អ្នកជំនាញៈបើមិនច្បាស់លាស់ ម៉ត់ចត់ កុំធ្វើជាភ្នាក់ងារអចលនទ្រព្យ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ការក្លាយខ្លួនជាភ្នាក់ងារអចលនទ្រព្យ មិនមែនជារឿងពិបាកឡើយ តែការទទួលបានផលប្រយោជន៍ និងជោគជ័យក្នុងអាជីពនេះ មិនមែនជារឿងងាយៗឡើយ ហេតុនេះទើបអ្នកជំនាញព្រមានថា “បើមិនច្បាស់លាស់ មិនម៉ត់ចត់ កុំធ្វើជាភ្នាក់ងារអីនាំតែខាតពេល។

ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានមានប្រសាសន៍ឲ្យ​ដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៧ កក្កដាកន្លងមកថា ភាពជាភ្នាក់ងារអចលនទ្រព្យ ពិតជាមានភាពស័ក្តិសមសម្រាប់អ្នកមានជំនាញ ចំណេះដឹងទូលំទូលាយ ពិសេសមានភាពម៉ត់ចត់ និងច្បាស់លាស់ក្នុងការងារ ព្រោះបើយើងធ្វើការដោយគ្មានចំណុចនេះទេ អ្នកនឹងពិបាកកសាងទំនុកចិត្តណាស់។

លោកបន្តថា “ក្នុងវិស័យនេះទំនុកចិត្តមានសារៈសំខាន់ណាស់ ប៉ុន្តែក្នុងវិស័យនេះក៏មានការបោកប្រាស់គ្នាដ៏អាក្រក់ផងដែរ ព្រោះតែផលប្រយោជន៍ ហេតុនេះអ្នកប្រឡូកក្នុងវិស័យនេះ ត្រូវតែប្រើប្រាស់លិខិតស្នាមជាចាំបាច់ ក្នុងការធ្វើជាតំណាងភ្នាក់ងារលក់អចលនទ្រព្យណាមួយ ឬទិញអចលនទ្រព្យឲ្យអ្នកណាម្នាក់ ដើម្បីទទួលបានកម្រៃជើងសារ”។

លោកបន្តថា “វិធីសាស្រ្តនៃការបោះសន្ទូចរំលងភ្នំ ជាវិធីសាស្រ្តដែលមានប្រើប្រា​ស់ច្រើនជាងគេក្នុងវិស័យនេះ ដែលភ្នាក់ងារអចលនទ្រព្យមួយចំនួន បានបោះបង់អាជីពនេះ ព្រោះហត់នឿយ ឬនឿយណាយ”។

លោកយិន លាងគង់បានបន្តថា យ៉ាងណាក៏មានម្ចាស់អចលនទ្រព្យល្អ ឬអ្នកលក់ល្អផងដែរ ប៉ុន្តែការមិនមានភាពច្បាស់លាស់ក្នុងការងារ នឹងធ្វើឲ្យអ្នកបរាជ័យច្រើនជាង ជោគជ័យ ហេតុនេះការភពប្រសព្វនឹងភាពជោគជ័យ មិនមែនជរឿងងាយស្រួល ប៉ុន្តែក៏មិនពិបាករហូតដល់អ្នកធ្វើមិនបាននោះដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here