ដោយ សុខុម
ប៉េកាំង: ប្រទេសចិន ដែលមានស្ទើរតែពាក់កណ្តាល នៃអគារខ្ពស់បំផុតទាំង១០០ក្នុងពិភពលោក បានចេញបំរាមលែងឱ្យសាងសង់អគារ ដែលខ្ពស់ជាង៥០០ម៉ែត្រតទៅទៀតហើយ។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃទី៧ កក្កដា។
ការចេញបម្រាមដ៏គួរឱ្យភ្ញាក់ផ្អើលនេះធ្វើឡើង ស្របពេលមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់អគារ និងការផ្គត់ផ្គង់អគារការិយាល័យច្រើនលើសលប់ខ្លាំងពេក បើធៀបនឹងតម្រូវការជាក់ស្ដែងក្នុងទីផ្សារ។
អគារថ្មីៗដែលខ្ពស់លើសពី៥០០ម៉ែត្រ នឹងមិនត្រូវបានអនុញ្ញាតឱ្យសាងសង់ទៀតឡើយ ខណៈអគារដែលខ្ពស់លើសពី២៥០ម៉ែត្រត្រូវបានរឹងបន្តឹង ហើយអគារដែលខ្ពស់លើសពី១០០ម៉ែត្រ ត្រូវតែមានលក្ខណៈស័ក្ដិសមទៅនឹងទំហំ និងសមត្ថភាពស ង្គ្រោះ ពេលមានអគ្គិភ័យកើតឡើងនៅទីតាំងរបស់ខ្លួន។ នេះបើយោងតាមសារាចរណ៍ណែនាំមួយ ចេញដោយគណៈកម្មការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ (NDRC) ដែលជាស្ថាប័នធ្វើផែនការកំពូលរបស់ប្រទេសនេះ។
តាមការសង្កេតឃើញថា ការចេញសារាចរណ៍ណែនាំនេះ កើតមានឡើង២ក្រោយពីអគារ SEG Plaza កម្ពស់៧២ជាន់នៅក្រុងស៊ឹនជិន (Shenzhen) ប្រទេសនេះនៅសុខៗ ស្រាប់តែរញ្ជួយយ៉ាងចម្លែកដោយគ្មានការបកស្រាយត្រឹមត្រូវ។
វិស័យសំណង់ក្នុងប្រទេសចិន មានសន្ទុះរីកចម្រើនយ៉ាងឆាប់រហ័ស ដោយ៥ក្នុងចំណោមអគារខ្ពស់បំផុតទាំង១០របស់ពិភពលោក សុទ្ធតែស្ថិតនៅក្នុងប្រទេសនេះ និងសុទ្ធតែសាងសង់បញ្ចប់ជាស្ថាពរ ក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ។
ទោះជាយ៉ាងណា ការកំណត់កម្ពស់អគារ ដែលទទួលបានការអនុញ្ញាតឱ្យសាងសង់នេះ ប្រហែលជាមិនជះផលប៉ះពាល់ខ្លាំង មកលើទីផ្សារអចលនទ្រព្យប្រភេទអាជីវកម្មឡើយ ព្រោះអគារដែលពេញនិយមភាគច្រើន មានកម្ពស់ចន្លោះពី១៨០ម៉ែត្រទៅ២០០ម៉ែត្រ។ នេះបើលោក Martin Wong នាយកផ្នែកស្រាវជ្រាវនៃក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Knight Frank។
អ្នកជំនាញរូបនេះគូសបញ្ជាក់ថា “ក្រុមហ៊ុននានាស្វែងរកទីតាំងល្អ គុណភាព និងថាតើអគាររបស់ពួកគេសន្សំសំចៃអគ្គិសនី និងមាននិរន្តរភាពដែរឬទេ គឺមិនមែនផ្ដោតតែទៅលើកម្ពស់ឡើយ”។ លោកបានបន្ថែមថា “បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍នៅចិនដីគោក បានចាប់ផ្តើមផ្លាស់ប្តូរយុទ្ធសាស្ត្រ និងផ្នត់គំនិតរបស់ខ្លួន ដើម្បីនិរន្តរភាពតាំងពីប្រហែល៥ឆ្នាំមុនម៉្លេះ”។
ក្រុងប៉េកាំង ក្រុងសៀងហៃ ក្រុងគ័វចូវ (Guangzhou) និងក្រុងស៊ឹនជិន ដែលសុទ្ធតែមានអគារខ្ពស់បំផុតម្នាក់មួយ ក្នុងចំណោមអគារខ្ពស់បំផុតទាំង១០របស់ពិភពលោកក៏មានទីធ្លា (Space) ទំនេរសម្រាប់ដាក់ជួលខ្ពស់បំផុត នៅក្នុងប្រទេសចិនផងដែរ។ ផ្ទៃសរុបនៃធ្លាអគារទំនេរ សម្រាប់ដាក់ជួលក្នុងទីក្រុងទាំងនេះ មានចំនួនច្រើនលើសលប់រហូតដល់ទៅ៧,៩លានម៉ែត្រការ៉េ ក្នុងត្រីមាសទី២ ឆ្នាំ២០២១នេះ ដែលស្មើនឹងផ្ទៃអគារមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ International Commerce Centre (ICC) ដែលជាអគារខ្ពស់បំផុតនៅហុងកុងដល់ទៅ២៩ដង៕