អាគារការិយាល័យនៅភ្នំពេញចំនួន៦បានបញ្ចប់ការសាងសង់នៅឆមាសទី១ឆ្នាំនេះ

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ ទីផ្សារការិយាល័យនៅភ្នំពេញទទួលបានការផ្គត់ផ្គង់បន្ថែមទំហំ៦៤.៣៥៨ម៉ែត្រការ៉េនៅក្នុងឆមាសទី១ ឆ្នាំ២០២១នេះ បន្ទាប់អាគារការិយាល័យថ្មីធំៗចំនួន៦បានបញ្ចប់ការសាងសង់នៅក្នុងឆមាសទី១នេះ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១។

របាយការណ៍បានឱ្យដឹងទៀតថា ទីផ្សារការិយាល័យនៅភ្នំពេញ ក៏រំពឹងថានឹងទទួលបានការផ្គត់ផ្គង់បន្ថែមទំហំ៥២.៦៥៩ម៉ែត្រការ៉េនៅឆមាសទី២ ឆ្នាំ២០២១នេះ។

ជាមួយគ្នានេះដែរ តម្លៃជួលការិយាល័យនៅតំបន់កណ្តាលក្រុង អាចរកជួលជាមធ្យមចាប់ពី២៣.៣៣ដុល្លារក្នុងម៉ែត្រការ៉េ ខណៈការិយាល័យបែប Strata Title អាចរកទិញបានក្នុងតម្លៃប្រមាណ៣.១០០ដុល្លារមួយម៉ែត្រការ៉េ។

លោក James Hodge អគ្គនាយកក្រុមហ៊ុន CBRE Cambodia បានថ្លែងប្រាប់ថា នៅឆ្នាំ ២០២២ នៅតែមានហានិភ័យមួយចំនួន ដែលយើងត្រូវប្រឈម ដូចការផ្គត់ផ្គង់លើតម្រូវការ ក្នុងវិស័យការិយាល័យ ទីផ្សារលក់រាយ និងខុនដូផងដែរ។

លោកបានឱ្យដឹងទៀតថា ប៉ុន្តែយើងរំពឹងទុកថា វិស័យអចលនទ្រព្យនឹងងើបឡើងវិញ ប៉ុន្តែក្នុងល្បឿនមួយយឺតៗ ហើយការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធពិតជាជំរុញ និងលើកទឹកចិត្តដល់ការវិនិយោគក្នុងវិស័យអចលនទ្រព្យនៅឆ្នាំក្រោយ។

លោកបានថ្លែងបន្តថា ទោះបីជួបឧបសគ្គមួយចំនួននៅក្នុង២០២១ ដែលបង្កឡើងដោយជំងឺកូវីដ១៩ ក៏ដោយ ក៏វិស័យអចលនទ្រព្យនៅកម្ពុជានាឆ្នាំក្រោយ នឹងអាចងើបឡើងវិញ ដោយសារការដាក់ចេញការយុទ្ធនាការដាក់ជូនពលរដ្ឋ និងព្រមទាំងការងើបឡើងវិញនៃសេដ្ឋកិច្ចនៅជុំវិញពិភពលោក។

លោកបានឱ្យដឹងទៀតថា “ក្នុងឆ្នាំ២០២២ គ្រប់យ៉ាងនឹងមានភាពប្រសើរឡើងវិញ ប៉ុន្តែយើងមិនទាន់អាចនិយាយថា បានផុតរួចផុតពីវិបត្តិកូវីដ១៩នៅឡើយ ដោយសារជំងឺនេះមានការបម្លែងខ្លួនថ្មីៗ ដែលយើងពិបាកនឹងរំពឹងទុក ហើយវាក៏នឹងអាចមានវិធានការថ្មីៗ ដែលនឹងត្រូវបានដាក់ចេញ ដើម្បីទប់ស្កាត់ជំងឺក៏កាចសាហាវនេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here