ក្នុងចំណោម១៧គម្រោងបានបញ្ចប់នៅឆមាសទី១ ឆ្នាំ២០២១ ដោយគម្រោងទាំង៥នេះ បានចូលរួមចំណែកផ្គត់ផ្គង់១.២៧៣យូនីតទៅក្នុងទីផ្សារខុនដូ។

លោក James Hodge នាយកគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia បានថ្លែងថា កាលពីត្រីមាសទី១ដើមឆ្នាំននេះ ទីផ្សារអចលនទ្រព្យកម្ពុជាទទួលបានសញ្ញា វិជ្ជមានជាច្រើន មិនថាវិស័យខុនដូ ឬក៏វិស័យអចលនទ្រព្យផ្សេងៗទៀតនោះទេ ប៉ុន្តែនៅក្នុងត្រីមាសទីមួយ ឬបន្ទាប់ពីព្រឹត្តិការណ៍ម២០ កុម្ភៈ បានបង្កឲ្យមានភាពមិនប្រាកដប្រជាដល់ក្នុងវិស័យអចលនទ្រព្យ។

លោកបានបន្តថា ជាមួយគ្នានេះដែរ ការបិទខ្ទប់នៅក្នុងតំបន់រាជធានីភ្នំពេញ និងខេត្តកណ្តាល ក៏បង្កឲ្យមានភាពមិនច្បាស់លាស់ ដល់វិស័យអចលនទ្រព្យផងដែរ។ លោកបានបន្តថា វិបត្តិកូវីដ១៩នេះ បានធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍទៅលើវិស័យ​សំ​ណង់ ដែលបង្កឲ្យមានការពន្យារពេលលើគម្រោងមួយចំនួនផងដែរ។

លោកបានថ្លែងថា “វិស័យអចលនទ្រព្យ ក៏នៅតែមានភាពមិនប្រាកដប្រជា ដោយ​សារជំងឺក៏កាចសាហាវនេះ មានការបម្លែងខ្លួនថ្មី ដែលវាអាចជាកត្តាលំបាកមួយ ក្នុងការគ្រប់គ្រងផងដែរ”។

ប៉ុន្តែលោកនៅរំពឹងទុកថា នៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ អ្វីៗនឹងមានភាពល្អប្រសើរឡើងវិញ នៅពេលដែលយើងចាប់ផើ្តមរស់នៅ និងធ្វើការអាជីវកម្មតាមគន្លង ថ្មីៗ ដែលពិភពលោកបាននិងកំពុងចាប់ផ្តើមអនុវត្តន៍។
គិតចាប់ពីខែមករា ដល់ដំណាច់ខែឧសភា ឆ្នាំ២០២១ កម្ពុជាបានអនុញ្ញាតឱ្យគម្រោងសាងសង់ សរុបចំនួន១.៨២៣គម្រោង ធ្វើការសាងសង់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ មានការធ្លាក់ចុះប្រមាណ២៧៨គម្រោង។ នេះបើតាមរបាយការណ៍និន្នាការសេដ្ឋកិច្ចសង្គម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញផ្សាយនៅដើមខែកក្កដា ២០២១នេះ។

នៅក្នុងរបាយការណ៍ដដែលនេះបានបង្ហាញថា នៅក្នុងចំណោមគម្រោង ដែលអនុញ្ញាត ឱ្យសាងសង់ជាង១៨០០គម្រោងនោះ មានគម្រោងសំណង់លំនៅឋានចំនួន១.៦០៧គម្រោង ស្មើនឹងប្រមាណ ៨៧,៩ភាគរយ នៃសំណើសុំសាងសង់សរុប ធ្លាក់ចុះចំនួន១៣៩គម្រោង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

គម្រោងលំនៅឋាន ដែលត្រូវបានអនុញ្ញាតសាងសង់ គិតជាទឹកប្រាក់មានប្រមាណ២.៣៤៩លានដុល្លារអាមេរិកធ្លាក់ចុះ៣២,៦ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here